ក្រុង​ប៉ារីស៖ ប្រធាន​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា កីឡាករ​បាល់​ទាត់​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​អំពាវនាវ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់ George Floyd អំឡុង​ការ​ប្រកួត​ស័ក្ដិសម​ទទួល​បាន​ការ​សរសើរ​ជា​ជាង​ត្រូវ​បាន​ដាក់​ពិន័យ​។

សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ (DFB) កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ទង្វើ​របស់​កីឡាករ​ ៣ ទៅ ៤ ​រូប ដូចជា​ខ្សែ​បម្រើ​ Jadon Sancho និង​ខ្សែ​ការពារ​ Achraf Hakimi របស់​ក្រុម Dortmund, ខ្សែ​បម្រើ​សញ្ជាតិ​អាមេរិក​ Weston McKennie ដែល​លេង​ឲ្យ​ក្រុម​ Schalke និង​កីឡាករ​របស់​ក្រុម Moenchengladbach គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ Marcus Thuram ដែល​ពួក​គេ​ទាំង​អស់​នោះ​បាន​ធ្វើ​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ Floyd ពេល​ស៊ុត​បញ្ចូល​ទី​បាន​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ។

បុរស​ស្បែក​ខ្មៅ Floyd ​ស្លាប់​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ប៉ូលិស​ស្បែក​ស ​១ ​រូប នៅ​ក្រុង​ Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក បាន​សង្កត់​ក​របស់​គេ​ដោយ​ជង្គង់​​ជាច្រើន​នាទី ហើយ​បន្ទាប់​ពី​​ហេតុការណ៍​នោះ​​​ក៏​ចាប់​ផ្ដើម​​កើត​មាន​ការ​តវ៉ា​ដោយ​ហិង្សា​​ជា​បន្តបន្ទាប់​ទូទាំង​ប្រទេស​​​មហា​​​អំណាច​មួយ​នេះ​។​

តែ​សម្រាប់​លោក​ Infantino បាន​បញ្ចេញ​ការ​យល់​ឃើញ​ តាមរយៈ​សេចក្ដី​ប្រកាស​របស់ FIFA ថា​៖ «​ដើម្បី​ចៀស​វាង​ការ​សង្ស័យ​មិន​ច្បាស់​លាស់ ​​​ជា​ការ​យល់​ឃើញ​ផ្ទុយ​របស់ FIFA គឺ​ថា ការ​តវ៉ា​របស់​កីឡាករ អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Bundesliga ស័ក្តិសម​ទទួល​បាន​ការ​សរសើរ​ មិន​មែន​ការ​ដាក់​ពិន័យ​ទេ​។ យើង​ត្រូវ​តែ​ពោល​ពាក្យ​ថា​ ទេ​ចំពោះ​​ការ​ប្រកាន់​​ពូជ​សាសន៍ និង​គ្រប់​ទម្រង់​នៃ​ការ​រើស​អើង។ យើង​ត្រូវ​និយាយ​ពាក្យ​ថា​ ទេ​ចំពោះ​អំពើ​ហិង្សា​គ្រប់​រូបភាព​ទាំង​អស់»​។​

មុន​ហ្នឹង​ FIFA បាន​ស្នើ​ឲ្យ​លីក​បាល់​ទាត់​អាជីព​ទាំង​អស់​​មាន​សុភវិនិច្ឆ័យ ​ពេល​​​សម្រេច​ថា តើ​នឹង​ដាក់​ពិន័យ​​​ចំពោះ​កីឡាករ​ ដែល​បាន​បង្ហាញ​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ ឬ​អត់​ ដោយ​ស្ថាប័ន​គ្រប់គ្រង​​​បាល់ទាត់​អន្តរជាតិ​មួយ​នេះ បាន​បន្ថែម​ក្នុង​សេចក្ដី​​​​​ប្រកាស​​នោះ​ថា​៖ « FIFA យល់​​​​​ច្បាស់​ពី​ជម្រៅ​ចិត្ត និង​ក្ដី​បារម្ភ ដែល​កីឡាករ​ទាំង​នោះ បាន​បង្ហាញ​ចេញ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដ៏​សោកសៅ​នៃ​​ករណី​របស់ George Floyd នេះ​​»​។​

ក្រុម​ប្រឹក្សា​សមាគម​បាល់ទាត់​អន្តរជាតិ (IFAB) ដែល​ជា​អ្នក​ច្បាប់​របស់​កីឡា​នេះ ​ហាមឃាត់​រាល់​កីឡាករ​ទាំង​អស់ ​មិន​ឲ្យ​ធ្វើ​ការ​បង្ហាញ​ណា​មួយ ទាក់ទង​ដល់​នយោបាយ ជំនឿ​សាសនា ឬ​ពាក្យ​ស្លោក​ផ្ទាល់​ខ្លួន សេចក្ដី​ថ្លែង​ការណ៍ ឬ​រូបភាព​ផ្សេងៗ​ ប៉ុន្តែ​ដើម្បី​បញ្ជាក់​​​ពី​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​របស់​ខ្លួន​ FIFA បាន​លើក​ឡើង​ថា គ្មាន​វិធាន​ការ​អ្វី​ទាំង​អស់ ចំពោះ​​កីឡាករ Sancho, Hakimi ឬ​ក៏ McKennie​។

តែ​យ៉ាង​ណា​ DFB ក៏​នៅ​តែ​​​ស៊ើប​អង្កេត​ពី​ទង្វើ​នៃ​​កីឡាករ​​ទាំង​នោះ ​តាម​ច្បាប់​ IFAB ទោះ​ជា​ប្រធាន​សហព័ន្ធ​ លោក​ Fritz Keller ប្រាប់​​ថា គាត់​យល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​កីឡាករ​គ្រប់​រូប​ ដោយ​លោក​​ថ្លែង​ថា​៖ «​ប្រសិន​បើ​មនុស្ស​ត្រូវ​បាន​ប្រកាន់​ ព្រោះ​តែ​សម្បុរ​​ស្បែក​របស់​ពួក​គេ​ វា​ជា​រឿង​ដែល​មិន​អាច​ទ្រាំ​បាន​ទេ​។ បើ​សិន​ជា​ពួក​គេ បាត់បង់​ជីវិត ដោយសារ​តែ​សម្បុរ​ស្បែក​របស់​ពួក​គេ​ ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់។ ​ជន​រង​គ្រោះ​​នៃ​ការ​រើស​អើង​ទាំង​នោះ ត្រូវ​ការ​ការ​រួប​រួម​គ្នា​របស់​​ពួក​យើង​»​៕ AFP/VN