ក្រុងឡុងដ៍: ក្រុម Leicester City បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូង ក្នុងរយៈពេល ៥២ ឆ្នាំ ដោយសារគ្រាប់បាល់តែ ១ គ្រាប់របស់ Kelechi Iheanacho ដែលជួយឱ្យមានជ័យជម្នះ ១-០ លើក្រុម Southampton អំឡុងការប្រកួតវគ្គ ៤ ក្រុមចុងក្រោយ ដែលធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ ៤ ០០០នាក់ នាពហុកីឡដ្ឋានជាតិ Wembley កាលពីថ្ងៃអាទិត្យ។
ចំនួនអ្នកទស្សនាដ៏ច្រើនបំផុត សម្រាប់ការប្រកួតបាល់ទាត់នៅប្រទេសអង់គ្លេសរយៈពេល ១៣ ខែនេះ ត្រូវបានរៀបចំឡើងដោយមានបុគ្គលិកការងារសំខាន់ៗ និងអ្នករស់នៅក្នុងមូលដ្ឋាន ដើម្បីជាផ្នែកមួយនៃព្រឹត្តិការណ៍សាកល្បង សម្រាប់ត្រៀមទទួលការវិលត្រឡប់របស់អ្នកគាំទ្រក្នុងចំនួនកាន់តែច្រើនជាងនេះ នៅប៉ុន្មានសប្តាហ៍ខាងមុខ។
ចំនួនមនុស្ស ៨ ពាន់នាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលពហុកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ ដើម្បីមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup រវាងក្រុម Manchester City និង ក្រុម Tottenham Hotspurs ខណៈចំនួន ២១ ០០០ នាក់នឹងស្វាគមន៍ក្រុម Leicester ដែលត្រឡប់មកកាន់ទឹកដីនៃកីឡាបាល់ទាត់អង់គ្លេសវិញ ជាថ្មីម្ដងទៀតក្នុងជំនួប FA Cup នេះ នៅវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Chelsea នាថ្ងៃទី ១៥ ខែឧសភា។
គ្រូបង្វឹករបស់ក្រុម Leicester លោក Brendan Rodgers បានថ្លែងក្រោយការប្រកួតថា៖ «បើទោះបីជាមានមនុស្សចំនួនត្រឹម ៤ ០០០ នាក់ ក៏ពិតមែន តែវាពិតជាមានអារម្មណ៍អស្ចារ្យណាស់។ វានឹងកា្លយជារឿងវិសេសវិសាលមែនទែន នៅពេលយើងអាចមានអ្នកគាំទ្រត្រឡប់មកកាន់កីឡដ្ឋានវិញ។ ខ្ញុំពិតជាបានឮសំឡេងអ្នកគាំទ្ររបស់ក្រុម Leicester ខ្លះៗ នៅទីនោះ ហើយពិតជារឿងគួរឱ្យរីករាយណាស់»។
លោក Rodgers បានបន្តថា៖ «យើងមានឱកាសបង្កើតប្រវត្តិសាស្ត្រ។ នោះហើយជាអ្វីដែលហ្គេមនេះ មានសារៈសំខាន់ ពោលគឺបានបង្កើតនូវការចងចាំមិនអាចបំភ្លេចបាន។ ខ្ញុំបានដឹងតាំងពីមកកាន់ក្រុម Leicester ម្ល៉េះ ថាតើពានរង្វាន់នេះមានអត្ថន័យយ៉ាងដូចម្ដេច សម្រាប់អ្នកគាំទ្រ?»។
ចំណែកខ្សែប្រយុទ្ធ Iheanacho ដែលស៊ុតបញ្ចូលទីនាំយកជ័យជម្នះមកឱ្យក្រុម Leicester បាននិយាយថា៖ «FA Cup ស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់ FA Cup ដែរ។ ខ្ញុំបានមើលការប្រកួត FA Cup តាំងពីនៅក្មេង ហើយឥឡូវនេះ ខ្ញុំមានឱកាសលេងនៅវគ្គផ្ដាច់ព្រ័ត្រហើយ។ វាហាក់បីដូចជាសុបិនដ៏ធំមួយសម្រាប់ខ្ញុំអ៊ីចឹង»៕ VN