អាល្លឺម៉ង់: ក្នុងរយៈពេលតិចជាង ២ សប្តាហ៍ ក្រោយពីជួបការខកចិត្តក្នុងការប្រណាំងរថយន្ត British Grand Prix កីឡាករ Lewis Hamilton នឹងសម្លឹងរកការបំបាក់មុខការវិលត្រឡប់របស់ Sebastian Vettel ទៅលើទឹកដីខ្លួននៅចុងសប្តាហ៍នេះ នៅទីក្រុង Hockenheim ខណៈដែលអាល្លឺម៉ង់រូបនេះ បានផ្តល់ការឈឺចាប់ដល់រូបគេនៅលើទីលាន Silverstone។
ស្របពេលដែលព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោក Formula One នឹងធ្វើដំណើរទៅកាន់ពាក់កណ្តាលផ្លូវនៃរដូវកាលរបស់ខ្លួន ហើយការប្រជែងនានា កាន់តែក្តៅគគុក Vettel ដែលកំពុងនាំមុខលើតារាងពិន្ទុរួម មានឱកាសមួយក្នុងការផ្តល់ការរីករាយសម្រាប់ក្រុម Ferrari ខណៈដែលក្រុម Mercedes របស់ Hamilton នឹងសម្លឹងរកការស្តារមុខមាត់របស់ពួកគេត្រឡប់មកវិញ។
Vettel កំពុងនាំមុខលើ Ha-milton ចំនួន ៨ ពិន្ទុ ក្រោយពីដណ្តើមបានជ័យជម្នះនៅលើទឹកដីអង់គ្លេស ហើយរូបគេនឹងស្រេកឃ្លានជ័យជម្នះនៅពីមុខក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្ររបស់គេ ដើម្បីធានាថា រូបគេធ្វើដំណើរឆ្ពោះទៅកាន់ការសម្រាកនារដូវក្តៅជាមួយនឹងការមានពិន្ទុនាំមុខដាច់។
ជ័យជម្នះនោះ ក៏នឹងផ្តល់នូវការពេញចិត្តផងដែរដល់លោក Maurizio Arrivabene ប្រធានក្រុម Ferrari ដែលក្រោយពីការប្រណាំងនៅអង់គ្លេសបានប្រកាសថា ក្រុម Mercedes គួរតែរងនូវការធ្វើឲ្យអាម៉ាស់ទៅលើការនិយាយទាក់ទងនឹងក្រុម Ferrari។
លោក James Allison ប្រធានបច្ចេកទេសរបស់ក្រុម Mercedes ត្រូវបានគេដកស្រង់សម្តីក្នុងពេលនិយាយទាក់ទងនឹងការជួបឧប្បត្តិហេតុក្នុងប្រទេសបារាំង និងអង់គ្លេសថា លោកបានឃើញរថយន្តរបស់ក្រុម Ferrari ប៉ះទង្គិចជាមួយនឹងរថយន្ត Mercedes ខណៈដែលការលើកឡើងនេះ អាចជាការធ្វើឡើងដោយ «ចេតនា ឬមិនសមហេតុផល»។
ការប្រណាំងរថយន្ត Formula One នៅថ្ងៃអាទិត្យនេះ នឹងចាប់ផ្តើមនៅម៉ោង ៨:១០ នាទីយប់៕