ក្រុងមីឡាន៖ កីឡាករ Zlatan Ibrahimovic ទម្លុះសំណាញ់ទីបាន ២ គ្រាប់បន្ថែមទៀត ដែលធ្វើឱ្យគេមានគ្រាប់បាល់សរុបក្នុងលីគនារដូវកាលនេះ ចំនួន ១០ គ្រាប់ ហើយគ្រាប់បាល់នេះបានរួមចំណែកយ៉ាងធំធេង ពេលក្រុម AC Milan បន្ដឹងសាច់ដុំ ដើម្បីដណ្ដើមយកជ័យជម្នះ ៣-១ លើក្រុម Napoli ដែលសល់គ្នាតែ ១០ នាក់ អំឡុងការប្រកួតនៅក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។
ឥឡូវនេះ ក្រុម Milan មាន ២០ ពិន្ទុ ឈរទី១ ក្នុងតារាង ពោលគឺនាំមុខដាច់ ២ ពិន្ទុ លើក្រុម Sassuolo ដែលយកឈ្នះ Hellas Verona ២-០ ខណៈ Roma ឡើងទៅលេខ ៣ ក្រោយបំបាក់ក្រុម Parma ៣-០ ដែលក្នុងនោះកីឡាករ Henrikh Mkhitaryan ស៊ុតបាន ២ គ្រាប់។
គ្រូបង្វឹករបស់ Napoli បាននិយាយសរសើរអតីតមិត្តរួមក្រុម Milan ថា៖ «សម្រាប់ខ្ញុំ Ibrahimovic គឺជាកីឡាករ ដែលកាន់តែរឹងមាំឡើងៗជាង ១០-១២ ឆ្នាំមុន។ ក្រុម Milan មានទំនុកចិត្តលើគាត់ ១០០ ភាគរយ ហើយមិត្តរួមក្រុម ក៏ជឿលើគាត់ពេញទំហឹងដែរ។ ជាការយល់ឃើញរបស់ខ្ញុំ ពួកគេមិនមែនជាក្រុម ដែលខ្លាំងបំផុតទេ តែពួកគេមានកម្លាំងចិត្តពេញបរិបូរណ៍។ យើងលេងល្អ តែចាញ់»។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតវ័យ ៣៩ ឆ្នាំ Ibrahimovic បានបន្តបង្ហាញនូវទម្រង់លេងដ៏ល្អខ្លួន ជាមួយនឹងការតែតឱ្យក្រុម Milan នាំមុខ ១-០ នៅនាទីទី២០ ហើយក្រោយមកក៏បានបន្ថែមគ្រាប់ទី២ នាទីទី៥៤។
ខ្សែបម្រើ Dries Mertens ជួយកាត់បន្ថយការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Napoli មកត្រឹម ១ គ្រាប់ នៅនាទីទី៦៣ តែកីឡាករ Jens Petter Hauge នាំជ័យជម្នះផ្លូវការឱ្យក្រុមភ្ញៀវក្នុងលទ្ធផល ៣-១ នៅនាទីទី៩០+៥។
ជាមួយគ្នានេះ គ្រូបង្វឹករបស់ក្រុម Milan លោក Stefano Pioli មិនបានរួមដំណើរជាមួយកូនក្រុមរបស់ខ្លួនទេ ដោយសារឆ្លងជំងឺកូវីដ ១៩។
តែក្រុមរបស់លោក Pioli នៅតែអាចដណ្ដើមបាននូវជោគជ័យលើកដំបូង នៅទីក្រុង Naples នេះ គិតតាំងឆ្នាំ ២០១០ មក ពោលគឺជារដូវកាល ដែលពួកគេបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ឬ Scudetto របស់អ៊ីតាលី។
ការឈ្នះជើងឯកនៅពេលនោះ Ibrahimovic ក៏មានជាប់ឈ្មោះក្នុងតារាងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេផងដែរ៕ AFP/VN