ក្រុង​ Madrid៖ ខ្សែ​ប្រយុទ្ធ​ Eden Hazard កំពុង​ចាប់​ផ្ដើម​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​របស់​ខ្លួន​ ហើយ​វា​មិន​អាច​កើត​ឡើង​ភ្លាមៗ​សម្រាប់​ក្រុម Real Madrid នៅ​ឡើយ​ទេ​។​

ក្លិប​ Real នឹង​ប្រកួត​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឯង​​ជាមួយ​ក្រុម​ Galatasaray ក្នុង​ក្របខ័ណ្ឌ​ Champions League នៅ​ថ្ងៃ​ពុធ​នេះ​​​​ ហើយ​ប្រសិន​បើ​ពួក​គេ​ទទួល​ជោគជ័យ​ ពួក​គេ​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ក្នុង​ពូល​ A។​​

កីឡាករ Hazard បាន​ស៊ូ​ទ្រាំ​នឹង​ការ​ចាប់​ផ្តើម​ដ៏​ខក​ចិត្ត​នៅ​ប្រទេស ​អេស្ប៉ាញ ​ជា​ទី​ដែល​​មាន​​​ការ​រំពឹង​ទុក​​យ៉ាង​ខ្លាំង​​ក្រោយ​ពី​រូប​គេ​បាន​រង់​ចាំ​ការ​ដោះដូរ​ក្នុង​តម្លៃ​ខ្លួន​ចំនួន​ ១០០ លាន​អឺរ៉ូ ​ប្រហែល​ជាង ​១១១ ​លាន​ដុល្លារ​អាមេរិក ​មក​ពី​ក្លិប​ Chelsea កាល​ពី​ខែ​មិថុនា​។

រយៈពេល ​១ ​សប្តាហ៍ ​ក្រោយ​មក​ក្រុម​អ្នក​គាំទ្រ​ ៥០ ០០០ ​នាក់ ​បាន​សម្រុក​ចូល​ទស្សនា​នៅ​ក្នុង​​កីឡដ្ឋាន​ Santiago Bernabeu​ ដើម្បី​ឃើញ​កីឡាករ​ Hazard ពាក់អាវ​របស់​ក្លិប​នេះ ​ខណៈ​អ្នក​ខ្លះ​ថែម​ទាំង​រត់​ទៅ​ជិត​ច្រក​ចូល ​ដើម្បី​ដណ្តើម​កន្លែង​ល្អ​ទៀត​ផង​​។​

នៅ​ពេល​អ្នក​គាំទ្រ​ចេញ​ពី​កីឡដ្ឋាន​វិញ​​ កីឡាករ​ ​Hazard បាន​ធ្វើ​សន្និសីទ​កាសែត​លើក​ដំបូង​របស់​ខ្លួន​​នៅ​កីឡដ្ឋាន​​នេះ ​ដោយ​ប្រាប់​អ្នក​កាសែត​ថា​ រូប​គាត់​ចង់​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់​​នៅ​ក្នុង​​ក្រុម​ Real Madrid នៅ​ពេល​អនាគត​​។​

កីឡាករ​ Hazard បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​ទាន់​ជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​ឡើយ​ទេ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ក្លាយ​ជា​​​បែប​នោះ​នៅ​ថ្ងៃ​ណា​មួយ​»។​

ប៉ុន្តែ​ការ​ប្រកួត​បើក​ឆាក​របស់​កីឡាករ​រូប​នេះ​បាន​​ធ្វើ​ឲ្យ​មាន​ការ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​រូប​គេ​លេង​មិន​បាន​ល្អ​ដូច​អ្វី​ដែល​ក្រុម​អ្នក​គាំទ្រ​រំពឹង​ទុក​ពី​មុន​មក​ និង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ​និង​អ្នក​កាសែត​​រិះគន់​​យ៉ាង​ខ្លាំង​ផង​ដែរ​​។​

ហើយ​នៅ​ថ្ងៃ​មុន​មាន​ការ​​ប្រកួត​ដំបូង​របស់​ក្លិប​ Real នៅ​​រដូវ​កាល​នេះ​នៅ​ក្រៅ​ទឹក​ដី​ជាមួយ​ក្លិប​ Celta​ Vigo​ នោះ​ កីឡាករ​ Hazard បាន​ប្រឹងប្រែង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង ​ដើម្បី​បង្កើត​ភាព​ខ្លាំង​ ​និង​អស្ចារ្យ​សម្រាប់​​ក្លិប​នេះ​។​

កីឡាករ​រូប​នេះ​បាន​អង្គុយ​មើល​ការ​ប្រកួត​ ៣​ លើក​មុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ក្រុម​ Paris Saint-Germain (PSG) ប៉ុន្តែ​វាហាក់​ដូច​ជា​រាត្រី​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ពេល​ក្លិប​ Real ត្រូវ​បាន​បំបាក់​ដោយ​លទ្ធផល​ ៣-០។

កីឡាករ Hazard​ បាន​ចូល​លេង​នៅ​ពេល​ប្រកួត​ជាមួយ​ក្លិប​ Osasuna​ ចំពេល​មាន​របាយការណ៍​ថា​ រូប​គាត់​អាច​មាន​ប្រៀប​ ហើយ​បន្ទាប់​មក​រូប​គេ​រក​បាន​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​​ក្លិប ​Granada ​ជា​ការ​បញ្ចប់​ដ៏​រីករាយ​តាម​ការ​​សន្យា​របស់​ខ្លួន​ថា ​​នឹង​បង្ហាញ​ទម្រង់​លេង​ឲ្យ​បាន​ល្អ​បំផុត​​​។

លោក Zinedine Zidane បាន​និយាយ​កាល​ពី​ខែ​កញ្ញា​ថា៖ «​យើង​ដឹង​ពី​គុណភាព​របស់​កីឡាករ​ដែល​យើង​មាន​ ហើយ​យើង​ដឹង​ថា គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​ខាង​មុខ​»​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​គ្រប់​គ្នា​រំពឹង​ខ្លាំង​ពី​គាត់​ ហើយ​គាត់​ដឹង​ពី​រឿង​នោះ​​ ប៉ុន្តែ​យើង​គាំទ្រ​គាត់​ ហើយ​នៅ​ពេល​ឆ្លង​កាត់​ការ​ប្រកួត ​ខ្ញុំ​ប្រាកដ​ថា ​គាត់​នឹង​ក្លាយ​ជា​កីឡា​ករ​ដែល​យើង​ចង់​បាន​គាត់​លេង​នៅ​ក្លិប​ Real​ Madrid​ នេះ​​»​។

លោក Zidane បាន​និយាយ​ពី​សប្ដាហ៍​មុន​ថា៖ «​គ្រប់​គ្នា​ចង់​ឃើញ​ Hazard លេង​ឲ្យ​កាន់​តែ​ល្អ ​ប៉ុន្តែ​ខ្ញុំ​ឃើញ​គាត់​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​នៅ​ទី​បំផុត​​គាត់​នឹង​ឈាន​ដល់​កម្រិត​នោះ​ជា​​មិន​ខាន​ឡើយ​​»៕ AFP/SN