ក្រុង​ឡុងដ៍៖ ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ Harry Kane បាន​បង្ហើប​ថា រូប​គេ​បាន​ចំណាយ​ពេល ​«​២-៣ ម៉ោង​» ​​ស្ថិត​នៅ​ជាមួយ​លោក Mauricio Pochettino ក្រោយ​ពី​ក្លិប Tottenham បាន​បណ្ដេញ​គាត់​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​។​

លោក Pochettino ត្រូវ​បាន​បណ្ដេញ​កាល​ពី​ថ្ងៃ​អង្គារ ​និង​ជំនួស​ដោយ​លោក Jose Mourinho ដែល​បាន​ដឹកនាំ​ឲ្យ​ក្រុម​ Spurs ទទួល​បាន​ជ័យជម្នះ​ ៣-២ ទៅ​លើ​ក្រុម​ West Ham ក្នុង​ការ​ប្រកួត​លើក​ដំបូង​ក្នុង​ការ​ដឹកនាំ​របស់​គាត់​ពី​ថ្ងៃ​សៅរ៍​​។​

ខ្សែ​ប្រយុទ្ធ​ Kane ដែល​រក​បាន​គ្រាប់​បាល់​នៅ​កីឡដ្ឋាន​ London នោះ​បាន​ទៅ​ជួប​លោក Pochettino នៅ​រយៈពេល ​១ ​ថ្ងៃ ​​បន្ទាប់​ពី​គ្រូ​បង្វឹក​វ័យ ​៤៧ ​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​បណ្ដេញ​ ហើយ​តារា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ប្រាប់​កាសែត​ UK ថា៖ «​ខ្ញុំ​បាន​ទៅ​ជួប​គាត់​ ហើយ​​ខ្ញុំ​បាន​ដើរ​ជុំវិញ​ផ្ទះ​របស់​គាត់ ​​និង​បាន​ទៅ​សួរ​សុខ​ទុក្ខ​នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត​​ផង​ដែរ​។ វា​ជា​ការ​សោកស្ដាយ​​មួយ​សម្រាប់​អ្នក​​រាល់​គ្នា​ដូច្នេះ​ខ្ញុំ​ចង់​ទៅ​ជួប​គាត់​ ហើយ​យើង​បាន​ជជែក​គ្នា ​២-៣ ម៉ោង​។​ ​វា​ល្អ​ណាស់​ដែល​បាន​ធ្វើ​បែប​នេះ​នៅ​​មុន​ពេល​អ្នក​គ្រប់គ្រង​ថ្មី​ចូល​មក​ដឹកនាំ​បន្ត​»​។

ខ្សែ​ប្រយុទ្ធ Kane បាន​បន្ថែម​ថា៖ «​វា​មាន​រយៈពេល​មួយ​សប្តាហ៍​ដែល​ខ្ញុំ​ពិត​ជា​មិន​ធ្លាប់​មាន​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​ពី​មុន​មក​ដែល​នោះ ​គឺ​ជា​ការ​សោកស្ដាយ​​ដ៏​ធំ​មួយ​នៅ​យប់​ថ្ងៃ​អង្គារ​សម្រាប់​អ្នក​រាល់​គ្នា​​រួម​ទាំង​កីឡាករ​ផង​ដែរ​​។ ​បន្ទាប់​មក​វា​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​មួយ​នៅ​ពេល​យើង​ទទួល​បាន​អ្នក​គ្រប់គ្រង​ថ្មី​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ល្អ​បំផុត​នៅ​ទីនោះ​»​។

លោក Mourinho គឺ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ជា​ច្រើន​ ហើយ​កីឡាករ Kane សង្ឃឹម​ថា គ្រូ​បង្វឹក​ព័រទុយហ្គាល់​រូប​នេះ​អាច​ដឹកនាំ​ក្លិប Spurs ឲ្យ​បាន​ពាន​រង្វាន់​មួយ​ចំនួន​ដែល​រូប​គាត់​ចង់​បាន​កន្លង​មក​​។​

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «​តាម​ពិត​យើង​កំពុង​សម្លឹង​ឃើញ​ពាន​រង្វាន់​ Champions League​ និង​ពាន​រង្វាន់​ FA ​Cup​។ យើង​នឹង​ឃើញ​​ថា​ តើ​វា​ទៅ​ជា​យ៉ាង​ណា​​ ហើយ​តាម​ទស្សនៈ​ខ្ញុំ​ ខ្ញុំ​នឹង​បន្ត​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ និង​បន្ត​ប្រយុទ្ធ​សម្រាប់​ក្លិប​នេះ​នៅ​លើ​ទីលាន​​»​៕ AFP/SN