ភ្នំពេញ: ក្រុម​ម្ចាស់​ជើងឯករង​ ២ ​សម័យកាល Khmer United A បាន​នឹង​កំពុង​ថមថយ​នូវ​ឱកាស​សម្រាប់​ឆ្ពោះ​ទៅ​រក​ការឈ្នះ​ពាន​ពាក់​កណ្តាល​អាជីព Keller Williams Cambodia League 2019 ជា​លើកដំបូង​របស់​ខ្លួន បន្ទាប់ពី​ក្រុម​មិនទាន់​ស្គាល់​ការចាញ់​មួយ​នេះ​រក​បាន​ត្រឹម​ ១ ​ពិន្ទុ​សម្រាប់​ការវិល​មក​ជួប​ក្រុម​ខ្លាំង​ចំណូល​ថ្មី ISI Group United កាលពី​ថ្ងៃ​អាទិត្យ​។

ការវិល​មក​ជួប​គ្នា​រវាង​ក្រុម Khmer United A និង​ក្រុម ISI នៅ​កីឡដ្ឋាន​វេស្ទើន សម្រាប់​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី​ ៦ ​នេះ វា​បាន​ក្លាយ​ជា​ការប្រកួត​ដ៏សំខាន់​បំផុត​ព្រោះ​ ៥ ​ប្រកួត​កន្លង​មក​នេះ​ក្រុម​ទាំង​ ២ ​នេះ​បាន​ឈ្នះ​គ្រប់​ការប្រកួត​ដូចគ្នា​ហេតុនេះ​ក្រុម​ដែល​ទទួល​បាន​ ៣ ​ពិន្ទុ​លើក​នេះ​នឹង​មាន​ភាគរយ​កាន់តែ​ច្រើន​ក្នុង​ការឆ្ពោះ​ទៅ​រក​ការឈ្នះ​ពាន ប៉ុន្តែ​មិន​មាន​ក្រុម​ណា​ឈ្នះ​បាន​ ៣ ​ពិន្ទុ​នោះទេ​។

នៅក្នុង​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នោះ​ខ្សែការពារ​របស់​ក្រុម Khmer United A បាន​បង្កើត​ឲ្យ​មាន​កំហុស​ដោយ​បាន​ធ្វើឲ្យ​ខ្សែប្រយុទ្ធ​របស់​ក្រុម ISI ដួល​នៅក្នុង​ប្រអប់​ទី​ខ្លួនឯង​។ លោក​អាជ្ញាកណ្តាល​បាន​សម្រេច​ផ្តល់​បាល់​ពិន័យ​ឲ្យ ISI ហើយ​ពួកគេ​ស៊ុត​បាន​សម្រេច​នៅ​នាទី​ទី​ ៣២ ដើម្បី​នាំមុខ ១-០ មុន​។

ប៉ុន្តែ​នៅ​ចុង​តង់​ទី​ ១ ​នេះ​កីឡាករ​បរទេស​ពាក់​លេខ​ ៦៣ របស់​ក្រុម ISI បាន​យក​ដៃ​ទៅ​ប៉ះបាល់​នៅ​តំបន់​គ្រោះថ្នាក់​គឺ​នៅពេល​រូបគេ​បាន​ព្យាយាម​ពាំង​បាល់​ដែល​ស៊ុត​ដោយ​ក្រុម Khmer United A ។ កំហុស​នេះ​លោក​អាជ្ញាកណ្តាល​បាន​ផ្តល់​ពិន័យ​ ១១ ​ម៉ែត្រ​ទៅ​ឲ្យ Khmer United A ហើយ​ខ្សែប្រយុទ្ធ រស់ រតនៈ ជា​អ្នក​ស៊ុត​បាន​បាល់​នោះ​បាន​សម្រេច​នៅ​នាទី​ទី​ ៤៤​។

ចំណែក​ការប្រកួត​នៅ​តង់​ទី​ ២ Khmer United A និង ISI មិន​អាច​រក​បាន​គ្រាប់​បាល់​ថែម​ដូចគ្នា ហើយ​ការស្មើ​គ្នា ១-១ នេះ​វា​បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​ធ្លាប់​ឈរ​នៅ​លេខ​ ២ Riel Phnom Penh ​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ​វិញ​ព្រោះ​ពួកគេ​បាន​លត់​ក្រុម Sen Sok Empire FT ១២-០ កាលពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ​ដើម្បី​មាន​ ១៨ ​ពិន្ទុ​ពេញ​។ ឯ​ក្រុម Khmer United A ធ្លាក់​មក​ឈរ​នៅ​លេខ​ ២ ​វិញ​ហើយ​ក្រុម ISI បន្ត​ឈរ​នៅ​លេខ​ ៣ ដដែល​ដោយ​មាន​ ១៦ ​ពិន្ទុ​ស្មើ​គ្នា​។

ចំណែក​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៨ Avatar FC បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៧ Bayon Wanderers ៣-១ ដើម្បី​បន្ត​ឈរ​នៅ​លេខ​ ៤ មាន​ ១៥ ​ពិន្ទុ​ហើយ Bayon ឈរ​នៅ​លេខ​ ៥ មាន​ ១២ ​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​បាសាក់ ដែល​បាន​ចាញ់​ក្រុម Manbo PP ៣-២ នៅ​សប្តាហ៍​នេះ​ដែរ​។

ដោយឡែក​ក្រុម Khmer United U22 បាន​លត់​ក្រុម​គ្រួសារ​កីឡាករ​តាំងគោក ៥-០ ដើម្បី​ឈរ​នៅ​លេខ​ ៧ មាន​ ១០ ពិន្ទុ​លើស​ក្រុម Mambo PP និង​ក្រុម ATK ១ ​ពិន្ទុ ព្រោះ ATK បាន​ចាញ់​ក្រុម Sniper FC រហូត​ដល់ ៦-១ ប៉ុន្តែ Khmer United B បាន​លត់​ក្រុម​ចម្រុះ​ដោយ​បរទេស Anvaya ៩-០ ដើម្បី​មាន​ ៩ ​ពិន្ទុ​ដែរ​។

យ៉ាងណា​ក៏ដោយ​ដើម្បី​ធ្វើឲ្យ​ការប្រកួត​នេះ​កាន់តែ​មាន​ភាពស្វិតស្វាញ គណៈកម្មការ​រៀបចំ​ការប្រកួត KW Cambodia League 2019 បាន​សម្រេច​ឲ្យ​ក្រុម​ទាំង​ ១៦ អាច​ធ្វើការ​ដោះដូរ​កីឡាករ​បាន​ ៥ ​នាក់ ហើយ​ការសម្រេច​នេះ​ត្រូវ​អនុវត្ត​ចាប់ពី​ការប្រកួត​សប្តាហ៍​ទី​ ៧ គឺ​ពី​ថ្ងៃទី​ ២៩ ខែ​មេសា​រហូត​ដល់​ថ្ងៃទី​ ២ ខែ​ឧសភា​៕