ក្រុងមីឡេន: Zlatan Ibrahimovic ម៉ៅ​ផ្ដាច់ ២ គ្រាប់​ម្នាក់​ឯង អំឡុង​ការ​ប្រកួត​ ដែល​ក្រុម AC Milan ឈ្នះ Cagliari ២-០ ក្រៅ​ផ្ទះ កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​លទ្ធផល​នេះ ​​ជួយ​ឱ្យ​បាន​ឈរ​ពី​លើ​ក្រុម​គូប្រជែង​រួម​ក្រុង Inter Milan នៅ​ទី​កំពូល​នៃ​តារាង​ក្រប​ខ័ណ្ឌ Serie A អ៊ីតាលី។

២ គ្រាប់​ របស់​ខ្សែ​ប្រយុទ្ធ Ibrahimovic វ័យ ៣៩ ​ឆ្នាំ ដែល​ទើប​លេង​លើកដំបូង ក្រោយ​អវត្តមាន ២ ខែ​ ដោយសារ​របួស គ្រាប់​ទី១ កើត​ឡើង​នៅ​នាទីទី៧ ដោយសារ​ស៊ុត​បាល់​ពិន័យ ១១ ​ម៉ែត្រ ខណៈ​គ្រាប់​ទី២ ធ្វើ​បាន​សម្រេច​នៅ​នាទីទី​៥២​។

ក្រុម Milan ដែល​ដាក់គោល​ដៅ​ឈ្នះ​ពាន​លីគ​កំពូល​ជា​លើក​ដំបូង គិត​តាំង​ពី​ឆ្នាំ​ ២០១១ ពេល Ibrahimovic លេង​រដូវ​កាល​ចុង​ក្រោយ​ជាមួយ​ក្រុម កំពុង​នាំ​មុខ​ដាច់ ៣ ពិន្ទុលើ Inter ដែល​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​ចាស់ Juventus ២-០ នៅ​កីឡដ្ឋាន San Siro កាល​ពី​ថ្ងៃ​អាទិត្យ​។​

គ្រូបង្វឹក​របស់​ក្រុម Milan លោក Stefano Pioli បាន​ថ្លែង​ថា​៖ «​ជ័យ​ជម្នះ​នេះ គឺ​ជា​សញ្ញា​មួយ​យ៉ាង​ពិសេស ក្នុង​ការ​បង្ហាញ​ពី​ខ្លួន​ពួក​យើង​ថា ល្អ​ជាង Inter​។ យើង​ទាំង​អស់​គ្នា​មាន​បំណង​ចង់​នាំ​ក្រុម​ Milan ត្រឡប់​មក​ទី​កំពូល​វិញ​។ ក្រុម​ទាំង​មូល នឹង​ធ្វើ​គ្រប់​យ៉ាង តាំង​ពី​ដើម​ដល់​ទី​បញ្ចប់​»​។

លោក​ Pioli បាន​បន្ត​ថា​៖ «​ឥឡូវ​នេះ យើង​មាន​ការ​ប្រកួត​ដ៏សំខាន់​មួយ​ទល់​នឹង​ក្រុម Atalanta (ថ្ងៃ​សៅរ៍) ដូច្នេះ យើង​ត្រូវ​ផ្ដោត​ចំពោះ​ការ​ប្រកួត​នោះ ហើយ​បន្ទាប់​មក ក្នុង​ខែ​មីនា និង​មេសា យើង​នឹង​ឃើញ​ថា តើ​យើង​ឈរ​នៅ​ទីតាំង​ណា​?​»​។​

កីឡាករ Ibrahimovic បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រូប​គេបាន​ត្រឡប់​ទៅ​រក​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​ខ្លួន​ហើយ ក្រោយ​សះ​ស្បើយ​ពី​របួស ខណៈ​ក្លិប​កំពុង​ត្រៀមយក Mario Mandzukic ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​​ Juventus និង Bayern Munich ដើម្បី​ជា​ជំនួយ​ជួយ​ឱ្យ​ការ​ប្រជែង​ពាន​រឹត​តែ​មាន​សង្ឃឹម​ខ្ពស់​។

ពេល​នេះ ក្រុម Milan និង Inter នៅ​លេខ ១ និង​លេខ ២ ដោយ​មាន​ ៤៣ ពិន្ទុ និង ៤០ពិន្ទុ ក្រោយក្រុម​រួម​ក្រុង​ទាំង​ ២ បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី​១៨ ខណៈ​ក្រុម​ Napoli (៣៤ ពិន្ទុ) និង Juventus (៣៣ ពិន្ទុ) ដែល​សល់​ ១ ប្រកួត​ក្នុង​ដៃដូច​គ្នា ឈរ​នៅ​ពី​លើ​ និង​ពី​ក្រោម​ក្រុម Roma (៣៤ ពិន្ទុ) ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី៤៕ AFP/VN