ឡូសអេនជឺលេស៖ លោក Michael Jordan ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​​ថា ខ្លួន​​​ធ្វើ​​ការ​បរិច្ចាគ​ជា​កំណត់ត្រា​មួយ ដោយ​ការ​ផ្ដល់​ទឹក​ប្រាក់​ចំនួន $១០០ លាន​ ដល់​អង្គការ​នានា ដែល​តស៊ូ​ឲ្យ​មាន​ភាព​ស្មើគ្នា ខាង​ជាតិ​សាសន៍ និង​យុត្តិធម៌​សង្គម ចំពេល​មាន​ការ​តវ៉ា​​ជា​បន្តបន្ទាប់​ទូទាំង​សហរដ្ឋ​អាមេរិក​។​

អតីត​កីឡាករ​ឆ្នើម​របស់​ក្របខ័ណ្ឌ​បាល់​បោះ​អាជីព​ ​NBA រូប​នេះ ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា គាត់ និង​ផលិតផល​ម៉ាក Jordan Brand របស់​គាត់​នឹង​បរិច្ចាគ​​ប្រាក់​ក្នុង​រយៈពេល​ជាង ១០ ​ឆ្នាំ​ដល់​អង្គការ​​ផ្សេងៗ ក្នុង​គោល​បំណង​គាំទ្រ​លុប​បំបាត់​​ការ​រើសអើង​ជាតិ​សាសន៍៍​។ ការ​​សន្យា​នេះ ត្រូវ​គេ​ជឿ​ថា ជា​ការ​ចូលរួម​វិភាគទាន​ហិរញ្ញវត្ថុ​ធំ​បំផុត​ដល់​ក្រុម​មិន​ស្វែង​រក​ប្រាក់​ចំណេញ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​បុគ្គល​ដ៏​ល្បី ​១ ​រូប​​ពី​ពិភព​កីឡា​។

សេចក្ដី​ថ្លែង​ការណ៍​រួម​ ដែល​ធ្វើ​ឡើង​រវាង​លោក Jordan ហើយ​និង​ផលិត​ផលម៉ាក​ Jordan Brand ​ឲ្យ​ដឹង​ថា​៖ «​វា​ជា​ឆ្នាំ ​២០២០ ហើយ​ក្រុម​គ្រួសារ​របស់​យើង​រួម​ទាំង​អ្នក​គ្រប់​គ្នា​​ដែល​ជា​កម្លាំង​ចិត្ត​ដល់​ការ​រស់នៅ​របស់​យើង​​។ បើ​ទោះ​ជា​មាន​​រឿង​ច្រើន ​​ផ្លាស់​ប្តូរ​ប៉ុនណា​ក៏​ដោយ តែ​អ្វី​ដែល​អាក្រក់​បំផុត​នៅ​ដដែល​។ ជីវិត​របស់​មនុស្ស​​ស្បែក​ខ្មៅ គឺ​មាន​តម្លៃ​ណាស់​។ នេះ​​មិន​មែន​​សារ​ចម្រូង​ចម្រាស​​នោះ​ទេ។ ដរាប​ណា​ការ​រើសអើង​​ពូជ​សាសន៍ នៅ​តែ​មិន​ទាន់​​​រលាយ​បាត់​​ទាំង​ស្រុង​ទេ​នោះ ​យើង​នឹង​នៅ​តែ​បន្ត​ប្ដេជ្ញា​ការពារ និង​​លើក​​កម្ពស់​គុណភាព​ជីវិត​សម្រាប់​ជនជាតិ​ស្បែក​ខ្មៅ​»​។

សេចក្ដី​ថ្លែងការណ៍​នោះ ​បន្ត​ថា​៖ «​ថ្ងៃ​នេះ​ យើង​កំពុង​ប្រកាស​ប្រាប់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា Michael Jordan និង​ផលិតផល​​​ម៉ាក Jordan Brand នឹង​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន $១០០​ លាន​ ​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ទៅ​មុខ​ ឲ្យ​ដល់​​​អង្គការ​នានា ដែល​បូជា​ខ្លួន​ទាមទារ​​​​ធានា​ឲ្យ​បាន​សមធម៌​​ខាង​ពូជ​សាសន៍ យុត្តិធម៌​សង្គម និង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ប្រសើរ​​ជាង​មុន​​»​៕ AFP/VN