ទីក្រុង Melbourne: កំពូល​តារា​បាល់ទាត់​របស់​ជប៉ុន Keisuke Honda ហើយ​ក៏​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង​នោះ បាន​ប្រកាស​ពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​នឹង​ចាកចេញ​ពី​ក្លិប Melbourne Victory នៅ​សប្ដាហ៍​នេះ ក្រោយពី​ចូលរួម​ជាមួយ​ក្លិប​របស់​អូស្ត្រាលី​មួយ​នេះ​បាន​ ១ ​រដូវកាល​ដោយសារ​ខ្សែប្រយុទ្ធ​រូប​នេះ​ចង់​បាន​បទពិសោធ​ថ្មីៗ​ទៀត​។

អតីត​ខ្សែប្រយុទ្ធ​ក្រុម AC Milan ដ៏ល្បី​ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់​នៅ​អាស៊ី Keisuke Honda មាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​គាំទ្រ​ចំពោះ​ទម្រង់​លេង​ដ៏ល្អ​របស់​គេ​នៅ​ដើម​រដូវកាល​នេះ​។ ទោះ​យ៉ាង​ណា​ការរងរបួស​គន្លាក់​ជើង​បាន​ធ្វើឲ្យ​កីឡាករ​រូប​នេះ​មិន​បាន​ចូលរួម​ការប្រកួត​ចំនួន​ ៩ ​លើក​នៅ​ពាក់កណ្ដាល​រដូវកាល​នេះ​ទេ​។

កីឡាករ Honda បាន​និយាយ​ក្នុង​របាយការណ៍​ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្លិប Melbourne Victory និង​សូម​អរគុណ​ចំពោះ​ការអនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​ឱកាស​លេង​នៅក្នុង​ប្រទេស​អូស្ត្រាលី​បែប​នេះ​»​។

អតីត​ខ្សែប្រយុទ្ធ​រូបនេះ​បាន​បន្ត​ថា​៖ «​ឥឡូវ​ខ្ញុំ​ត្រូវ​ចាកចេញ​ហើយ ដើម្បី​រក​បទពិសោធ​ថែម​ទៀត ប៉ុន្តែ​ខ្ញុំ​នឹង​មិន​បំភ្លេច​គ្រា​កាល​នៅ​ក្លិប​នេះ​ទេ ហើយ​ខ្ញុំ​សូម​បួងសួង​ឲ្យ​ក្លិប​នេះ​មាន​សំណាងល្អ​ទទួល​បាន​ជ័យជម្នះ​ជា​បន្តទៀត នៅ​ពេល​អនាគត​»​។

កីឡាករ Honda បាន​លេង​ ២៣ ​ប្រកួត​ក្នុង​ចំណោម​ការប្រកួត​ទាំងអស់​ដោយ​រូបគេ​រក​បាន​ចំនួន​ ៨ ​គ្រាប់ ហើយ​ការប្រកួត​ចុងក្រោយ Honda សម្រាប់​ក្លិប Victory នេះ​គឺ​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ AFC Champions League ដែល​ប៉ះ​ជាមួយ​ក្រុម Sanfrecce Hiroshima នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​។ ចំណែក​ការប្រកាស​ចាកចេញ​របស់ Honda ​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​ ១ ​ថ្ងៃ បន្ទាប់ពី​គ្រូបង្គោល​ក្រុម Victory លោក Kevin Muscat បាន​លាលែង​ពី​តំណែង​។

ប្រធាន​ប្រតិបត្តិ​ក្លិប Melbourne Victory លោក Trent Jacobs បាន​និយាយ​ថា​៖ «​ខ្សែប្រយុទ្ធ Honda គឺជា​កីឡាករ​ជំនាញ​ម្នាក់​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ហើយ​យើង​សំណាង​ដែល​មាន​គាត់​នៅ​ជាមួយ​យើង​នៅ​ក្លិប Melbourne Victory នៅ​រដូវកាល​នេះ​»​។

លោក Jacobs បាន​បន្ត​ថា​៖ «​ជា​ការពិត​គាត់​គឺជា​អ្នក​មាន​ទេពកោសល្យ​ដ៏អស្ចារ្យ​មួយ​នៅលើ​ទីលាន​ប្រកួត ហើយ​អ្វីៗ​ដែល​គាត់​បាន​ជួយ​ក្លិប​យើង​កន្លង​មក​នេះ​បាន​ជួយ​ឲ្យ​យើង​រីកចម្រើន​នៅ​រដូវកាល​នេះ​»​។

កីឡាករ​ឆ្នើម​វ័យ​ ៣២ ​ឆ្នាំ Honda បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​ក្រោយពី​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ​មុន ហើយ​បាន​ចូលរួម​ក្លិប Victory សម្រាប់​រដូវកាល​ឆ្នាំ​ ២០១៨-២០១៩ ក្នុង​នាម​ជា​កីឡាករ​មិន​យក​ប្រាក់​កម្រៃ ក្រោយពី​ចាកចេញ​ពី​ក្លិប Pachuca របស់​ប្រទេស​ម៉ិកស៊ិក​។

កីឡាករ​ដែល​ត្រូវ​បាន​គេ​ចំណាំ​តាមរយៈ​សក់​ប៉ះ និង​ពណ៌​ទង់ដែង Honda បាន​ចំណាយពេល​ ៤ ​រដូវកាល​នៅ​ក្លិប AC Milan ហើយ​រូបគេ​ក៏​ធ្លាប់​លេង​ឲ្យ​ក្លិប WV-Venlo នៅ​ហូឡង់ និង​ក្លិប CSKA Moscow ផង​ដែរ​។ បន្ថែម​លើ​នេះ​ក្នុងពេល​ស្នាក់នៅ​ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​នោះ Honda ក៏​មាន​ភារកិច្ច​ជា​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង​ដែរ​៕ SN