ក្រុងរ៉ូម: ក្រុម​សេះបង្កង់ Juventus នឹង​ត្រូវ​បង្ខំ​ឱ្យ​ចេញពី​ក្របខ័ណ្ឌ Serie A ប្រសិនបើ​ពួកគេ​មិន​ព្រម​ដកខ្លួន​ជា​ផ្លូវការ​ពី​គម្រោងការ European Super League (UCL) ទេនោះ។ នេះ​បើ​យោងតាម​ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី (FIGC) កាលពី​ថ្ងៃ​ចន្ទ។

បណ្ដាញ​សារព័ត៌មាន​នៅ​អ៊ីតាលី បាន​ធ្វើ​សេចក្ដី​រាយការណ៍​តាម​ប្រសាសន៍​របស់​ប្រធាន FIGC លោក Gabriele Gravina ដែល​ប្រាប់ថា៖ «ប្រសិនបើ​ក្រុម Juventus មិន​គោរព​ច្បាប់​ទេនោះ ពួកគេ​នឹង​ត្រូវ​ដកចេញ។ ក្នុងអំឡុងពេល​នៃ​ការចុះបញ្ជី​ឈ្មោះ​សម្រាប់ Serie A រដូវកាល​ក្រោយ ពួកគេ​នឹងត្រូវ​ដក​ឈ្មោះ​ចេញ ប្រសិន​បើ​មិនមាន​ការដកខ្លួន​ពី Super League ទេនោះ»។

នៅ​ចុងខែ​មេសា កន្លងមក បន្ទាប់ពី​មាន​ការប៉ុនប៉ង​បង្កើត​លីគ​ដាច់​ដោយ​ឡែក UCL ដែល​រួមមាន​ទាំង​ក្រុម​យក្ស​អ៊ីតាលី​ទាំង ៣ AC Milan, Inter Milan និង Juve ផង​ដែរ​នោះ FIGC បាន​អនុវត្ត​ច្បាប់ ដើម្បី​ដក​ក្លិប​ទាំងឡាយ​ណា ដែល​ចូលរួម​ក្នុង​ការប្រកួតប្រជែង ដែល​មិន​ទទួលបាន​ការអនុម័ត​យល់ព្រម​ដោយ​ស្ថាប័ន​គ្រប់គ្រង UEFA ឬក៏ FIFA។

ក្រុម Milan និង​ក្រុម Inter ដែលជា​ជើងឯក​ថ្មីថ្មោង នៅ Serie A បាន​ដកខ្លួន​តាំងពី​ពេលនោះ​ពី​គម្រោងការ​នេះ ដោយ​ចូលរួម​ជាមួយ ៧ ក្លិប​ផ្សេងទៀត ដែល​នៅ​ប្រទេស​អង់គ្លេស និង​អេស្ប៉ាញ។

កាលពី​ថ្ងៃ​សុក្រ អាជា្ញធរ​បាល់ទាត់​អឺរ៉ុប UEFA បាន​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​ក្នុង​នោះ​រួមទាំង​ការពិន័យ​ជា​ប្រាក់​ផងដែរ ចំពោះ​ក្រុម​ទាំង ៩ នោះ ក្រោយ​ពួកគេ​បាន​ធ្វើការ​សុំទោស និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន។

តែ​កាលពី​ថ្ងៃ​សៅរ៍ ក្រុម Juve រួមជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ​ទាំង ២ Barcelona និង Real Madrid បាន​និយាយ​ការពារ​កម្មវិធី​ប្រកួតប្រជែង​ដែល​ដួលរលំ​ហើយ ហើយ​ប្រាប់ថា ពួកគេ​ទទួល​បាន​ការគំរាម ដែល​មិនអាច​ទទួល​យក​បាន​ពី UEFA និង FIFA។

ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ Rai កាលពី​ថ្ងៃ​ចន្ទ លោក Gravina ក៏បាន​ប្រាប់​ដែរ​ថា លោក​នឹង​រីករាយ​ក្នុង​ការដើរតួ​ជា​អ្នក​សម្រុះសម្រួល​រវាង​ក្រុម Juve និង​ស្ថាប័ន​គ្រប់គ្រង​របស់​ទ្វីប។

លោក​ប្រាប់ថា៖ «ជម្លោះ​រវាង​ក្លិប និង UEFA គឺ​មិន​ផ្ដល់​ផល​ល្អ​ឡើយ សម្រាប់​វិស័យ​បាល់ទាត់​អ៊ីតាលី ឬក៏​សម្រាប់​ក្រុម Juventus»៕ VN