ក្រុងម៉ានីល: កីឡាករ​គុន​ចម្រុះ (MMA) Kairat “The Kazakh” Akhmetov ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់ ៦១,២ គីឡូក្រាម​ពី​ស្ថាប័ន ONE នឹង​មាន​ឱកាស​ក្នុងការ​បញ្ចប់​ការ​សង្ស័យ​ផ្សេងៗ និង​កសាង​កេរិ៍្ត​ឈ្មោះ​ឡើង​វិញ ខណៈ​ដែល​រូបគេ​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​គូ​ប្រកួត​ចាស់​នៅ​ចុង​សប្តាហ៍​នេះ។

Akhmetov នឹងធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ហ្វីលីពីន Geje “Gravity” Eustaquio ក្នុង​គូឯក​នៃ​ព្រឹត្តិការណ៍ GLOBAL SUPERHEROES ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សង្វៀន SM Mall of Asia Arena ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​សុក្រ ទី ២៦ ខែ​មករា។

នេះ​គឺជា​ការ​ប្រកួត​សងសឹក​មួយ​រវាង​កីឡាករ​ទាំង ២ ក្រោយ​ពី​ពួកគេ​បាន​ជួប​ប្រកួត​គ្នា​រួច​ជាស្រេច​ក្នុង​ព្រឹត្តិការណ៍ ONE: TOTAL VICTORY កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន ខណៈ​ដែល Akhmetov បាន​យក​ឈ្នះ​លើ Eustaquio វ័យ ២៨ ឆ្នាំ ទាំង​ប្រផិត​ប្រផើយ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺថា ការ​ជួបគ្នា​ជា​លើក​ទី ២ របស់​ពួកគេ​នៅ​ពេល​នេះ គឺ​ការ​ប្រកួត​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​បណ្តោះ​អាសន្ន​ក្នុង​ទម្ងន់ ៦១,២ គីឡូក្រាម របស់​ស្ថាប័ន ONE។

Akhmetov បាន​ទទួល​ស្គាល់​ថា រូបគេ​ពិតជា​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​រូបគេ​ទទួល​ព័ត៌មាន​ដំបូង​ថា គេ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​សងសឹក​ក្នុង​ព្រឹត្តិការណ៍ ONE: GLOBAL SUPERHEROES ដែល​ជា​កម្មវិធី​ប្រកួត​ជា​លើក​ទី ១២ របស់ ONE នៅ​លើ​ទឹកដី​ហ្វីលីពីន។

ក្រោយពី​បាន​ផ្តួល Eustaquio កាល​ពី ២ ខែ​មុន Akhmetov បាន​រំពឹង​ទុក​ថា គេ​នឹង​ត្រូវដាក់​ឲ្យ​ធ្វើការ​ប្រកួត​សងសឹក​ជាមួយ​នឹង​ម្ចាស់​ការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ ONE គឺ Adriano “Mikinho” Moraes ដែល​ជា​អ្នក​បាន​បញ្ចប់​កំណត់ត្រា​ដ៏ល្អ​របស់​គេ​ក្នុងការ​ជួបគ្នា​ជា​លើក​ទី ២ របស់​ពួកគេ កាល​ពី​ខែ​សីហា ឆ្នាំ​មុន។

កីឡាករ​កាហ្សាក់ស្ថាន​រូបនេះ ដែល​មាន​កំណត់ត្រា​ឈ្នះ ២១ លើក និង​ចាញ់ ១ លើក​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់​ផ្អើល។ ប៉ុន្តែ ខ្ញុំ​គោរព​ការ​សម្រេច​ចិត្ត​របស់ ONE Championship។ ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​អ្នក​ដែល​អបអរ​ប្រឆាំង​នឹង​ខ្ញុំ។ ខ្ញុំ​ត្រៀម​រួច​ហើយ​សម្រាប់​ការ​ប្រកួត​នេះ»។

Akhmetov បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​ជាមួយ​នឹង​ការ​ត្រៀម​ស្មារតី​រួចរាល់ ហើយ​ក្នុង​ឆ្នាំ ២០១៨ ខ្ញុំ​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​ក្តី​សុបិន​ក្នុងការ​ទទួល​បាន​ឱកាស​ក្នុង​ការ​ជួប​ជាមួយ​នឹង Adriano Moraes ជា​លើក​ទី ៣ ហេតុ​នេះ ខ្ញុំ​ត្រូវ​តែ​ផ្តួល Geje ដើម្បី​សម្រេច​ក្តី​សុបិន​នោះ»។

ជាមួយគ្នានេះ Eustaquio ជឿ​ជាក់​ថា ទេពកោសល្យ​នៃ​ការ​ការ​ពារ​ខ្លួន​របស់​គេ គួរតែ​ភាព​ខ្លាំង​គ្រប់​គ្រាន់​ក្នុងការ​រារាំង​ស្នៀត​ចំបាប់​របស់ Akhmetov។

កីឡាករ​រូបនេះ ដែល​មាន​កំណត់ត្រា​ឈ្នះ ៩ លើក និង​ស្មើ ៦ លើក បាន​ឲ្យ​ដឹង​ថា៖ «ផែនការ​មួយ​ក្នុង​ចំណោម​ផែនការ​ប្រកួត​របស់​ខ្ញុំ គឺ​ក្បាច់​ការពារ​បោក​ផ្តួល​របស់​ខ្ញុំ។ ជា​រៀងរាល់​ថ្ងៃ យើង​ធ្វើការ​ហ្វឹកហាត់​យ៉ាង​លំបាក។ យើង​ធ្វើការ​ដើម្បី​បង្កើន​ស្នៀត​ប្រកួត និង​ក្បាច់​ការពារ​បោក​ផ្តួល​របស់​យើង ហេតុនេះ យើង​អាច​ប្រើប្រាស់​ក្បាច់​វ៉ូស៊ូ​របស់​យើង»។

Eustaquio ដែល​ក៏​ចាញ់​ក្រោម​ស្នាដៃ Moraes ដែរ​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​រំពឹង​ទុក​ថា វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ទៀត។ ប៉ុន្តែ ខ្ញុំ​ត្រៀម​លក្ខណៈ​បាន​យ៉ាង​ល្អ»។

បើ​ទោះបី​ធ្លាប់​ចាញ់ Akhmetov ក្នុងការ​ជួបគ្នា​កាល​ពី​មុន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក៏ដោយ ប៉ុន្តែ Eustaquio នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា រូបគេ​នឹង​ចាក​ចេញ​ពី​សង្វៀន ដោយ​មាន​ខ្សែក្រវាត់​ពិភពលោក​របស់ ONE លើ​ចង្កេះ​របស់​គេ៕IS