The Phnom Penh Post Search

Search form

Joshua ចង់​ជួប Wilder ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួម

Content image - Phnom Penh Post
Anthony Joshua (ឆ្វេង) ស្រេក​ឃ្លាន​ចង់​ជួប Deontay Wilder ក្នុង​ជំនួប​ដណ្តើម​ខ្សែ​ក្រវាត់​រួម។ AFP

Joshua ចង់​ជួប Wilder ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួម

ក្រុងឡុងដ៍: កីឡាករ Anthony Joshua ចង់​ជួប​ជាមួយ​នឹង​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​មិន​ស្គាល់​ចាញ់ Deontay Wilder សម្រាប់​ការ​ប្រកួត​បន្ទាប់​របស់​គេ​ជាង​ការ​ជួប​ជាមួយ​នឹង​កីឡាករ Alexander Povetkin។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​បណ្តាញ​សារ​ព័ត៌មាន BBC របស់​កីឡាករ​ប្រដាល់​ចក្រភព​អង់គ្លេស​រូប​នេះ កាល​ពី​ថ្ងៃ​អង្គារ។

Joshua បានឈ្នះ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួម​ដែល​រួមមាន WBA, IBF និង WBO ទម្ងន់​ធ្ងន់ តាមរយៈ​ការ​ផ្តួល​កីឡាករ​នូវែល​សេឡង់ Joseph Parker ក្នុង​ទីក្រុង Cardiff កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មីនា។

ភ្លាមៗបន្ទាប់ពី​ការ​ឈ្នះ​ខ្សែក្រវាត់​នោះ រូបគេ​បាន​ហៅ​ឈ្មោះ Wilder ដែលជា​ម្ចាស់​គ្រង​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​របស់​ស្ថាប័ន​ក្រុម​ប្រឹក្សា​កីឡា​ប្រដាល់​ពិភពលោក ហៅ​កាត់​ថា WBC។

អ្នកឈ្នះ​ពី​ការប្រកួត​រវាង​កីឡាករ Joshua និង Wilder នឹង​ក្លាយជា​បុរស​ទី ១ ក្នុងការ​គ្រប់គ្រង​រាល់​ខ្សែ​ក្រវាត់​ធំៗ​ទាំង ៤ ក្នុង​ពេល​តែ​មួយ។ ប៉ុន្តែ Povetkin គឺជា​បេក្ខភាព​ប្រជែង​ដណ្តើម​ខ្សែក្រវាត់ WBA។

កីឡាករ​ប្រដាល់​សញ្ជាតិ​រុស្ស៊ី​រូបនេះ ដែល​ការបរាជ័យ​តែ ១ លើក​គត់​របស់​គេ​ក្នុង​អាជីព​ប្រដាល់​ទាំង ៣៥ លើក​របស់​គេ បាន​កើត​ឡើង​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​កីឡាករ Wladimir Klitschko កាល​ពី​ខែ​តុលា ឆ្នាំ ២០១៣ នោះ បាន​បង្ហាញ​ពី​ថាមពល​នៃ​កណ្តាប់ដៃ​របស់​គេ តាមរយៈ​ការ​ផ្តួល​កីឡាករ​អង់គ្លេស David Price ឲ្យ​សន្លប់​ក្នុងការ​ប្រកួត​គូ​អម​ខ្សែ​ក្រវាត់​រវាង​កីឡាករ Joshua និង Parker។

Joshua វ័យ ២៨ ឆ្នាំ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ចង់​ធ្វើការ​ប្រកួត​ជាមួយ​នឹង Wilder ច្រើនជាង ហេតុនេះ ប្រសិន​បើ Povetkin អាច​រង់ចាំ​ការ​ប្រកួត​នៅ​ឆ្នាំ ២០១៩ នោះ​នឹង​ក្លាយជា​រឿង​ដ៏​ល្អ។ នេះ​គឺជា​បញ្ហា​មួយ នៅ​ពេល​ដែល​អ្នក​គ្រប់គ្រង​ខ្សែក្រវាត់​ច្រើន​ជាង។ អ្នក​ត្រូវតែ​រង់ចាំ​ការ​កំណត់​តាម​ច្បាប់​របស់​អង្គភាព​នីមួយៗ»។

កីឡាករ​រូបនេះ​បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «មនុស្ស​ជា-ច្រើន​ចង់​ឲ្យ​មានការ​ខ្សែក្រវាត់​មួយ​សម្រាប់​តែ​ម្ចាស់​ខ្សែក្រវាត់​ម្នាក់។ នេះ​គឺជា​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើការ​ឆ្ពោះ​ទៅ​មុខ ដើម្បី​ចង់​បាន​ការ​ប្រកួត​ជាមួយ Wilder»៕

អត្ថបទគួរចាប់អារម្មណ៍