ក្រុងអូស្ទីន: Lewis Hamilton កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបង្កើតប្រវត្តិសាស្ត្រនៅសប្តាហ៍នេះ ខណៈរូបគេត្រូវតែផ្តួលកីឡាករ Sebastian Vettel ត្រឹមតែ ៨ ពិន្ទុប៉ុណ្ណោះ ក្នុងការប្រណាំង United States Grand Prix ដើម្បីក្លាយជាម្ចាស់ជើងឯកទី ៣ ក្នុងការឈ្នះពានកីឡាប្រណាំងរថយន្ត Formula One ពិភពលោក ៥ លើក។
ប្រសិនបើរូបគេធ្វើបាន កីឡាករសញ្ជាតិអង់គ្លេសវ័យ ៣៣ ឆ្នាំរូបនេះ នឹងចូលរួមជាមួយនឹង Juan Manuel Fangio ម្ចាស់ជើងឯកក្នុងឆ្នាំ ១៩៥១, ១៩៥៤, ១៩៥៥, ១៩៥៦ និងឆ្នាំ ១៩៥៧ និង Michael Schumacher ម្ចាស់ជើងឯកក្នុងឆ្នាំ ១៩៩៤ និង១៩៩៥ ដែលបានបន្ថែមពានពិភពលោក ៥ លើកទៀតសម្រាប់ក្រុម Ferrari ចាប់ពីឆ្នាំ ២០០០ ដល់ ២០០៤ ក្នុងបញ្ជីឈ្មោះកីឡាករឈ្នះពានច្រើនជាងគេបំផុត។
ក្រោយពីការឈ្នះ ៥ លើកក្នុងចំណោមការប្រណាំង ៦ លើកចុងក្រោយលើទឹកដីអាមេរិក ដែលត្រូវបានរៀបចំឡើងលើទីលាន Circuit of the Am-ericas ក្នុងទីក្រុង Austin រដ្ឋតិចសាស Hamilton គឺជាបេក្ខភាពឈានមុខគេក្នុងការឈ្នះម្តងទៀត និងបញ្ចប់ការប្រជែងដណ្តើមពាន ប៉ុន្តែ រូបគេកំពុងតែធ្វើខ្លួនគេឲ្យចេញឆ្ងាយពី ការព្យាករនោះ។
ផ្ទុយទៅវិញ បើទោះបីនាំមុខរហូតដល់ទៅ ៦៧ ពិន្ទុដាច់ ក្រោយពីដណ្តើមបានជ័យជម្នះ ៦ លើកក្នុងចំណោមការប្រណាំង ៧ លើកចុងក្រោយ ក្នុងនោះរាប់បញ្ចូលទាំងការឈ្នះ ៤ លើកចុងក្រោយជាប់ៗគ្នាផងដែរក៏ដោយ ប៉ុន្តែកីឡាករនៃ ក្រុម Mercedes រូបនេះ មិនបានបង្ហាញពីសញ្ញានៃការជឿជាក់លើខ្លួនឯងជ្រុលហួសហេតុពេកឡើយ។
កីឡាកររូបនេះបានឲ្យដឹងថា៖ «ផ្នែកនោះគឺងាយស្រួលសម្រាប់ខ្ញុំ ពីព្រោះខ្ញុំពិតជាមានភាពតឹងរ៉ឹងចំពោះការមិនជឿជាក់លើខ្លួនឯងខ្លាំងពេក ជាមួយនឹងទីតាំងរបស់យើង ហើយវានៅតែមាន ១០០ ពិន្ទុទៀតដែលត្រូវផ្តល់ជូន។ ខ្ញុំដឹងថា យើងនៅតែត្រូវបន្តធ្វើការងារដែលយើងកំពុងធ្វើពេលនេះ រហូតដល់ដំណាក់កាលចុងក្រោយ»។
Hamilton បានបន្ថែមទៀតថា៖ «នោះគឺជាគោលបំណង ដោយដឹងថា បទពិសោធកាលពីមុន ដែលពិតជាអាចកើតឡើង។ ខ្ញុំនឹងផ្តោតលើការស្រោចស្រង់ផ្សេងៗដែលខ្ញុំចង់ផ្តោតលើការផលិតរថយន្តសម្រាប់ឆ្នាំក្រោយ ប៉ុន្តែ យើងក៏បន្តចម្លងយកពីរថយន្តនេះផងដែរ ព្រោះវានៅមានចំណុចជាច្រើនដែលយើងអាចធ្វើឲ្យល្អប្រសើរ»។
ក្រោយពីភ្លក្សរសជាតិនៃការបរាជ័យក្នុងការប្រជែងពានកាលពីមុន Hamilton អាចយកបទពិសោធដ៏ជូរចត់នោះដើម្បីសម្រេចគោលបំណងរបស់គេ។ ការប្រណាំងនឹងចាប់ផ្តើមនៅម៉ោង ១:៥៥ ទៀបភ្លឺ៕