ក្រុង​មីឡេន​: ជើង​ឯក​ក្រប​ខ័ណ្ឌ Serie A ក្រុមសេះ​បង្កង់ Juventus (Juve) បាន​ព្រមព្រៀង​ផ្ទេរ​យក​កីឡាករ​ឆ្នើម Federico Chiesa ពី​ក្រុម​គូ​ប្រជែង​មិន​សូវ​ខ្លាំង​របស់​ខ្លួន Fiorentina ក្នុង​តម្លៃ ៥០ ​លាន​អឺរ៉ូ ($៥៩ លាន) កាល​ពី​ថ្ងៃ​ចន្ទ ពោល​គឺ ១ ​ម៉ោង មុន​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​ទ្វារ​។

កីឡាករ​វ័យ ២២ ​ឆ្នាំ បាន​ធំ​ធាត់​ឡើង​នៅ​ក្រុម​ Fiorentina ហើយ​ជា​កូន​ប្រុស​អតីត​កីឡាករ Enrico Chiesa ដែល​មាន​ឈ្មោះក្នុង​ក្រុម Fiorentina ពេល​ឈ្នះ​ពាន​ដ៏​ធំ​ចុង​ក្រោយ​ Coppa Italia កាល​ពី​ឆ្នាំ​ ២០០១​។

កីឡាករ Chiesa បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​លក្ខណៈ​អាជីព​ឱ្យ​ក្រុម Fiorentina ក្នុង​ឆ្នាំ​ ២០១៦ ហើយ​បន្ត​លេង​រហូត​ដល់​បាន ១៥៣​ លើក ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​បាន ៣៤​ គ្រាប់ បើ​ទោះ​ជា​រូប​គេ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ពាក្យ​ចចាម​អារ៉ាម ក្នុង​ផ្លាស់​ប្ដូរ​ក្លិប​ យ៉ាង​ហោច​ណាស់​ក៏ ២ ​ឆ្នាំ​ដែរ។ ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី គេ​ចូល​លេង​បាន ១៩​ លើក និង​បំប៉ោង​សំណាញ់​ទី​បាន ១ គ្រាប់​។

ក្រុម Juve បាន​ឱ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​នេះ រួម​មាន​ទាំង​លក្ខខណ្ឌ​ខ្ចី​ជើង ២ ​រដូវកាល តម្លៃ ១០​ លាន​អឺរ៉ូ (ជិត $​១២​ លាន) អម​​ដោយ​ជម្រើស​ទិញ​ផ្ដាច់ ជាមួយ​នឹង​តម្លៃ ៤០ លាន​អឺរ៉ូ ($៤៧ លាន) និង​បូកបន្ថែម ១០ លាន​អឺរ៉ូ (ជិត $​១២​ លាន) ទៀត អាស្រ័យ​លើ​ទម្រង់​លេង​ជាក់​ស្ដែង​របស់​កីឡាករ​។

ទោះ​បី​ជា​គេ ​គឺ​ជា​កីឡាករ​សំខាន់នៅ​ឯ​ក្រុម​ចាស់​របស់​ខ្លួន​ក៏​ដោយ ក៏​ Chiesa នឹង​ត្រូវ​ប្រជែង​យក​ទី​តាំង​របស់​ខ្លួន នៅក្រុម​ Juve ដែល​ពេល​នេះ ត្រូវ​បាន​ឈរ​ជើង​ដោយ Cristiano Ronaldo, Paulo Dybala, Alvaro Morata និង Federico Bernardeschi ដែល​ជា​អតីត​កីឡាករ​របស់​ក្រុម​ Fiorentina ១​ រូប​ផ្សេង​​ទៀត​។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រុម​ Juve ដែល​កំពុង​ប្រជែង​ឱ្យ​បាន​លើក​ពាន​ Serie A ១០ ​រដូវ​កាល​ជាប់​ៗ​គ្នា បានដោះ​លេង​កីឡាករ​ ២ រូបទៅ​ក្រុម​ផ្សេង ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដូច​ជា​ខ្សែ​បម្រើ​ស្លាប Douglas Costa ទៅ​ក្រុម​ Bayern Munich​ និង​ខ្សែ​ការ​ពារ​ស្លាប Mattia De Sciglio ទៅ​ក្រុម Olympique Lyonnais។

សម្រាប់​កីឡាករ​​សំខាន់​ៗ ដែល​ក្រុម​សេះ​បង្កង់​ទិញ​បាន​រដូវកាល​នេះ មាន​ដូច​ជា​នាំ​យក​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ Arthur ពី​ក្រុម Barcelona ផ្ទេរ​យកខ្សែ​ប្រយុទ្ធ Morata ពី​ក្រុម Atletico Madrid និង​ព្រម​ព្រៀង​ជាមួយ​ក្រុម Schalke 04 ទិញ​យក​ខ្សែ​បម្រើ​អាមេរិក Weston McKennie​៕ AFP/VN