ក្រុងលូសានៈ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​ឲ្យ​ថ្នាក់​គ្រប់គ្រង​ប្រដាល់​សកល​ផ្អាក​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នៅ​ការប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ប៉ុន្តែ​ថា​កីឡា​នេះ​នៅតែ​មាន​លក្ខណពិសេស​នៅក្នុង​ការប្រកួត​នេះ​។

ការណែនាំ​ពី​ថ្នាក់​គ្រប់គ្រង​របស់ IOC ដែល​ស្ទើរតែ​ត្រូវ​បាន​ប្រថាប់ត្រា​ដោយ​សមាជិក IOC ពេញលេញ​នៅ​ខែ​ក្រោយ​នេះ​បាន​កើតឡើង​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​រយៈពេល​ជាច្រើន​ខែ​ចំពោះ​ករណី​ដែល​គេ​ចោទ​ថា មាន​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​សមាគម​ប្រដាល់​អន្តរជាតិ (AIBA) ដ៏សម្បូរ​បញ្ហា​មួយ​នេះ​។ ប្រធាន IOC លោក Thomas Bach បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​ទីក្រុង Lausanne ថា​ការស៊ើបអង្កេត​នេះ​គឺ​ច្បាស់​ហើយ​។

លោក Thomas បាន​និយាយ​ថា​ភ័ស្តុតាង​នេះ​បាន​លម្អិត​ពី​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅក្នុង AIBA នេះ​ចាប់ពី​ការ​គ្មាន​អភិបាលកិច្ច​រហូត​ដល់​ការធ្វេសប្រហែស និង​ជម្លោះ​ផលប្រយោជន៍​។ ប្រធាន IOC រូប​នេះ​បាន​បន្ត​ថា ជុំវិញ​ការបណ្ដេញ AIBA ចេញ​ពី​ការប្រកួត​នៅ​ទីក្រុង​តូក្យូ​នេះ គណៈកម្មាធិការ IOC កំពុង​ខិតខំ​ធានា​ថា​អត្តពលិក​អាច​រស់នៅ​ក្នុង​ក្ដីសុបិន និង​ចូលរួម​ក្នុង​ការប្រកួត​អូឡាំពិក​នេះ​ស្រប​ពេល​កំណត់​ឲ្យ​ច្បាស់​ថា AIBA បាន​ប្រឈម​នឹង​ផលវិបាក​សំខាន់ៗ​មួយ​ចំនួន​»​។

ការស៊ើបអង្កេត​របស់ IOC នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​សវនកម្ម Deloitte ផ្ដោតលើ​កម្មវត្ថុ​មួយ​ចំនួន​ដូចជា ហិរញ្ញវត្ថុ អភិបាលកិច្ច ក្រម​សីលធម៌ ការប្រឆាំង​គ្រឿងញៀន អាជ្ញាកណ្ដាល និង​ការ​កាត់សេចក្ដី​។

គណៈកម្មាធិការ IOC បាន​និយាយ​ថា​ការស៊ើបអង្កេត​នេះ​បាន​កំណត់​ថា សមាគម AIBA មិន​បាន​បង្កើន​ដំណើរការ​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ទេ​។ ​រីឯ​AIBA បាន​និយាយ​នៅ​របាយការណ៍​ថា ខ្លួន​បាន​ដឹង​ពី​ការប្រកាស​របស់ IOC នេះហើយ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើការ​បំភ្លឺ​ពី​អ្វី​ដែល​ខ្លួន​នឹង​ត្រូវ​ធ្វើ​សម្រាប់​វិធានការ​បន្ទាប់​នោះ​ទេ​។

របាយការណ៍​នេះ​បាន​សរសេរ​ថា​៖ «​បច្ចុប្បន្ន AIBA កំពុង​ពិនិត្យ​មើល​របាយការណ៍​របស់ IOC ហើយ​មិន​ទាន់​ធ្វើការ​បកស្រាយ​ណា​មួយ​ទេ​ដោយ​រង់ចាំ​មើល​ការប្រកាស​ចុងក្រោយ​សិន​ ប៉ុន្តែ AIBA ពិតជា​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ IOC នៅពេល​អនាគត​»​។

លោក Matthieu Reeb អគ្គលេខាធិការ​តុលាការ​មជ្ឈត្តិកម្ម​សម្រាប់​កីឡា (CAS) បាន​ប្រាប់ AFP ថា​ពេល​នេះ​មិនទាន់​មាន​ការប្ដឹង​ជំទាស់​ណា​មួយ​នៅឡើយ​ទេ​ទាល់តែ​មាន​ការសម្រេចចិត្ត​ចុងក្រោយ ប៉ុន្តែ​ធម្មនុញ្ញ​អូឡាំពិក​កំណត់​ឲ្យ​តុលាការ CAS សម្រេចចិត្ត​ពី​ការប្ដឹង​ជំទាស់​នេះ​បើ AIBA ដាក់ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​នេះ​។

សមាគម AIBA បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៤៦ ហើយ​ទទួល​បាន​ភាពល្បីល្បាញ​នៅ​អូឡាំពិក​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ជាពិសេស​នៅ​ឆ្នាំ​ ១៩៦០ ជា​ពេល​ដែល​កីឡាករ Muhammad Ali បាន​ឈ្នះ​មេដាយមាស​នៅក្នុង​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​។ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់ AIBA បាន​ចាប់ផ្ដើម​ថយចុះ​បន្តិច​ម្ដងៗ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​ការកើត​មាន​វិបត្តិ​ជា​បន្តបន្ទាប់​៕ SN