ប៉ារីស៖ កីឡាករ​​សញ្ជាតិ​អង់គ្លេស Lewis Hamilton បាន​ព្យាយាម​ទប់​ទឹក​ភ្នែក​របស់​ខ្លួន ពេល​ដែល​អាច​ឈ្នះ​ជើងឯក​ពិភព​លោក​ផ្នែក​កីឡា​ប្រណាំង​រថយន្ត Formula One ស្មើ​នឹង​កំណត់ត្រា​ចំនួន​ ៧ ដង របស់​អតីត​កីឡាករ Michael Schumacher កាល​ពី​ថ្ងៃ​អាទិត្យ ដែល​​បាន​ធ្វើ​ឱ្យ​រូប​គេ​ក្លាយ​ជា​អ្នក​ប្រណាំង​អាជីព​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡា​នេះ​។

កីឡាករ​ដែល​ជា​សន្លឹក​អាត់​របស់​ក្រុម Mercedes រូប​នេះ បាន​បង្ហាញ​ពី​ជំនាញ​ដ៏​ប៉ិន​ប្រសប់​សម្រាប់​ការ​ប្រណាំង​ក្នុង​ស្ថានភាព​សើម ហើយ​រអិល​រហូត​អាច​ដណ្ដើម​បាន​នូវ​ជ័យជម្នះ​លើក​ទី៩៤ នៅ​ឯ​ទីលាន​ប្រណាំង​កម្មវិធី Turkish Grand Prix ហើយ​បាន​ធានា​ឱ្យ​គេ​នូវ​ជើងឯក​ពិភព​លោក​រដូវកាល​នេះ ទាំង​ដែល​ការ​ប្រណាំង​នៅ​សល់ ៣ ដំណាក់​កាល​ទៀត​។​​

មាន​តែ​ Schumacher ទេ ដែល​ឈ្នះ​ជើងឯក​ពិភព​លោក ៧ ​ដង​នេះ ពោល​គឺ​ជា​តួលេខ​ដែល​ធ្លាប់​ត្រូវ​គេ​គិត​ថា ទំនង​ជា​មិន​មាន​អ្នក​ណា​ធ្វើ​បាន​ស្មើ​ឡើយ តែ​គ្រប់​កំណត់ត្រា​ខ្ពស់​បំផុត​របស់​អតីត​អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ ត្រូវ​បាន​​ផ្ទេរ​ឱ្យ​ Hamilton ហើយ​។

ជាមួយ​គ្នា​នេះ កំណត់ត្រា​ដែល Hamilton ធ្វើ​បាន​មាន​ដូច​ជា​ឈ្នះ​ការ​ប្រណាំង​ច្រើន​ជាង​គេ ដណ្ដើម​ទីតាំង​ចេញ​ដំណើរ​ច្រើន​ជាង​គេ និង​បញ្ចប់​ការ​ប្រណាំង​ដោយ​ការ​បាន​ឡើង​ទៅ​ឈរ​លើ​វេទិកា​ជយលាភី​បាន​ច្រើន​ជាង​គេ​។

ការ​ប្រណាំង​ដំណាក់​កាល​ទី​ ១៤ នៅ​ប្រទេស​តួកគី​ ដែល​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ (គ្មាន​ទស្សនិកជន) នេះ Hamilton ​បាន​បញ្ជា​យានយន្ត​របស់​ខ្លួន​ឱ្យ​ទៅ​ដល់​ទី​ព្រ័ត្រ​មុន​កីឡាករ​ដទៃៗ​ទៀត​ជាមួយ​នឹង​ថិរវេលា ១:៤២:១៩.៣១៣ ម៉ោង ពោល​គឺ​មុន​កីឡាករ​ម៉ិកស៊ិក Sergio Perez របស់​ក្រុម Racing Point-BWT Mercedes ចំនួន ៣១.៦៦៣ វិនាទី​ និង​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ចំនួន ៣១.៩៦០ វិនាទី។

«​អរគុណ​ច្រើន​ទាំង​អស់​គ្នា​។ នេះ​គឺ​សម្រាប់​ក្មេង​ៗ​ទាំង​អស់ នៅ​កន្លែង​ដទៃ ដែល​គិត​ថា​វា​មិន​អាច​ទៅ​រួច​។ អ្នក​អាច​ធ្វើ​វា​បាន​ដូច​គ្នា។ ខ្ញុំ​ជឿន​លើ​អ្នក​ទាំង​អស់​គ្នា​»​។ នេះ​ជា​អ្វី​ដែល Hamilton បាន​ស្រែក​តាម​វិទ្យុ​ ក្រោយ​កាន់​​ទង់​តំណាង​កីឡា​ប្រណាំង​រថយន្ត​នេះ​។

កីឡាករ​រូប​នេះ ​បន្ត​​ថា​៖ «​៧ ​ដង គ្រាន់​តែ​ជា​រឿង​នឹក​ស្មាន​​មិន​ដល់ តែ​នៅ​ពេល​អ្នក​បាន​ធ្វើ​ការងារ​ជាមួយ​ក្រុម​មនុស្ស​ដ៏​អស្ចារ្យ​បែប​នេះ ហើយ​អ្នក​ពិត​ជា​មាន​ជំនឿ​ជាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ​វា​គ្មាន​អ្វី​ដែល​យើង​មិន​អាច​​សម្រេច​ជាមួយ​គ្នា​បាន​នោះ​ឡើយ​។ ខ្ញុំ​មាន​អារម្មណ៍ ដូច​ទើប​តែ​ចាប់​ផ្ដើម​ដំបូង​អ៊ីចឹង​»​។

ក្នុង​តារាង​ពិន្ទុ​សរុប​ក្រោយ​ការ​ប្រណាំង​បញ្ចប់​បាន ១៤​ ដំណាក់កាល Hamilton មាន​ពិន្ទុ​រួម ៣០៧ ​ពិន្ទុ នៅ​លេខ ១ ខណៈ​មិត្ត​រួម​ក្រុម​របស់​ខ្លួន Valtteri Bottas នៅ​លេខ ២ មាន ១៩៧ ពិន្ទុ ហើយ​អ្នក​លេខ ៣ Max Verstappen របស់​ក្រុម​ Red Bull មាន​ ១៧០ ​ពិន្ទុ​៕ AFP/VN ​​