អង់គ្លេសៈ ប្រធាន​ក្រុម និង​ជា​ខ្សែប្រយុទ្ធ​ឆ្នើម Hurry Kane បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ថា​ក្រុម​មួយ​នេះ​នឹង​ចាប់​យក​ឱកាស​ដ៏ពិសេស ដើម្បី​បង្ហាញ​ភាពខ្លាំង​នៅក្នុង​ការប្រកួត Euro 2020 ខណៈ​ព្រឹត្តិការណ៍​នេះ​ភាគច្រើន​ត្រូវ​ធ្វើ​នៅ​លើ​ទឹកដី​ប្រទេស​អង់គ្លេស​នោះ​។

ក្រុម​តោ​កំណាច​ទាំង​ ៣ ​របស់​អង់គ្លេស​នឹង​បើក​យុទ្ធនាការ​ប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ Euro 2020 នៅលើ​ទឹកដី​របស់​ខ្លួន​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​មកពី​សាធារណរដ្ឋ​ឆែក​នៅ​ថ្ងៃ​សុក្រ ក្រោយពី​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត World Cup កាលពី​រដូវកាល​មុន ហើយ​ក្រុម​នេះ​នឹង​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ​ ១/៣ ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ Nations League នៅ​ខែ​មិថុនា​ឆ្នាំ​នេះ​ផង​ដែរ​។

ខ្សែប្រយុទ្ធ Kane បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​មាន​អារម្មណ៍​ថា ពេល​នេះ​ប្រជាពលរដ្ឋ​កំពុង​រំពឹង​ថា​ពួកយើង​នឹង​ធ្វើ​បាន​ល្អ​។ នៅមុន​ពេល World Cup មក​ដល់​យើង​មិន​ទាន់​មាន​ការរំពឹង​ចង់​បាន​អ្វី​ច្រើន​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​វា​ជា​ពេល​មួយ​ត្រឹមត្រូវ​ក្នុង​ការកែប្រែ​គំនិត​បែប​នោះ​»​។

«​ខ្ញុំ​គិត​ថា​យើង​ដោះស្រាយ​រឿង​នេះ​បាន​ល្អ​ហើយ​តាំងពី​រដូវកាល World Cup ​។ យើង​ជា​ក្រុម​តែ​មួយគត់​ដែល​បាន​ឡើង​ដល់​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ​នៅ World Cup និង​បាន​ឡើង​ទៅ​វគ្គ​ ១/២ ​ផ្ដាច់ព្រ័ត្រ Nations League ហើយ​យើង​ក៏​ប្រហែល​ជា​ក្រុម​ដែល​គេ​ពិបាក​នឹង​យក​ឈ្នះ​បំផុត​មួយ​ផង​ដែរ​»​។

ប្រធាន​ក្រុម Tottenham Hotspur រូប​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ធំ​សម្រាប់​យើង ដែល​ត្រូវ​បង្ហាញ​គ្រប់​គ្នា​ឲ្យ​ដឹង​ថា​ឱកាស​ល្អ​បែប​នេះ​វា​មិន​បាន​កើតឡើង​ចំពោះ​ក្រុម​យើង​តែ​ម្ដង​នោះ​ទេ គឺ​ក្រុម​យើង​ពិត​ជា​នឹង​បង្កើត​អ្វី​មួយ​ពិសេស​នៅពេល​អនាគត​ទៀត​»​។

ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​ទទួល​លទ្ធផល​ល្អ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ​បាន​តែ​ម្តងគត់​ចាប់​តែ​ពី​ឆ្នាំ​ ១៩៦៦ ​មក​ហើយ​នៅ​ឆ្នាំ​ក្រោយ ពួកគេ​នឹង​ត្រូវ​ខិតខំ​លេង​បន្ថែម​ទៀត​តាមរយៈ​ការប្រកួត​សំខាន់ៗ​របស់​ខ្លួន​នៅ​កីឡដ្ឋាន Wembley ព្រោះ​ទាំង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅក្នុង​ទឹកដី​របស់​អង់គ្លេស ហើយ​យ៉ាង​ហោច​ក្រុម​របស់​អង់គ្លេស​ ២ ​ក្រុម​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​ការប្រកួត​។

