មេនឆេស្ទ័រ៖ លោក Pep Guardiola (Pep) ​និយាយ​ថា របួស​របស់ Fernandinho ​ចុង​ម៉ោង​ក្នុង​ប្រកួត ដែល​​ក្រុម Manchester City (City) វាយ​បក​​ឈ្នះ​ក្រុម Porto ៣-១ សម្រាប់​ការ​​ចាប់​ផ្ដើម​យុទ្ធនាការ Champions League នឹង​ក្លាយ​ជា​ដំណឹង​អាក្រក់​មួយ ដោយសារ​ក្រុម​ត្រូវ​ឆ្លង​កាត់​​កាល​វិភាគ​ប្រកួត​ញឹក​ស្អេក។​​​​

ក្រុម City ប្រឈម​​នឹង​ចំនួន​ប្រកួត ១៧ ​លើក ក្នុង​ឆ្នាំ ​២០២០ ដោយ​ក្នុង​នោះ ៦​ ប្រកួត ក្នុង​វគ្គ​ចែក​ពូល នៅ Champions League ដែល​ប្រើ​ពេល ៧ ​សប្ដាហ៍ ខណៈ​កូន​ក្រុម​របស់​លោក​ Pep ​ព្យាយាម​ចាប់​ផ្ដើម​​រដូវកាល​ថ្មី​ជាមួយ​បញ្ហា​ជា​ច្រើន​ ដូច​ជា​ការ​​មាន​ពេល​វេលា​ត្រៀម​ខ្លួន​មិន​គ្រប់គ្រាន់​ការ​ឆ្លង​វីរុស​កូរ៉ូណា និង​កីឡាករ​របួស​ច្រើន​។

យប់​ថ្ងៃ​ពុធ​នោះ ក្រុម City អត់​មាន​វត្តមាន​របស់ Kevin De Bruyne ឡើយ ដោយសារ​​របួស តែ​​អាច​វាយ​បក​ដណ្ដើម​បាន​ជ័យជម្នះ​ដំបូង​របស់​ខ្លួន​នៅ Champions League នេះ ក្រោយ​ត្រូវ​ក្រុម​ភ្ញៀវ​ Porto នាំ​មុខ​ ដោយការ​ស៊ុត​យ៉ាង​ស្អាត​ពី​​ខ្សែ​ប្រយុទ្ធ​ Luis Diaz​។

ខ្សែ​ប្រយុទ្ធ​ Sergio Aguero ជួយ​ម្ចាស់​ផ្ទះ​តាម​ស្មើ​វិញ មុន​ចប់​វគ្គ​ទី១ ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ ហើយ​ចូល​ដល់​វគ្គ​ទី ២ Ilkay Gundogan ទម្លុះ​សំណាញ់​ទី ដោយការ​ទាត់​​ហ្វ្រ៊ីឃីក​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឱ្យ​ក្រុម​នាំ​មុខ​វិញ​ម្ដង មុន​នឹង​កីឡាករ​ចំណូល​ថ្មី Ferran Torres បន្ថែម​គ្រាប់​ជ័យ​ជម្នះ​ចុង​ក្រោយ រុញ​ក្រុម City ឱ្យ​ឈរ​នៅ​ទី​កំពូល​ក្នុង​ពូល C​។

លោក​ Pep ​ថ្លែង​ថា​៖ «​វា​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​សម្រាប់​ពួក​យើង​។ យើង​ដឹង​ថា កា​រប្រកួត​នៅ​ផ្ទះ ចាំបាច់​ត្រូវ​ឈ្នះ​ឱ្យ​បាន​។ សម្រាប់​ Fernandinho គឺ​ជា​ដំណឹង​អាក្រក់​។ គេ​មាន​បញ្ហា​សាច់​ដុំ ដូច្នេះ គេ​អាច​នឹង​មាន​របួស​ធ្ងន់​។ អំឡុង​ពេល​នេះ យើង​ត្រូវ​ការ​គ្រប់​គ្នា ​ជាមួយ​នឹង​កាល​វិភាគ​នេះ តែ​វា​កើត​ឡើង​នូវ​បញ្ហា​ ដែល​យើង​មិន​ចង់​ជួប​»​។

លោក Pep បាន​សារភាព កាល​ពី​ថ្ងៃ​អង្គារ​ថា នៅ​តែ​មាន​អារម្មណ៍​ខុស​ ក្នុង​ការ​ដាក់​កីឡាករ​ និង​ទម្រង់​ថ្មី ដែល​នាំ​ឱ្យ​ក្រុម City ធ្លាក់​​ពី​ Champions League ក្នុង​វគ្គ ៨ ក្រុម​ ក្នុង​ខែ​សីហា ដោយសារ​ក្រុម Lyon​។

បុរស​វ័យ ៤៩ ​ឆ្នាំ ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​ក្រុម​ ហេតុ​ដូច្នេះ នេះ​ជា​លទ្ធភាព​ចុង​ក្រោយ​របស់​គាត់ ក្នុង​ការ​ជួយ​ដណ្ដើម​ពាន​ដ៏​មាន​តម្លៃ ដែល​ក្រុម​នៅ​​ Premier League​ ចង់​បាន​បំផុត តាំង​ពី​នាំ​យក​គាត់​មក​កាន់​ក្រុម​ក្នុង​ឆ្នាំ​ ២០១៦​៕ AFP/VN