ក្រុង​ណឺនប៊ឺក​: កីឡាករ Lewis Hamilton បាន​សរសើរ​ចំពោះ​អតីត​កីឡាការ Michael Schumacher សម្រាប់​ការ​បើក​​ផ្លូវ ក្នុង​វិស័យ​ប្រណាំង​រថយន្ត Formula One ហើយ​ធ្វើ​ការ​អរគុណ​ចំពោះ​ក្រុម​ Mercedes សម្រាប់​ការ​​ប្រថុយ​ផ្ដល់​ទំនុក​ចិត្ត​លើ​ក្មេង​ប្រុស​ស្បែក​ខ្មៅ ១ រូប ក្រោយ​តាម​ស្មើ​​កំណត់​ត្រា​ឈ្នះ ៩១ ​លើក សម្រាប់​ការ​ប្រណាំង​កម្មវិធី Grand Prix កាល​ពី​ថ្ងៃ​អាទិត្យ​។

និយាយ​នៅ​ឯ​សន្និសីទ​កាសែត​សិប្ប​និមិត្ត ក្រោយ​ឈ្នះ​កា​រប្រណាំង​ដំណាក់​កាល​ទី ១១ កម្ម​វិធី Eifel Grand Prix នៅ​អាល្លឺម៉ង់ ដែល​ជា​ជ័យ​ជម្នះ​ទី ៧ របស់​ខ្លួននៃ​រដូវកាល​នេះ កីឡាករ​របស់​ចក្រ​ភព​អង់គ្លេស ដែល​មកំពុងមាន​ពិន្ទុ​​នាំ​មុខ​ដាច់​ឆ្ងាយបាន​និយាយ​សរសើរ និង​គោរព​ចំពោះ​អតី​ត​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ Schumacher ដែល​កំពុង​គ្រប់​គ្រង​កំណត់​ត្រា​ជើង​ឯក​ពិភព​លោក ៧​ សម័យ​កាល​។

Hamilton ដែល​ត្រូវ​ការ​ជើង​ឯក​តែ​ម្ដង​ទៀត ដើម្បី​តាម​ទាន់​កំណត់​ត្រា​ខាង​លើបាន​និយាយ​ថា​៖ «​លេខ ៩១ នោះ ឆ្ងាយ​​ណាស់ ហើយ​ពេល​វា​នៅ​ឆ្ងាយ​ពេក វា​ជា​រឿង​ពិបាក​ណាស់​សម្រាប់​គ្រប់​គ្នា​ ក្នុង​ការ​យល់​ឱ្យ​បាន​ពេញ​លេញ​ថា តើ​វា​លំបាក​យ៉ាង​ដូច​ម្ដេច ដើម្បី​ដណ្ដើម​បាន​ជ័យ​ជម្នះ ៩១​ ដង​នោះ​»​។​​

កីឡាករវ័យ ៣៥ ​ឆ្នាំ បាន​បន្ត​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​ចង់​អរគុណ​ដល់​ក្រុម​ Mercedes សម្រាប់​ការ​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ស្បែក​ខ្មៅ​ម្នាក់ ពេល​ខ្ញុំ​មាន​​អាយុ ១៣​ ឆ្នាំ ហើយ​ធ្វើ​ការ​គាំទ្រ​ខ្ញុំ​រហូត​មក​»​។

Hamilton កំពុង​បញ្ជា​រថយន្ដ​របស់​ខ្លួន អំឡុង​ការ​ប្រណាំង​កម្ម​វិធី Eifel Grand Prix នៅ​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​អាទិត្យ។​

មុន​ពេល រូប​គេ​មក​ស្នង​តំណែង​របស់​ Schumacher នៅ​ក្រុម​ប្រណាំង Mercedes ក្នុង​ឆ្នាំ​ ២០១៣ កីឡាករ Hamilton ជា​ជើង​ឯក​ពិភពលោក​ម្ដង​រួច​ទៅ​ហើយ ដែល​ជា​ជយ​លាភី​ដំបូង​របស់​គេ កាល​នៅ​​បើក​បរ​ឱ្យ​ក្រុម McLaren ក្នុង​ឆ្នាំ​ ២០០៨​។​

សម្រាប់​ការ​ប្រណាំង​កាល​ពី​ថ្ងៃ​អាទិត្យ នា​ប្រទេស​អាល្លឺម៉ង់​នោះ រថយន្ដ​លេខ ៤៤ របស់ Hamilton បាន​ទៅ​ដល់​ទី​ព្រ័ត្រ​មុន​កីឡាករ​ដទៃ​ជាមួយ​នឹង​ថិរ​វេលា ១:៣៥:៤៩.៦៤១ ម៉ោង ពោល​គឺ​នាំ​មុខ​អ្នក​មក​ដល់​បន្ទាប់ Max Verstappen របស់​ក្រុម​គូ​ប្រជែង Red Bull Racing-Honda ៤.៤៧០ វិនាទី។

សរុប​ការ​ប្រណាំង​ទាំង ១១​ដំណាក់​កន្លង​មក កីឡាករ Hamilton ឈរ​ទី១ ក្នុង​តារាង​ពិន្ទុ​រួម ដោយមាន ២៣០​ ពិន្ទុ តាម​ដោយ​មិត្ត​រួម​ក្រុម Valtteri Bottas មាន​ ១៦១​ ពិន្ទុ ខណៈ Verstappen លេខ ៣ មាន​ ១៤៧​ ពិន្ទុ​៕ AFP/VN