The Phnom Penh Post Search

Search form

ISI PALM និង CBS បន្ត​រួមគ្នា​បង្កើត​ការ​ប្រកួត​ដណ្តើម​ពាន​អន្តរជាតិ

Content image - Phnom Penh Post
សមាសភាព​កីឡាករ​កម្ពុជា​ទាំង​ ៤ ​នាក់​ និងថៃ ៤ ​នាក់ ដែល​ត្រូវប្រកួត​ដណ្តើម​ពាន​លើក​នេះ។ សហការី

ISI PALM និង CBS បន្ត​រួមគ្នា​បង្កើត​ការ​ប្រកួត​ដណ្តើម​ពាន​អន្តរជាតិ

ភ្នំពេញៈ ការទទួលបាន​ជោគជ័យ សម្រាប់​ការប្រកួត​ដណ្តើមពាន​អន្តរជាតិ «កំពូល​អ្នក​ប្រដាល់​កណ្តាប់​ដៃ​ដែក ISI PALM» ចំនួន ២ រដូវ​កាល​កន្លង​មក​នេះ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ស័ង្កសី​ពណ៌ ISI PALM និង​ក្រុមហ៊ុន CBS បាន​ឈាន​ដល់​ការ​ឯក​ភាព​គ្នា​ក្នុង​ការ​បន្ត​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត ដណ្តើម​ពាន​អន្តរជាតិ រដូវ​កាល​ទី ៣ ក្នុង​ទម្ងន់ ៥៧ គ.ក្រ ដែល​នឹង​ចាប់​ដំណើរការ​ប្រកួត​ប្រជែង​នៅ​លើ​សង្វៀន CNC នា​ម៉ោង ១១:០០ ថ្ងៃ​អាទិត្យ​នេះ។

កីឡាករ​ជើង​ខ្លាំង​កម្ពុជា​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ចំនួន ៤ នាក់ មាន សុខ ធី, តាញ់ មករា (ធន់ មករា), ឡុង ជិន និង ឈុត សេរីវ៉ាន់ថង ត្រូវ​បាន​ជ្រើស​រើស​ដាក់​ឲ្យ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ប្រយុទ្ធ​ទាំង ៤ នាក់​របស់​ថៃ រួម​មាន Kaophodam, Thnosiklek, Phitbonmi និង Photakvan នៅ​ក្នុង​ការ​ប្រកួត​រដូវ​កាល​ទី ៣ នេះ ហើយ​អ្នក​ទាំង​នេះ​នឹង​ត្រូវ​បង្ហាញ​ខ្លួន ក្នុង​សន្និសីទ​កាសែត មុន​ការ​ប្រកួត​នៅ​ស្ថានីយ​ទូរទស្សន៍ CNC នា​ព្រឹក​ម៉ោង ១០:២០ ថ្ងៃ​អាទិត្យ​នេះ។

លោក ម៉ា ស៊ី​ថេត អនុប្រធាន​គ្រប់គ្រង​កីឡា​របស់ CBS បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ល្ងាច​ម្សិល​មិញ​ថា៖ «ក្រុមហ៊ុន ISI PALM បាន​ចុះ​កុងត្រា​រយៈពេល​វែង​ជាមួយ CBS ដោយ​ធ្វើ​ឡើង ១ ឆ្នាំ​ម្តងៗ ហើយ​គាត់​ឲ្យ​រៀបចំ​ជា​លក្ខណៈ​ដណ្តើម​ពាន​អន្តរជាតិ ហើយ​គោល​ដៅ​ទៅ​ថ្ងៃ​អនាគត គឺ​នៅ​ពេល​ដែល​ផលិត​អ្នក​ឈ្នះ​ពាន​បាន​ច្រើន​ហើយ គាត់​នឹង​រៀបចំ​ម្ចាស់​ជើង​ឯក​ក្នុង​ទម្ងន់​ដូចគ្នា​ឲ្យ​ប្រកួត​ដណ្តើម​ពាន អ៊ីចឹង​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ពាន ២ ម្នាក់​ឯង​តែ​ម្តង»។

ជាមួយគ្នានេះ​លោក ស៊ី​ថេត បាន​បង្ហើប​ថា សង្វៀន CNC នឹងមាន​ការ​រចនា​ឆាក និង​បន្ថែម​នូវ​ភ្លើង​ពណ៌​ឲ្យ​កាន់​តែ​ស្អាត និង​ប្លែក ហើយ​លោក​បាន​ចាត់​ទុក​ការ​ប្រកួត​រដូវ​កាល​ទី ៣ នេះ​ថា ជា​វគ្គ​ដ៏​ល្អ ដែល ISI PALM បាន​ផ្តល់​ឱកាស​ឲ្យ​រៀបចំ​កីឡាករ​ទម្ងន់ ៥៧ គីឡូក្រាម បាន​ប្រកួត​ដណ្តើម​ពាន​នេះ។

លោក​និយាយថា៖ «បើ​និយាយ​ពី​កម្រិត និង​គុណភាព​កីឡាករ គឺ​វគ្គ​នេះ​ល្អ​មែនទែន ដែល ISI PALM បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ទម្ងន់ ៥៧ គ.ក្រ គឺ​ខុស​ពី​ស្ពនស័រ​ផ្សេងៗ ដែល​ចង់​បាន​តែ​គីឡូ​ធំ កីឡាករ​ដែល​ល្បី​ឈ្មោះ។ ម្យ៉ាង​ទៀត​គាត់​ក៏​ផ្តល់​ឲ្យ​កីឡាករ​កម្រិត B បាន​ប្រកួត​មិត្តភាព​អន្តរជាតិ ១គូ អម​ពាន​នេះ​ដែរ ហើយ​ការ​ផ្តល់​ឱកាស​នេះ បាន​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ​ក្នុង​ទម្ងន់​ស្រាល ខិតខំ​ហាត់ និង​ប្រកួត​ឲ្យ​បាន​ល្អ ខណៈ​ទម្ងន់​ស្រាល​នេះ វ៉ៃ​គ្នា​បាន​ល្អ មាន​ភាព​រហ័ស​រហួន ធ្វើ​ឲ្យ​អ្នក​ទស្សនា​គាំទ្រ​ច្រើន»។

ចំពោះ​រូបមន្ត​ការប្រកួត គឺ​កីឡាករ​កម្ពុជា​ឈរ​នៅ​ពូ​ល A ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ជាមួយ​ថៃ​ឈរ​នៅ​ពូល B ហើយ​អ្នក​បាន​លេខ ១ ដល់​លេខ ៤ ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ។ ចំណែក​ការ​ប្រកួត​បើក​ឆាក នៅ​ថ្ងៃ​អាទិត្យ​នេះ ឈុត សេរីវ៉ាន់ថង ត្រូវ​ជួប Phoutakvan ឯ ឡុង ជិន ប៉ះ Phitbunmi ហើយ វៀត ប៊ុនឌឿន ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​ជាមួយ​ថៃ Lumnav៕

អត្ថបទគួរចាប់អារម្មណ៍