ក្រុងរ៉ូម: កីឡាករ Zlatan Ibrahimovic និង Romelu Lukaku បានទទួលការពិន័យស្រាលៗពីសំណាក់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) កាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងការមានជម្លោះនៅលើទីលាន អំឡុងការប្រកួត Italian Cup កាលពីខែមករាកន្លងទៅ។
ខ្សែប្រយុទ្ធ Ibrahimovic របស់ក្រុម AC Milan បានប្រើពាក្យសម្ដីអសុរោះដាក់ខ្សែប្រយុទ្ធ Lukaku របស់ក្រុម Inter Milan ក្នុងជំនួបរវាងក្រុមក្នុងក្រុងតែ ១ អំឡុងការប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយ ហើយបន្ទាប់មកកីឡាករទាំង ២ យកក្បាលជល់គ្នាអមដោយការប្រើពាក្យពេចន៍ មិនល្អដាក់គ្នាទៅវិញទៅមក រហូតដល់កីឡាករសញ្ជាតិបែលហ្ស៊ិក Lukaku ដែលពេលនោះ ពេញដោយកំហឹងត្រូវបានមិត្តរួមក្រុមនាំគ្នាទៅឈរពាំង។
ពាក់ព័ន្ធនឹងការពិន័យនេះ FIGC បានឱ្យដឹងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «Ibrahimovic ត្រូវពិន័យជាប្រាក់ ៤ ពាន់អឺរ៉ូ ($៤ ៨០០) ពិន័យ ៣ ពាន់អឺរ៉ូ ($៣ ៦០០) ចំពោះ Lukaku ហើយពិន័យ ២ ពាន់អឺរ៉ូ ($២ ៤០០) ចំពោះក្រុម Milan និង ១ ២៥០ អឺរ៉ូ ($១ ៥០០) ចំពោះក្រុម Inter»។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Ibrahimovic បានបដិសេធថា មិនបានប្រើពាក្យរើសអើងជាតិសាសន៍នោះឡើយនាពេលកើតជម្លោះនោះ។
កីឡាករទាំង ២ ត្រូវបានពិន័យកាតលឿងដូចគ្នា សម្រាប់ការមានវិវាទគ្នានោះ ហើយបន្ទាប់មក Ibrahimovic ក៏ត្រូវបានបណ្ដេញចេញនៅវគ្គទី ២ ក្រោយទទួលបានកាតលឿងទី២។ ការប្រកួតនាពេលនោះ ក្រុម Inter ឈ្នះ ២-១៕ VN










