The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Inter បំបាក់ AC Milan បន្លាយ​ការ​នាំ​មុខ នៅ Serie A ​




Inter បំបាក់ AC Milan បន្លាយ​ការ​នាំ​មុខ នៅ Serie A ​

Content image - Phnom Penh Post
Lukaku (កណ្ដាល​) របស់​ Inter ព្យាយាម​ស៊ុត​បាល់​តម្រង់​ទី ដោយ​មាន​ការ​ផ្ដួល​ខ្លួន​​ការពារ​ពី Kjaer (ឆ្វេង) របស់ Milan អំឡុងការ​ប្រកួត នៅ Serie A កាល​ពី​ថ្ងៃ​អាទិត្យ​។​​​

Inter បំបាក់ AC Milan បន្លាយ​ការ​នាំ​មុខ នៅ Serie A ​

ក្រុង​មីឡេន​: ក្រុម Inter Milan បាន​យក​ឈ្នះ​ក្រុម​គូប្រជែង​រួម​ក្រុង AC Milan ៣-០ ដើម្បី​ធ្វើ​ឱ្យ​គម្លាត​នៃ​​ការ​នាំ​មុខនៅ​ទីកំពូល​តារាង​របស់​ក្របខ័ណ្ឌ​ Serie A រាង​ឆ្ងាយ​បន្តិច កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​គ្រាប់​ជ័យ​ជម្នះ​ទាំង​នោះ ២​ គ្រាប់​ ជា​ថ្វី​ជើង​របស់ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ហើយ ១ គ្រាប់​ទៀត​ ស៊ុត​ដុត​ដោយ Romelu Lukaku​។

ក្រុម Inter មាន ៤​ ពិន្ទុ​ នាំ​មុខ​ក្រុម​គូប្រជែង ដែល​នៅ​លំដាប់​ទី២ ស្រប​ពេល​ក្រុម​របស់​លោក Antonio Conte ដាក់​គោល​ដៅ​ឱ្យ​បាន​ឈ្នះ​ពាន​​លីគ​កំពូល​ជាលើក​ដំបូង គិត​តាំង​ពី​ដណ្ដើម​បានពាន​រង្វាន់​ក្នុង​ស្រុក​ដល់​ទៅ ៣ ក្នុង​ឆ្នាំ​២០១០​ ដែល​ពេល​នោះ​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​របស់​ក្រុម Tottenham Hotspur បច្ចុប្បន្ន គឺ​លោក Jose Mourinho​។

កីឡាករ Lukaku កំពុង​ឡើង​ដល់​កម្រិត​កំពូល ដោយខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែល​ហ្ស៊ិក បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​គ្រាប់​បាល់​ទាំង ២ របស់ Martinez ដែល​បំប៉ោង​សំណាញ់​ទី​ នៅ​នាទីទី​៥ និង​ ៥៧ មុន​នឹង​ស៊ុត​បញ្ចូល​ទីគ្រាប់​ទី ១៧​ របស់​ខ្លួន សម្រាប់​ការ​ប្រកួត ក្នុង​លីគ នា​រដូវកាល​នេះ ដើម្បី​ឡើង​ទៅ​ឈរ​លើ​គេ ក្នុង​តារាង​ឈ្មោះ​នៃ​អ្នក​រក​គ្រាប់​បាល់​បាន​របស់​ Serie A​។

ក្រុម​ Milan ដែល​តាម​ប្រកួត​ប្រជែង​ឱ្យ​បាន​លើក​ពាន Scudetto (Serie A) ជា​លើក​ដំបូង តាំង​ពី​ឆ្នាំ​ ២០១១ ភា្លត់​ចាញ់ ២ដងបន្ត​បន្ទាប់​គ្នា ជា​លើក​ទី១ នា​រដូវ​កាល​នេះ ដោយ​ការ​ប្រឹង​ប្រជែង​ពាន​រង្វាន់​របស់​ខ្លួន បាន​រង​នូវ​ការ​ប៉ះ​ទង្គិច​ម្ដង​ទៀត​ជាមួយ​នឹង​បរា​ជ័យ​ទី​៤ ក្នុង​ចំណោម​ ៨ ​ហ្គេមចុង​ក្រោយក្នុង​លីគ​។

