ក្រុង​លីយ៉ុង៖ នាយក​កីឡា​ក្លិប Lyon លោក Juninho ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Karim Benzema ដែល​កំពុង​លេង​ឲ្យ​​​ក្លិប Real Madrid វិល​ត្រឡប់​មក បញ្ចប់​អាជីព​របស់​ខ្លួន​ នៅ​ក្លិប Lyon ដែល​​លេង​នៅ​ក្របខ័ណ្ឌ​ Ligue 1​។

កីឡាករ​​វ័យ ​៣១ ​ឆ្នាំ Benzema ​បាន​ឆ្លង​កាត់​សាលា​បណ្តុះបណ្តាល​បាល់ទាត់​​នៅ​ក្លិប Lyon និង​បាន​ក្លាយ​ជា​តារា​បាល់ទាត់​នៅ​ក្របខ័ណ្ឌ​​បារាំង Ligue 1 មុន​ពេល​ទៅ​លេង​ឲ្យ Real ក្នុង​តម្លៃ​ខ្លួន ​៣៥ ​លាន​អឺរ៉ូ (​ប្រហែល ​៣៨ ​លាន​ដុល្លារ​អាមេរិក) ​នៅ​ខែ ​កក្កដា​ ឆ្នាំ​២០០៩។​​

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ រក​បាន ​២៣៣ ​គ្រាប់ ​​ឲ្យ​ក្លិប​ Madrid និង​ជួយ​ឲ្យ​ក្លិប​អេស្ប៉ាញ​មួយ​នេះ ​ឈ្នះ​ពាន​រង្វាន់​ LaLiga ចំនួន ​២ ​លើក និង​ពាន​រង្វាន់​ Champions League ៤ ​លើក ​ព្រម​ទាំង​ពាន​រង្វាន់​ផ្សេងៗ​ទៀត។​ ប៉ុន្តែ​ពេល​នេះ លោក Juninho ដែល​ធ្លាប់​លេង​ជាមួយ​​ Benzema នៅ​ក្លិប Lyon ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ វិល​ត្រឡប់​ទៅ​ចូលរួម​នៅ​ក្លិប​ Lyon ​វិញ​។​

នាយក​កីឡា​សញ្ជាតិ​ប្រេស៊ីល​​រូប​នេះ​ បាន​ប្រាប់​ទូរទស្សន៍​ OLTV ថា៖ «​គោល​បំណង​របស់​ខ្ញុំ ​គឺ​ចង់​ជំរុញ​ឲ្យ​ Karim បញ្ចប់​អាជីព​របស់​គាត់​ នៅ​ក្នុង​ពេល​ចូល​រួម​នឹង​ក្លិប​ Lyon។ គាត់​មក​ពី​ទី​នេះ​ ហើយ​​គាត់​មាន​អារម្មណ៍​ពី​ទី​នេះ​ ចុះ​​ហេតុ​អ្វី​យើង​​មិន​ប្រឹងប្រែង​ផ្នែក​សេដ្ឋកិច្ច​រវាង​ភាគី​ទាំង ​២​ ដើម្បី​សម្រេច​រឿង​នេះ​?»​។

លោក Juninho បាន​បន្ថែម​ទៀត​ថា៖ «​យើង​មិន​អាច​ផ្ដល់​ប្រាក់​ខែ​ដូច​នឹង​ក្លិប​ Real Madrid បាន​ទេ ​ប៉ុន្តែ​យើង​នឹង​រង់ចាំ​ពេល​វេលា​ត្រឹមត្រូវ​។​ យើង​បាន​ឆ្លើយ​ឆ្លង​សារ​ជាមួយ​​នឹង​គ្នា​នៅ​ពេល​ខ្ញុំ​នៅ​ប្រទេស ​ប្រេស៊ីល​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​ក៏​ចង់​មក​ទី​នេះ​ផង​ដែរ​។ គាត់​មាន​ការ​គោរព​ច្រើន​ចំពោះ​​ក្លិប​ Lyon​»។​

លោក Juninho បាន​បន្ត​ទៀត​ថា៖ «​ខ្ញុំ​ចង់​ឲ្យ​គាត់​មក​លេង​ជាមួយ​យើង​រយៈពេល ​២ ​ឆ្នាំ ​បន្ទាប់​មក​ធ្វើ​ជា​ជំនួយ​ការ​ហ្វឹកហាត់​ យុវ​កីឡាករ​មួយ​ចំនួន​ ហើយ​កីឡាករ​ Karim អាច​ជា​អ្នក​ដឹកនាំ ​ដែល​យើង​ត្រូវ​ការ​។ ខ្ញុំ​សុបិន​ថា គាត់​នឹង​បញ្ចប់​អាជីព​របស់​គាត់​នៅ​ក្លិប​ Lyon នេះ ​ដែល​ជា​ស្រុក​កំណើត​របស់​គាត់​»។​

កីឡាករ​ Benzema បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ​ ដោយ​រក​បាន ​១១ ​គ្រាប់ ​ក្នុង ​១៥ ​ប្រកួត​ នៅ​ក្នុង​ការ​ប្រកួត​ទាំង​អស់​សម្រាប់​ក្លិប Real Madrid។​ ទន្ទឹម​នេះ​ដែរ​ក្លិប Lyon កំពុង​តស៊ូ​នៅ​ក្នុង​ការ​ប្រកួត​លើក​ទី ​១៤ ​នៅ​ក្នុង​ក្របខ័ណ្ឌ Ligue 1 ដោយ​លោក​ Rudi Garcia ត្រូវ​ចូល​ដឹក​នាំ​ជំនួស​លោក​​ Sylvinho នៅ​ពេល​ជួប​បញ្ហា​កាល​ពី​ខែ​មុន៕ AFP/SN