Kane បាន​និយាយ​ថា​៖ «​យើង​ដឹង​ថា​ឱកាស​លេង​ក្នុង​ព្រឹត្តិការណ៍ Euro ដែល​នឹង​ត្រូវ​ប្រកួត​ភាគច្រើន​នៅលើ​ទឹកដី​ប្រទេស​អង់គ្លេស​នោះ​គឺជា​ឱកាស​ដ៏អស្ចារ្យ​មួយ​ហើយ​ឱកាស​ល្អ​បែប​នេះ​ជា​ធម្មតា​អ្នក​ផ្សេង​មិន​ធ្លាប់​មាន​ក្នុង​អាជីព​កីឡា​នោះ​ទេ ដូច្នេះ​យើង​នឹង​ព្យាយាម​ទទួល​ផល​ពី​ឱកាស​នេះ​ឲ្យ​បាន​ច្រើន​បំផុត​»​។

បើ​ទោះបី​ជា​ទម្រង់​លេង​របស់​ក្រុម Spur មិន​សូវ​ល្អ​ក៏ដោយ ប៉ុន្តែ Kane ដែល​ជា​ប្រធាន​ក្រុម​អាច​រកបាន​ ៤ ​គ្រាប់​ក្នុង​ ៥ ​ប្រកួត​ចាប់​តាំងពី​រូបគេ​ត្រឡប់​ចូល​លេង​វិញ​ក្រោយពី​អវត្តមាន​ ៥ ​សប្ដាហ៍​ដោយសារ​របួស​កជើង​។

ជើងឯក​ស្បែកជើង​មាស World Cup រូប​នេះ​គិត​ថា រូបគេ​កំពុង​ស្ថិត​ក្នុង​តំបន់​នៅ​មុខ​គោលដៅ​រយៈពេល​ ៣ ​ខែ​មុន​សម្រាប់​ក្លិប និង​ប្រទេស​ស្របពេល​ក្រុម Spur នឹង​ត្រូវ​ជួប​ក្រុម Manchester City ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ហើយ​ស្ថិត​នៅក្នុង​សមរភូមិ​នៃ​ក្រុម​កំពូល​តារាង​ទាំង​ ៤ សម្រាប់​ក្របខ័ណ្ឌ Premier League​។

ជុំវិញ​បញ្ហា​របួស​កជើង​នេះ Hurry Kane បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ចង់​មាន​របួស​នោះ​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ខ្ញុំ​ត្រូវរបួស​កជើង​ទៅ​ហើយ ទោះ​យ៉ាង​ណា​ខ្ញុំ​បាន​ប្រើ​បញ្ហា​នោះ ដើម្បី​បង្ហាញ​ថា​ខ្ញុំ​បាន​ជា​ហើយ​ឥឡូវនេះ​។ តាំងពី​ខ្ញុំ​ត្រឡប់​មកពី​ព្យាបាល​របួស​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​កម្លាំង​រឹងមាំ ហើយ​នោះ​ជា​ពេល​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​»​។

ការស៊ុត​បាល់​បញ្ចូល​ទី​ចុងក្រោយ​បំផុត​របស់ Kane ពេល​ចាញ់​ក្រុម Southampton ២-១ គឺជា​គ្រាប់​បាល់​ទី​ ២០០ ​របស់​គេ ប៉ុន្តែ​នៅ​អាយុ​ត្រឹម​ ២៥ ​ឆ្នាំ Kane សង្ឃឹម​ថា​គាត់​អាច​ធ្វើ​តាម​គំរូ Cristiano Ronaldo និង Lionel Messi តាមរយៈ​ការ​ប្រឹង​ស៊ុត​បញ្ចូល​ទី​បន្ថែម​ទៀត​ក្នុង​វ័យ​ខ្ទង់​ ២០ ​ឆ្នាំ​នេះ​។

កីឡាករ​រូប​នេះ​បញ្ជាក់​ថា​៖ «​សព្វ​ថ្ងៃនេះ​អ្វីៗ​គ្រប់​យ៉ាង​វា​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ​កីឡា ហើយ​ខ្ញុំ​គិត​ថា​ពេលវេលា​ដ៏អស្ចារ្យ​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​មិនយូរ​ទេ​។ ប្រហែល​ជា​អាយុ​ខ្ទង់​ ២៨ ​ទៅ​ ៣០ ​ឆ្នាំ​នោះ​ប្រហែល​ជា​ពេលវេលា​ដ៏អស្ចារ្យ​របស់​អ្នក ប្រសិន​អ្នក​ខិតខំ​លេង​ឲ្យ​បាន​ល្អ​ដូច Ronaldo និង Messi ប៉ុន្តែ​ខ្ញុំ​នៅ​មាន​ពេល​បន្តិច​ទៀត​ដើម្បី​ឈាន​ដល់​ចំណុច​នេះ​»៕