ក្រុងម៉ាឌ្រីដ: កីឡាករជើងចាស់ដ៏ឆ្នើម ២ នាក់របស់អេស្ប៉ាញ បានចាកចេញពីក្លិបកាលពីកុមារភាពរបស់ពួកគេ កាលពីថ្ងៃអាទិត្យ ខណៈដែល Andres Iniesta បាននិយាយថា «លាហើយ» ទៅកាន់ក្លិប Barcelona ហើយខ្សែប្រយុទ្ធ Fernando Torres ក៏បានចាកចេញពីក្លិប Aletico Madrid ផងដែរ។
Torres បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ នៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី ១ របស់គេសម្រាប់ Atletico ទោះបីការរងពិន័យកាតក្រហមរបស់ Lucas Hernandez បានជួយឲ្យក្រុម Eibar ដណ្តើមបានលទ្ធផលស្មើ ២-២ នៅថ្ងៃចុងក្រោយនៃក្របខ័ណ្ឌ La Liga នារដូវកាលនេះក៏ដោយ។
ស្របពេលជាមួយគ្នានេះ ការចំណាយពេល ២២ ឆ្នាំរបស់ Iniesta ជាមួយនឹង Barcelona បានបញ្ចប់ជាមួយនឹងជ័យជម្នះក្នុងនាមជាកីឡាករម្នាក់ ខណៈដែលខ្សែបម្រើដែលជំនួសកន្លែងរបស់គេគឺ Philippe Coutinho បានរកគ្រាប់បាល់កាត់សេចក្តីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ១-០ លើក្រុម Real Sociedad។
ជាមួយនឹងការមានទឹកភ្នែករលីងរលោង Iniesta បានដើរចេញពីទីលានប្រកួតក្រោមការទះដៃអបអរយ៉ាងខ្លាំងពីអ្នកគាំទ្រនៅកីឡដ្ឋាន Camp Nou ក្នុងតង់ទី២ ក្រោយពីបានដោះបូរប្រធានក្រុមរបស់គេ និងបានប្រគល់ទៅឲ្យខ្សែប្រយុទ្ធ Lionel Messi។
ក្នុងពេលនិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួន Iniesta បានឲ្យដឹងថា៖ «វាជាថ្ងៃដ៏លំបាកមួយ។ ប៉ុន្តែ វាបានក្លាយជារយៈពេល២២ឆ្នាំដ៏អស្ចារ្យ។ វាបានក្លាយជាឯកសិទ្ធិមួយ និងជាការរីករាយក្នុងការការពារ និងតំណាងឲ្យក្លិបនេះ ដែលជាក្លិបដ៏ល្អបំផុតក្នុងពិភពលោកសម្រាប់ខ្ញុំ។ ខ្ញុំនឹងចងចាំវាក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត»៕ IS