ភ្នំពេញៈ ក្រុម​ចំណូល​ថ្មី ISI Group United បាន​លត់​ក្រុម​គ្រួសារ​កីឡាករ​តាំង​គោល​រហូត​ដល់ ១១-០ កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​បញ្ចប់​ភាពមន្ទិល​ក្នុង​ការឈ្នះ​ពាន​ពាក់កណ្តាល​អាជីព Keller Williams Cambodia League 2019 (KW Cambodia League) ជា​លើកដំបូង ហើយ​ជោគជ័យ​នេះ​បាន​ធ្វើឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Avatar FC ក្រុម​ជើងឯករង Khmer United A ក្រុម​ជើងឯក​ឆ្នាំ​ ២០១៧ Bayon Wanderers និង Riel PP នៅ​សល់​ត្រឹម​ឱកាស​ដណ្តើម​គ្នា​យក​ពាន​តូច​។

លោក សៀក សុវណ្ណ អ្នកចាត់ការ​ទូទៅ​ក្រុម ISI Group United បាន​ចាត់ទុក​ការឈ្នះ​ពាន​នេះ​ថា ជា​លទ្ធផល​ដែល​ទទួល​បាន​លើស​ពី​ការរំពឹងទុក​។ លោក​បាន​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​តាមពិត​ការចូលរួម​ជា​លើក​ដំបូង​ក្នុង​ពាន KW Cambodia League 2019 នេះ យើង​មិន​បាន​ដាក់​គោលដៅ​ប្រជែង​យក​ពាន​នោះ​ទេ គឺ​យើង​គ្រាន់តែ​ចូល​លេង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​របស់​យើង​បាន​ប្រកួត និង​ពង្រឹង​សមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​ពាន KMH Champions League»​។

លោក​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​នៅពេល​ប្រកួត យើង​បាន​ឈ្នះ​ជា​បន្តបន្ទាប់​ធ្វើឲ្យ​ពួកយើង​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការលេង​ហេតុនេះ​ការឈ្នះ​ពាន​នេះ វា​ជា​លទ្ធផល​ដ៏ល្អ​ដែល​លើស​ពី​អ្វី​ដែល​យើង​បាន​រំពឹងទុក ហើយ​តាមរយៈ​ការប្រកួត​នេះ​វា​បាន​ជួយ​ឲ្យ​ក្រុម​របស់​យើង​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ក្នុង​ការប្រកួត KMH Champions League ដោយ​ពេល​នេះ​យើង​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​បាន​ស្មើ ១-១ ក្នុង​ការប្រកួត​ជើង​ទី​ ១ ជាមួយ​ក្រុម​ដោនថោន​ស្ពត ឯ​ការប្រកួត​កាត់​សេចក្តី​ជើង​ទី​ ២ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​មិថុនា​ខាង​មុខ​នេះ​»​។

នៅក្នុង​ការប្រកួត​វិលជុំ​សរុប​ចំនួន​ ១៥ ​លើក​នេះ ISI Group United បាន​ស្មើ​តែម្តង​គត់​ជាមួយ​ក្រុម Khmer United A ក្រៅពី​នោះ​ពួកគេ​បាន​ឈ្នះ​ទាំងអស់ ហើយ​ការឈ្នះ​ ១៤ ​ដង និង​ស្មើ​ ១ ​នេះ​បាន​ជួយ​ឲ្យ​ក្រុម ISI មាន​ពិន្ទុ​ច្រើន​ជាង​ក្រុម​ម្ចាស់​ជើងឯក Avatar ត្រឹម​ ១ ​ពិន្ទុ​ប៉ុណ្ណោះ​គឺ ៤៣ ​ទល់​នឹង​ ៤២ ​ពិន្ទុ​។

ខ្សែប្រយុទ្ធ​ក្រុម Khmer United A បាន​អូស​បាល់​រំលង​ក្រុម Sen Sok Empire​។ សហការី

មិនមែន​តែ​ក្រុម Avatar FC ប៉ុណ្ណោះ​ទេ​ដែល​ជួប​ការខកចិត្ត ប៉ុន្តែ Khmer United A ដែល​បាន​លត់​ក្រុម Sen Sok Empire FT ៨-១ កាលពី​ថ្ងៃ​អាទិត្យ​ក៏​មាន​ការខកចិត្ត​ខ្លាំង​ផង​ដែរ ព្រោះ Khmer United A បាន​ដាក់​គោលដៅ​ខ្ពស់​បំផុត​ក្នុង​ការចង់​ឈ្នះ​ពាន​នៅ​ឆ្នាំ​នេះ ដើម្បី​លុបចោល​ការខកចិត្ត​ចំពោះ​ការឈ្នះ​បាន​ត្រឹម​ជើងឯករង​ចំនួន ​២ ​រដូវកាល​កន្លង​មក​នេះ តែ​ពួកគេ​នៅតែ​ធ្វើ​មិន​បាន​សម្រេច​ដដែល​។

តាមរយៈ​ការប្រកួត​ ១៥ ​លើក​មក​នេះ Khmer United A ឈ្នះ​បាន​ ១២ ស្មើ​ ២ និង​ចាញ់​ ១ ​ប្រកួត​មាន​ ៣៨ ​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម Riel PP ដែល​ឈរ​នៅ​លេខ​ ៤ មាន​ ៣៨ ​ពិន្ទុ​ជាមួយ​ការឈ្នះ​ ១២ ស្មើ​ ១ ចាញ់​ ២ ​ដង និង​ក្រុម Bayon ឈរ​នៅ​លេខ​ ៥ មាន ​៣១ ​ពិន្ទុ​ដោយ​ឈ្នះ​បាន​ ១០ ​ដង ស្មើ​ ១ ចាញ់​ ៤ ​ដង​។

ជាមួយ​លទ្ធផល​នេះ​ក្រុម Avatar FC, Khmer United A, Bayon Wanderers និង Riel PP នឹង​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ពាន​តូច KW Cambodia Cup 2019 ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ទីលាន KMH នា​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ហើយ​តាម​ការចាប់​ឆ្នោត​វគ្គ​ខ្វែង​របស់​ក្រុម​ទាំង​ ៤ ​នេះ​កាលពី​ថ្ងៃ​ចន្ទ​គឺ​ក្រុម Avatar ប៉ះ​ក្រុម Khmer United A ខណៈ Bayon ជួប Riel PP​។ ចំណែក​ក្រុម​ឈ្នះ​ទាំង​ ២ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​យក​ពាន​តូច​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃទី​ ១៤ ខែ​កក្កដា ហើយ​ក្រុម ISI Group United ក៏ត្រូវ​លើក​ពាន​ធំ​នៅ​យប់​ថ្ងៃ​នោះ​ផង​ដែរ​៕