បន្ទាប់​ពី​អាច​ជួយ​ក្រុម​ឱ្យឈ្នះ​ប្រកួត​ដ៏​សំខាន់​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់​ទីន Martinez វ័យ ២៣ ​ឆ្នាំ បាន​និយាយ​ថា​៖ «​យើង​បាន​ទទួល​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ច្រើន​ នា​រដូវកាល​នេះ​។ យើង​ធ្លាក់​ពី​ការ​ប្រកួត​ប្រជែង ២ កម្មវិធី​ គឺ Italian Cup និង the Champions League។ នេះ​ជា​គោល​ដៅ​តែ ១ គត់ ដែល​យើង​នៅ​សល់ ដូច្នេះយើង​កំពុង​ប្រឹង​ប្រែង​ប្រយុទ្ធ ដើម្បី​សម្រេច​ឱ្យ​បាន​»​។

ការ​ប្រកួត​រវាង​ក្លិប​​យក្ស​ទាំង ២ ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​មាន​អ្នក​គាំទ្រ​ឡើយ​នៅ​ឯទឹក​ដី​ San Siro ដោយសារ​ការ​រាត​ត្បាត​ពី​រីរុស​កូរ៉ូណា តែ​យ៉ាង​ណាក៏​មិន​អាច​ឃាត់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​មិន​ឱ្យ​នាំ​គ្នា​មក​ជួប​ជុំ នៅ​ក្រៅ​កីឡដ្ឋាន​នោះ​ឡើយ​​ សម្រាប់​ជំនួប​ចុង​ក្រោយ​របស់​ក្រុម​នៅ​ក្រុង​មីឡេន​ជាមួយ​គ្នា នា​រដូវកាល​នេះ​។​

វា​ជាលើក​ទី៣ ដែល​ក្រុម​ទាំង ២ បាន​ប៉ះ​គ្នា​ នៅ​រដូវកាល​នេះ ដោយ​ជំនួប​ដំបូង​ក្រុម Milan ឈ្នះ ២-១ សម្រាប់​ប្រកួត ក្នុងលីគ ហើយ​បន្ទាប់​មក ក្រុម Inter សង​សឹក​បាន​សម្រេច​វិញ ក្នុង​លទ្ធផល​ពិន្ទុ​ដូច​គ្នា អំឡុង​ការ​ប្រកួត​​ពាន Italian Cup ក្នុង​វគ្គ ៨​ ក្រុម​ចុង​ក្រោយ ដែល​ជា​ហ្គេម ត្រូវ​អាប់​អួដោយ​សារ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង Zlatan Ibrahimovic និង Lukaku ​រហូត​ដល់​មាន​ការ​ប្រើ​ពាក្យ​អសុរោះដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ក្រោយ​មក​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សាសញ្ជាតិ​ស៊ុយ​អែត​ ត្រូវ​បណ្ដេញ​ចេញ​។

ក្រោយ​បញ្ចប់​សប្ដាហ៍​ទី២៣ នេះ ឃើញ​ថា ក្រុម Inter មាន ៥៣​ ពិន្ទុ ឈរ​លេខ ១ ក្នុង​តារាង​ពិន្ទុ​នៃ​ក្រប​ខ័ណ្ឌកំពូល​របស់​អ៊ីតាលី ហើយ​ក្រុម Milan នៅ​លេខ ២ ជាមួយ ៤៩​ ពិន្ទុ ដោយ​មាន​គម្លាត​ ៥ ​ពិន្ទុ ពី​ក្រុម​លេខ​ ៣ Roma និង​ ៦​ ពិន្ទុ ពី​ក្រុម Atalanta ដែល​នៅលំដាប់​ទី៤។ រីឯ​ក្រុម​ជើង​ឯក​ចាស់​ Juventus ដែល​សល់ ២​ ប្រកួត​ក្នុង​ដៃ កំពុង​ឈរ​នៅ​​ចំណាត់​ថ្នាក់​ទី៦ ជាមួយ​នឹង​ការ​តាម​ពី​ក្រុម​កំពូល​តារាង​ដល់​ទៅ ១១ ពិន្ទុ​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