ក្រុង​ម៉ា​ឌ្រីដ: Andres Iniesta ហាក់​ដូច​ជា​កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​រាល់ ​ដើម្បី​ចូល​រួម​ជា​មួយ​នឹងក្លិប​ជប៉ុន Vissel Kobe ក្រោយ​ពី​​បង្ហើប​នៅ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ចន្ទ​ថា រូប​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ «ផ្ទះ​ថ្មី» របស់​គេ ជា​មួយ​នឹង «មិត្ត​ភ័ក្តិ» របស់​គេ​គឺ​លោក Hiroshi Mikitani ដែល​​ជា​ម្ចាស់​ក្លិប​​ក្រប​ខ័ណ្ឌ J-League មួយ​នេះ​។

អតីត​​ខ្សែ​បម្រើ​របស់​ក្លិប Barcelona វ័យ​៣៤​ឆ្នាំ​រូបនេះ ​បាន​បង្ហោះ​រូប​ថត​របស់​គេ​ផ្ទាល់ និង​លោក Mikitani នៅ​លើ​យន្ត​​ឯក​ជន​​១​គ្រឿង រួម​ជាមួយ​នឹង​ទង់​ជាតិ​របស់​ជប៉ុន និង​បាល់​ទាត់​។

Iniesta ដែល​​បាន​រក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នៅ​ពេល​ប្រកួត​ជា​មួយនឹងក្រុម​ជម្រើស​ជាតិហូ​ឡង់ ក្នុង​ការប្រកួត​​ព្រឹត្តិ​ការណ៍ World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០១០ បាន​ស្ថិ​តក្នុង​បញ្ជី​ឈ្មោះ​នាំ​មុខ​គេ​ក្នុង​បញ្ជី​​​​កីឡាករ​ដែល​លោក Mikitani ចង់​បាន​។

ពាណិជ្ជ​ករ​ជា​មហា​សេដ្ឋី​រូបនេះ ក៏​ជា​ស្ថាប​និក និង​ជា​នា​យក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន Rakuten ដែល​ជា​ម្ចាស់​ឧប​ត្ថម្ភ​ធំ​របស់​ក្លិប Barcelona និង​បាន​ទាក់​ទង​ជា​ឯក​ជន​​ដើម្បី​នាំ​យក Iniesta ទៅ​ក្លិប​របស់​ខ្លួន​៕ IS

ខ្សែ​បម្រើ Andres Iniesta ត្រូវ​បាន​អប​អរ​ដោយ​មិត្ត​រួម​ក្រុម ក្រោយពី​លេង​​ការ​ប្រកួត​ជាលើក​ចុង​ក្រោយ​របស់​គេ​​សម្រាប់ Barcelona​។ AFP