ស្ពីលប៊ឺក៖ កីឡាករ Lewis Hamilton បញ្ជាក់កាលពីថ្ងៃអាទិត្យថា ការតវ៉ារបស់ខ្លួនប្រឆាំងនឹងការរើសអើងពូជសាសន៍ គឺជារឿងសមភាព ដោយមិនពាក់ព័ន្ធនឹងនយោបាយ ឬការឃោសនាអ្វីឡើយ ក្រោយពីមានអ្នកបើកបរ ៦ រូប បដិសេធមិនចូលរួមជាមួយជើងឯកពិភពលោកកីឡាប្រណាំងឡាន Formula One ដែលនាំគ្នាលុតជង្គង់ម្ខាង មុនការប្រណាំងបើករដូវកាល ក្នុងកម្មវិធី Austrian Grand Prix នាប្រទេសអូទ្រីស។
កីឡាករ Hamilton ដែលជាអ្នកបើកបរស្បែកខ្មៅតែម្នាក់គត់ក្នុងវិស័យកីឡានេះ បានពាក់អាវយឺតពណ៌ខ្មៅដោយមានអក្សរ «Black Lives Matter» ខណៈកីឡាករដទៃទៀត ដែលតម្រង់ជួរជាមួយរូបគេ នៅលើទីលានប្រណាំងមានអក្សររំលេចយ៉ាងច្បាស់លើអាវថា៖ «បញ្ចប់ការរើសអើងជាតិសាសន៍»។
យ៉ាងណាក៏ដោយ ក៏មានកីឡាករ ៦ រូប ក្នុងចំណោមអ្នកបើកបរទាំង ២០ នាក់ ឈរធម្មតា អំឡុងការតវ៉ា ដែលធ្វើឡើងមុននឹងភ្លេងជាតិរបស់ប្រទេសអូទ្រីស បន្លឺឡើងនោះ។ កីឡាករដែលមិនលុតជង្គង់ទាំងនោះ មាន Charles Leclerc របស់ក្រុមប្រណាំង Ferrari, Max Verstappen សមាជិករបស់ក្រុម Red Bull, អ្នកកាច់ចង្កូតឡានឲ្យក្រុម McLaren គឺ Carlos Sainz, កីឡាករ Danil Kvyat របស់ក្រុម Alpha Tauri ព្រមទាំងសមាជិកនៃក្រុម Alfa Romeo ២ រូប គឺកីឡាករ Antonio Giovinazzi និងអតីតម្ចាស់ជើងឯកពិភពលោក Kimi Raikkonen។
ក្រោយការប្រណាំងបញ្ចប់ទៅ កីឡាករសញ្ជាតិអង់គ្លេស Hamilton របស់ក្រុម Mercedes សរសេរនៅលើគណនី Instagram ថា៖ «ថ្ងៃនេះ គឺថ្ងៃសំខាន់មួយសម្រាប់ខ្ញុំ និងអ្នកគ្រប់គ្នានៅកន្លែងផ្សេងទៀត ដែលកំពុងតស៊ូឲ្យមាន និងសង្ឃឹមថាមានការផ្លាស់ប្ដូរ មានសង្គមមួយដែលយុត្តិធម៌ និងសមភាពជាងនេះ។ ខ្ញុំអាចត្រូវបានរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយ និងពីមជ្ឈដ្ឋានផ្សេងៗ តែទង្វើនេះ គឺដើម្បីភាពស្មើគ្នា មិនមែននយោបាយ ឬការឃោសនាអ្វីឡើយ»។
ចំណែកឯកីឡាករ Verstappen បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនពាក់ព័ន្ធនឹងការមិនលុតជង្គង់នេះថា៖ «ខ្ញុំមិនលុតជង្គង់ មិនមែនមានន័យថា ខ្ញុំមានការប្ដេជ្ញាប្រឆាំងនឹងការរើសអើងជាតិសាសន៍តិចជាងអ្នកដទៃនោះឡើយ។ ខ្ញុំស្មោះស្ម័គ្រណាស់ចង់ឲ្យមានភាពស្មើគ្នា និងតវ៉ាដាច់ខាតចំពោះការរើសអើងពូជសាសន៍។
កីឡាករសញ្ជាតិហូឡង់វ័យ ២២ ឆ្នាំ បានសរសេរបន្តទៀតថា៖ «តែខ្ញុំជឿថា គ្រប់គ្នាមានសិទ្ធិសម្ដែងការយល់ឃើញរបស់ខ្លួនក្នុងពេល និងតាមវិធីដែលស័ក្តិសមនឹងខ្លួនរបស់ពួកគេ។ ខ្ញុំមិនបានលុតជង្គង់ពិតមែន តែខ្ញុំគាំទ្ររាល់ការជ្រើសរើសផ្ទាល់ខ្លួនរបស់អ្នកបើកបរទាំងអស់»។
ជាមួយគ្នានេះ សមាគមអ្នកបើកបរក្នុងកម្មវិធី (GPDA) បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ដែលអះអាងពីកីឡាករប្រណាំងឡានទាំងអស់ បានរួមគ្នាប្រឆាំងនឹងការរើសអើងជាតិសាសន៍ តែគាំទ្ររាល់ការយល់ឃើញរបស់គ្រប់គ្នា ដែលមានសិទ្ធិបង្ហាញការតវ៉ាប្រឆាំងតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។
យ៉ាងណា ងាកមកការប្រណាំងដែលត្រូវបានផ្អាកពី ១ ដំណាក់កាល ទៅ ១ ដំណាក់កាល ដោយសារការផ្ទុះឡើងនូវវីរុសកូរ៉ូណា ហើយទើបតែបានចាប់ផ្ដើមកម្មវិធីដំបូងរបស់ខ្លួនជាផ្លូវ នៅប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យកន្លងទៅនេះឃើញថា ម្ចាស់ជើងឯកចាស់ គឺកីឡាករ Hamilton ដែលសង្ឃឹមថា ខ្លួននឹងឈ្នះ ១ លើកទៀត ដើម្បីតាមទាន់កំណត់ត្រារបស់អតីតអ្នកបើកបរដ៏ឆ្នើម Michael Schumacher នោះ បញ្ចប់ទៅត្រឹមចំណាត់ថ្នាក់ទី ៤ ប៉ុណ្ណោះ ខណៈអ្នកលេខ ១ គឺមិត្តរួមក្រុមរបស់គេ គឺ Valtteri Bottas ដែលបញ្ជាឡានរបស់ខ្លួនឲ្យទៅដល់ទីព្រ័ត្រមុនគេជាមួយនឹងថិរវេលា ១ ម៉ោង ៣០ នាទី និង ៥៥.៧៣៩ វិនាទី៕ AFP/VN