ក្រុង​ឡុងដ៍៖ ក្រុម​ដែល​កំពុង​លេង​នៅ​ក្របខ័ណ្ឌ Premier League របស់​ប្រទេស​អង់គ្លេស គឺ Southampton បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​​ថា គ្រូ​បង្វឹក​បច្ចុប្បន្ន លោក Ralph Hasenhuttl យល់ព្រម​បន្ត​កិច្ច​សន្យា​ថ្មី​រយៈពេល ៤ ​ឆ្នាំ​ទៀត​។ ​

លោក Hasenhuttl វ័យ ៥២ ​ឆ្នាំ ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់​ការ​របស់​ក្រុម​នៅ​ទឹកដី St Mary មួយ​នេះ កាល​ពី​​ខែ​ធ្នូ ឆ្នាំ ​២០១៨ ហើយ​លោក​​ទទួល​បាន​មេរៀន​ដ៏​ជូរ​ចត់​ទាំង​មិន​គួរ​ឲ្យ​ជឿ ដោយសារ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ផ្ទះ​ខ្លួន​ឯង​ ក្រោម​ថ្វី​ជើង​របស់​ក្រុម​​ Leicester City ក្នុង​លទ្ធផល ០-៩ កាល​ពី​ខែ​តុលា ឆ្នាំ​មុន​។

មុន​ការ​ប្រកួត​ប្រជែង​នៅ​លីក​កំពូល​របស់​អង់គ្លេស​ ត្រូវ​បាន​ផ្អាក​ក្នុង​ខែ​មីនា ដោយសារ​​តែ​​ការ​កើត​មាន​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ ​១៩ ក្រុម Southampton ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ​១៤ ពោល​គឺ​មាន ៧ ​ពិន្ទុ​ពី​លើ​ក្រុម​ដែល​ត្រូវ​ធ្លាក់​ទៅ​លីក​លំដាប់​ទី២ ហើយ​ក្រោយ​ពី​បាន​ចុះ​កុងត្រា​ថ្មី​នេះ លោក Hasenhuttl និយាយ​ថា លោក​គ្មាន​ការ​រារែក​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សន្យា ដែល​អាច​ឲ្យ​គាត់​នៅ​ជាមួយ​ក្លិប​រហូត​ដល់​ឆ្នាំ ​២០២៤ នោះ​ឡើយ។​​​ ​

បុរស​សញ្ជាតិ​អូទ្រីស​បាន​ប្រាប់​ថា​៖ «​សម្រាប់​ខ្ញុំ គឺ​ជា​ការ​សម្រេច​ចិត្ត​ងាយ​ៗ​។ ងាយ​​ព្រោះ​ទំនាក់​ទំនង ដែល​ខ្ញុំ​បាន​បង្កើត​​ជាមួយ​ក្លិប កីឡាករ និង​​អ្នក​គាំទ្រ ហើយ​ក៏​ព្រោះ​ទំនាក់​​ទំនង​ ដែល​ពួក​គេ​មាន​ជាមួយ​ខ្ញុំ​ដូច​គ្នា​ដែរ​។ ខ្ញុំ​បាន​និយាយ​ ពេល​ខ្ញុំ​មក​ដល់​ក្លិប​​នេះ​ថា ពួក​យើង​កំពុង​ចាប់​ផ្ដើម​​លើ​ដំណើរ​​ផ្លូវ​ដ៏​​វែង​ឆ្ងាយ​ ហើយ​និយាយ​​ដែរ​ថា ដំណើរ​ដ៏​វែង​ឆ្ងាយ​នោះ នឹង​​នាំ​មក​នូវ​ភាព​រីករាយ និង​ក្ដី​សង្ឃឹម​»​។ ​​

សម្រាប់​នាយក​ប្រតិបត្តិ​ក្លិប លោក​ Martin Semmens បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​លោក​គ្រូ-​បង្វឹក​ម្នាក់​នេះ​ថា​៖ «​តាំង​ពី​ថ្ងៃ​ដំបូង​ លោក Hasenhuttl ចាប់-​ផ្ដើម​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ក្លិប​ មនុស្ស​​ក្នុង​ក្លិប ​និង​អ្នក​គាំទ្រ​របស់​យើង​។ គាត់​បាន​មក​ចូល​រួម​ជាមួយ​ក្រុម ចំ​ពេល​ដែល​ក្លិប​កំពុង​ត្រូវ​ការ​អ្នក​ដឹកនាំ​ដ៏​ពូកែ​ម្នាក់ ហើយ​​គាត់​​បាន​ផ្ដល់​ឲ្យ​ពួក​យើង​នូវ​អ្វី​ដែល​យើង​កំពុង​ចង់​បាន​នោះ​»​៕ AFP/VN​​