ក្រុងប៊ែរឡាំង៖ Matthew Hoppe ទទួលឋានៈជាវីរបុរសភ្លាមៗ នៅក្រុម Schalke 04 ដោយការស៊ុត ៣ គ្រាប់ ក្នុងជ័យជម្នះ ៤-០ លើ Hoffenheim កាលពីថ្ងៃសៅរ៍ ដែលជាលទ្ធផលជួយស្រោចស្រង់ក្លិបខ្លួនពីការស្មើនឹងកំណត់ត្រានៅក្របខ័ណ្ឌ Bundesliga នាមជាក្រុម ដែលប្រកួតមិនឈ្នះសោះជាប់ៗគ្នា។ តើកីឡាករវ័យក្មេងសញ្ជាតិអាមេរិកចុងក្រោយ ដែលលេចមុខនៅអាល្លឺម៉ង់នេះ ជានរណា?
នៅក្រុម Schalke កីឡាករវ័យ ១៩ ឆ្នាំ កំពុងដើរតាមគន្លងរបស់ Weston McKennie ដែលចាកចេញពីក្លិបនៅទឹកដី Gelsenkirchen ទៅ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង។
នៅមានមិត្តរួមជាតិផ្សេងទៀត ដូចជា Christian Pulisic របស់ Dortmund ពេលនេះមុនផ្លាស់ទៅ Chelsea, Gio Reyna នៅ Dortmund, Josh Sargent នៅ Bremen, Tyler Adams នៅ RB Leipzig និង Chris Richards នៅ Bayern Munich។
Bundesliga ក្លាយជាកន្លែង អំណោយផលល្អដល់កីឡាករសញ្ជាតិអាមេរិកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពួកគេក៏ក្លាយជាកីឡាករ ដែលស័ក្ដិសមលេងនៅលីគកំពូលរបស់អាល្លឺម៉ង់ដូចគ្នាដែរ។
Hoppe ធ្វើដំណើរពីភាគខាងត្បូងរបស់រដ្ឋកាលីហ្វ័រនីញ៉ាមកចូលរួមជាមួយ Schalke ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីលេងនៅសាលាបាល់ទាត់ថ្នាលរបស់ Barcelona ក្នុងរដ្ឋអារីហ៊្សូណា សហរដ្ឋអាមេរិក។ រូបគេស៊ុតបាន ២៩ គ្រាប់ ក្នុងចំណោមវត្តមាន ២៣ លើក ឱ្យសាលាថ្នាល (២០១៨-២០១៩)។
ក្រោយផ្លាស់មកអាល្លឺម៉ង់ Hoppe ធ្វើបានល្អគ្រប់គ្រាន់ ដើម្បីទាក់ការចាប់អារម្មណ៍នៅក្រុមបម្រុងរបស់ Schalke រដូវកាលមុន ទោះស៊ុតបញ្ចូលទីបានតែ ១ គ្រាប់ក៏ដោយ ក្នុងចំណោម ១៦ ប្រកួតក៏ដោយ។
ទម្រង់លេងមិនសូវល្អ និងការខ្សត់គ្រាប់បាល់របស់ក្រុមធំបានផ្ដល់ឱកាសឱ្យ Hoppe ខណៈខ្សែប្រយុទ្ធដទៃទៀតរបស់ក្រុម Schalke ធ្លាក់ជើងគ្រប់ៗគ្នា។
ក្រោយត្រូវបានដាក់ឱ្យលេងក្នុងក្រុមធំ ចុងខែវិច្ឆិកា Hoppe ផ្ដើមចូលលេងដំបូង នៅ Bundesliga ក្នុងប្រកួតដែលចាញ់ Borussia Moenchengladbach ៤-១។
លោក Christian Gross គ្រូបង្វឹកទី៤ របស់ Schalke រដូវកាលនេះបានចូលមកកាន់តំណែងចុងខែធ្នូ ហើយឃើញយ៉ាងច្បាស់នូវទេពកោសល្យរបស់ Hoppe។ អតីតអ្នកចាត់ការរបស់ Tottenham សម្រេចដាក់រូបគេឱ្យលេង ២ ប្រកួតដំបូង ក្នុងនោះរួមទាំងការប្រកួត ដែលឈ្នះកាលពីថ្ងៃសៅរ៍។
គ្រាប់បាល់របស់ Hoppe មិនត្រឹមតែជួយឱ្យ Schalke បញ្ចប់ដំណើរផ្លូវ ដែលលេងមិនឈ្នះសោះរហូត ៣០ ហ្គេម ពោលគឺជាកំណត់ត្រាដ៏គួរឱ្យអៀនខ្មាស ១ នៅ Bundesliga ដែលគ្រងដោយក្រុម Tasmania Berlin ចំនួន ៣១ ប្រកួត នៅទសវត្សរ៍ឆ្នាំ ១៩៦០ ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យរូបគេក្លាយជាកីឡាករអាមេរិកទី១ ដែលស៊ុតបាន ៣ គ្រាប់។
គ្រូបង្វឹក លោក Gross ថ្លែងថា៖ «Hoppe នឹងចាំថ្ងៃនេះជាដរាប។ គេចង់ធ្វើគ្រប់យ៉ាងជួយក្រុមឱ្យផុតពីស្ថានភាព ពេលនេះ។ គេនៅក្មេង ដូច្នេះ មានកិច្ចការជាច្រើន ត្រូវរៀនសូត្រ ដើម្បីអាចក្លាយជាអ្នកបញ្ចប់ទីកម្រិតកំពូលម្នាក់»៕ AFP/VN