ភ្នំពេញៈ ខ្សែប្រយុទ្ធ​អន្តរជាតិ​របស់​ជប៉ុន Keisuke Honda បាន​សុំ​ឲ្យ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) រួម​ទាំង​បណ្តា​ក្លិប​លេង​នៅ​លីក​កំពូល​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​រួម​គ្នា ដើម្បី​អភិវឌ្ឍ​បាល់​ទាត់​កម្ពុជា និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន ពិសេស​មាន​គុណភាព​លេង​ពិត​ប្រាកដ ទៅ​តាម​ទម្រង់​លេង​របស់​ខ្លួន​មួយ។

Keisuke Honda ដែល​ត្រូវបាន​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ប្រកាស​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា រយៈពេល ២ ឆ្នាំ ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត មិន​យក​ប្រាក់​ខែ​នោះ មាន​ទស្សន​វិស័យ ចង់​បង្កើត​ឲ្យ​មាន​ទម្រង់​លេង​ច្បាស់​លាស់​មួយ​សម្រាប់​ក្រុម​កម្ពុជា ហើយ Honda បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ជាមួយ​ការ​រីក​ចម្រើន​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

«អ្វី​ដែល​ខ្ញុំ​ចង់​ជួយ​បាល់​ទាត់​កម្ពុជា​នោះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ព្រោះ​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ FFC រួច​ហើយ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​បាល់​ទាត់​កម្ពុជា។ ខ្ញុំ​ប្រហែល​ជា​មិន​អាច​ចុះ​ជាប់​ជាមួយ​ក្រុម​កម្ពុជា​ទេ ព្រោះ​ខ្ញុំ​ត្រូវ​លេង​បាល់​ទាត់​រាល់​សប្តាហ៍​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន ខ្ញុំ​នឹង​ជួយ​ឲ្យ​អស់​ពី​សមត្ថភាព។ ខ្ញុំ​ចង់​បង្កើត​ទម្រង់​លេង​ពិត​ប្រាកដ​មួយ​សម្រាប់​ក្រុម​កម្ពុជា ដែល​ធ្វើ​ម៉េច​ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​សហព័ន្ធ​ទៅ បន្ទាប់​មក​ឈាន​ទៅ​កាន់​ក្លិប និង​ក្រុម​ថ្នាល​កម្ពុជា​ផង​ដែរ»។

Honda បាន​បន្ថែមថា៖ «យើង​ធ្វើយ៉ាងណា ឲ្យ​មាន​ទម្រង់​លេង​បែប​ស្តង់ដារ​មួយ​សម្រាប់​ក្រុម​កម្ពុជា ព្រោះ​ការ​លេង​បាល់ បើ​យើង​មិន​ធ្វើ​វា​ឲ្យ​ទៅ​ជា​គោល​ដៅ​តែ​មួយ​ទេ គឺ​បាល់​ទាត់ មិន​អាច​អភិវឌ្ឍ​បាន​ត្រឹមត្រូវ​នោះ​ទេ។ យើង​ត្រូវ​បង្កើត​គោល​ដៅ​មួយ​ឲ្យ​ច្បាស់​លាស់ បន្ទាប់​មក​យើង​ត្រូវតែ​ធ្វើ​វា​ដោយ​អត់ធ្មត់ និង​ពុះពារ​បំផុត ទើប​យើង​បាន​សម្រេច ហើយ​នេះ​ជា​ការងារ​របស់​ខ្ញុំ នៅ​ប្រទេស​កម្ពុជា»។

កីឡាករ​វ័យ ៣២ ឆ្នាំ Honda ដែល​បាន​ហៅ​ខ្លួនឯង​ថា ជា​គ្រូបង្វឹក​មិន​ផ្ទាល់​នោះ បាន​បន្ត​ថា៖ «ក្នុង ១ សប្តាហ៍ ខ្ញុំ​នឹង​ធ្វើ​ការ​តាម​វីដេអូ conference ចំនួន ២ ដង​ជាមួយ​ក្រុម​ការងារ​របស់​ខ្ញុំ​នៅ​កម្ពុជា។ ខ្ញុំ​នឹង​ព្យាយាម​រក​ដំណោះ​ស្រាយ បំពេញ​ភាព​ខ្វះខាត​បាល់​ទាត់​នៅ​កម្ពុជា។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទាំង​អស់​ឃើញ​ថា បាល់​ទាត់​នៅ​កម្ពុជា មាន​ការ​ផ្លាស់ប្តូ​រហើយ បាល់​ទាត់​នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន​ហើយ គឺ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គាត់ មាន​ចំណាប់​អារម្មណ៍​បែប​នេះ»។

កីឡាករ​ទើប​ចុះ​កុងត្រា​លេង​ឲ្យ​ក្លិប Melbourne Victory របស់​អូស្ត្រាលី រូប​នេះ​បាន​បញ្ជាក់​ថា៖ «គោល​បំណង​របស់​ខ្ញុំ គឺ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពិភព​បាល់​ទាត់​ខ្មែរ កាន់​តែ​អ៊ូអរ​ជាង​នេះ​ថែម​ទៀត ហើយ​ខ្ញុំ​គិត​ថា ការ​អភិវឌ្ឍ​បាល់​ទាត់ ជា​ការ​អភិវឌ្ឍ​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​មាន​ការ​ទទួល​ស្គាល់​ពី​ប្រទេស​ផ្សេងៗ​ទៀត។ គម្រោង​នេះ ជា​គម្រោង​នៃ​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​រំពឹង​ថា យើង​នឹង​សម្រេច​គោល​ដៅ​រួម​របស់​យើង ដើម្បី​ជួយ​ឲ្យ​បាល់​ទាត់​កម្ពុជា​រីក​ចម្រើន ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​សហការ​ពី​អ្នក​ទាំង​អស់​គ្នា»។

ចំណែក លោក សៅ សុខា បាន​ថ្លែងថា៖ «ខ្ញុំ​គិតថា វត្តមាន​របស់លោក Honda នៅ​ពេល​នេះ គឺ​បាន​រួម​ចំណែក​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ទៅ​ដល់​គម្រោង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បាល់​ទាត់​នៅ​កម្ពុជា ហើយ​វត្តមាន​កីឡាករ​អន្តរជាតិ ដែល​មាន​បទពិសោធ​រូប​នេះ​នឹង​ធ្វើ​ឲ្យ​បច្ចេកទេស​នៃ​ការ​លេង​បាល់ទាត់ និង​លទ្ធផល​នៃ​ការ​លេង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​ពេល​ខាង​មុខ​នេះ អ៊ីចឹង​ហើយ ខ្ញុំ​ផ្តល់​ជំនឿ​ទៅ​លើ​គ្រូបង្វឹក និង​កីឡាករ​របស់​យើង​ថា ពិតជា​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​មាន​គុណភាព​លេង​ខ្លាំង»៕