ភ្នំពេញៈ កុមារា កុមារី ពិការ​ជើង មិន​អាច​ដើរ​បាន មកពី​ខេត្ត​ជាច្រើន ត្រូវ​បាន​អង្គការ​ផ្កាយ​សមុទ្រ (ISF) ប្រមូល​ផ្តុំ​មក​ហ្វឹកហាត់​កីឡា​បាល់បោះ​អង្គុយ​លើ​រទេះ ដើម្បី​ផ្លាស់​ប្តូរជីវិត​របស់​អ្នក​ទាំង​នោះ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ ក្នុង​សកម្មភាព​កីឡា​លើ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ នៅ​ភូមិ​និង ឃុំ​ព្រះធាតុ ស្រុក​កណ្តាលស្ទឹង។

លោកស្រី ជួប វិច្ឆិកា នាយិកា​អង្គការ​ផ្កាយ​សមុទ្រ ប្រាប់​ថា ISF ដែល​មាន​ទស្សនវិស័យ​តម្រង់​ទិស​ផ្តោត​លើ​ការ​អប់រំ និង​កីឡា បាន​ផ្តល់​ឱកាស​ដល់​ក្មេងៗ គ្មាន​ទីពឹង មិន​បាន​ចូល​សាលារៀន ឲ្យ​មក​ទទួល​សេវា​រៀន​សូត្រ និង​លេង​កីឡា ហើយ​ក្រៅពី​បង្វឹក​ផ្នែក​បាល់ទាត់ ដែល​មាន​ក្មេង​ជិត ៨០០០ នាក់ អង្គការ បាន​យក​ចិត្ត​ទុក​ដាក់​បង្កើត​បាល់ទាត់ ជាមួយ​ក្មេង​គ​ថ្លង់ និង​ក្មេង​មាន​ផ្ទុក​មេរោគ​អេដជ៍ ទៀត​ផង។

លោកស្រី បញ្ជាក់ថា៖ «ឥឡូវនេះ​យើង​កំពុង​បណ្តុះបណ្តាល​អត្តពលិក​ពិការ​ជើង​ឲ្យ​លេង​បាល់បោះ​អង្គុយ​លើ​រទេះ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោកគ្រូ​បង្វឹក​ខ្មែរ និង​មក​ពី​អូស្ត្រាលី ដើម្បី​ផ្តល់​ឲ្យ​ពួកគេ បាន​លេង​កីឡា​កែប្រែ​ស្ថានភាព​ស្មុគ្រស្មាញ មក​កាន់​ការ​សប្បាយ​រីករាយ​ក្នុង​ជីវិត ដូច​ក្មេង​ធម្មតា»។

លោក ភី វឌ្ឍនា ជំនួយការ​សម្រប​សម្រួល ISF និយាយ​ថា៖ «បច្ចុប្បន្ន​ក្មេងៗ​ពិការ កំពុង​ហ្វឹកហាត់​បាល់​បោះ​ជិះរទេះ មាន​ជាង ២០ នាក់ ហើយ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ជា​ប្រចាំ ក្រៅ​ពី​សិក្សា និង​ការ​ប្រកួត​នៅ​ចុង​សប្តាហ៍ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ភាព​កក់ក្តៅ​ក្នុង​ជីវិត ជាមួយ ISF ដែល​បាន​ធ្វើការ​ជាមួយ​ដៃគូ​ជា​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ជាច្រើន ក្នុងការ​លើក​ស្ទួយ បណ្តុះ​បណ្តាល​ដល់​កុមារ ដែល​គ្មាន​លទ្ធភាព​ចូល​រៀន​សាលា​រដ្ឋ ឬ​ឯកជន ដោយ​សារ​គ្មាន​អាណាព្យាបាល ឬ​ឪពុក​ម្តាយ មាន​ជីវភាព​ក្រីក្រ​លំបាក៕