ភ្នំពេញ: កម្មវិធី​ប្រកួត​ប្រដាល់​ដែលមាន​ឈ្មោះថា Khmer Fight ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡា ដែល​មាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​របស់​ខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​ខួប​លើក​ទី ២០ ឆ្នាំ​របស់​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រដ្ឋាភិបាល នៅ​ដើម​សប្តាហ៍​ក្រោយ។

Khmer Fight នឹង​កើតឡើង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី ពោលគឺ​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៨ ស្រប​ពេល​ប្រដាល់​គុន​ខ្មែរ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ ថ្ងៃ​ដំបូង ចាប់​ពី​ថ្ងៃ​នេះ​តទៅ ដោយ​មាន​ការ​បែង​ចែក​ការ​គ្រប់គ្រង និង​ការ​ចំណាយ​ពី​ប្រភព​ផ្សេង​ពីគ្នា ហើយ​កម្មវិធី​ប្រកួត​ទាំង ២ នឹង​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ លេខ ៥។

ប្រសិនបើ​ការប្រកួត​ទទួលបានការ​គាំទ្រ​ខ្លាំង រលូន និង​មានការ​សហការ​បាន​ល្អ​នោះ Khmer Fight អាច​នឹង​បន្ត​សិទិ្ធ​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត ប៉ុន្តែ​បើ​ការ​ប្រកួត​ស្ថិត​ក្នុង​របៀប​ចាស់​គំរឹល មិន​កែ​សម្រួល ឬ​អភិវឌ្ឍ មិន​មាន​ការ​សហការ​ល្អ​នោះ ឆ្នាំ​បន្ត​បន្ទាប់​នឹង​រក​ដៃគូ​ថ្មី​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​គ្រប់គ្រង​កីឡា។

សម្រាប់​សមាស​ភាព​អ្នក​ប្រដាល់​ខ្លាំងៗ​របស់​កម្ពុជា​ចំនួន ៦ នាក់ ដែល​ត្រៀម​ប៉ះ​ជាមួយ​កីឡាករ​មក​ពី​បរទេស អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ប៉ុស្តិ៍ លេខ ៥ ហាក់បី​ដូច​លាក់​បាំង មិន​បើក​ទូលាយ ឬ​ផ្សព្វផ្សាយ​ដល់​បណ្តាញ​ព័ត៌មាន​ឲ្យ​បាន​ទូលំ​ទូលាយ​ឡើយ។

សង្វៀន​ប៉ុស្តិ៍​លេខ ៥ ហាក់​មានការ​រើសអើង និង​របៀប​ធ្វើការ​តាមរបៀប​ចាស់​គំរិល ដោយ​ចង់​ឲ្យ​តែ​គេ​សរសើរ​អួត​ខុស​ការ​ពិត ខណៈ​គិត​មក​ដល់​ពេល​នេះ សង្វៀន​មួយ​នេះ​ត្រូវ​បាន​ម្ចាស់​ភាគ​ហ៊ុន ក៏​ដូច​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ប្រឹង​ប្រែង​ចំណាយ​ធន​ធាន​យ៉ាង​ច្រើន ប៉ុន្តែ​នៅ​តែ​មាន​ចំណាត់​ថ្នាក់​ផ្នែក​ប្រកួត​ប្រដាល់​នេះ ស្ថិត​នៅ​បាត​តារាង ឬ​ចុង​ក្រោយ​គេ ក្នុង​ចំណោម​ស្ថានីយ​ទូរទស្សន៍​ឯក​ជន​ដែល​បង្កើត​ព្រឹត្តិការណ៍​ប្រដាល់​រាល់​ចុង​សប្តាហ៍។

គិត​មក​ត្រឹម​ថ្ងៃ​ម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​សុំ​សមាស​ភាព និង​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​បរទេស​បាន​ទេ ពិសេស​អ្នក​ប្រដាល់​ក្នុង​កម្មវិធី Khmer Fight ប៉ុស្តិ៍ លេខ ៥ បាន​បង្ហាញ​បាន​ត្រឹម​កីឡាករ​ខ្មែរ​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មន្ត្រី​បច្ចេកទេស​សហព័ន្ធ បាន​បង្ហើប​ឲ្យ​ដឹងថា មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៦ នាក់​នឹង​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​អន្តរជាតិ ៦ រូប​នា​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៨។

ភ្នំពេញ ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក​សេង ក​ដិ​កា ដែលជា​អ្នក​គ្រប់គ្រង​សង្វៀន​ប៉ុស្តិ៍​លេខ ៥ មាន​វ័យ​ចាស់​វស្សា និង​ជា​អ្នក​បង្កើត​កម្មវិធី​ប្រដាល់​មុន​គេ បាន​ឡើយ ខណៈ​ដែល​បច្ចុប្បន្ន សង្វៀន​ប្រដាល់​នេះ​មាន​ប្រិយភាព​គាំទ្រ​ធ្លាក់​ចុះ​ជាង​មុន។

អ្នកនាង រស់ ម៉ា​ឡែ​ន ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ បាន​ឲ្យ​ដឹង​ថា៖ «សង្វៀន​ប៉ុស្តិ៍​លេខ ៥ ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​ប្រដាល់​ផ្តាច់​មុខ​ចំនួន ៤ ថ្ងៃ​ចាប់​ពី​មោង ៥ ល្ងាច​តទៅ។ ជាមួយ​គ្នា​នោះ​ដែរ ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៨ ជា​ថ្ងៃ​ចុង​ក្រោយ នឹង​មាន​កម្មវិធី​ប្រដាល់ Khmer Fight ដើម្បី​អភិរក្ស និង​ថែរក្សា​មរតក​សិល្បៈ​ការ​តស៊ូ​របស់​ខ្មែរ ដែល​មាន​តាំង​ពី​បុរាណ​កាល​មក​ឲ្យ​នៅ​គង់​វង្ស និង​ផូរផង់​ក្នុង​ដែនដី​កម្ពុជា»។

លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​អគ្គលេខា​ធិការ​រង​នៃ NOCC បាន​ឲ្យ​ដឹង​ថា៖ «Khmer Fight នឹង​មាន​កីឡាករ​អន្តរជាតិ ៦ នាក់​ពី​ប្រទេស​ថៃ ២ រូប មក​ពី​ប្រទេស​ទុយនីស៊ី ២ រូប និង​មក​ពី​ម៉ារ៉ុក ២ រូប»។

ប្រភពពី​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​កីឡា​គុន​ខ្មែរ បាន​ឲ្យ​ដឹងថា កីឡាករ​ឆ្នើម​ខាង​កម្ពុជា​ចំនួន ៦ នាក់​នោះ​មាន​កីឡាករ​ធឿន ធារ៉ា, ឡៅ ចិត្រា, ឡៅ ចន្ទ្រា, ឃីម ឌីម៉ា, ពេជ្រ ម្ទេស​ខ្មាំង និង​ឡុង សំណាង មក​ពី​ក្លិប​ឡុង​សាលវ័ន្ត​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ។

លោក​ហ៊ ង៉ែត ប្រធាន​ផ្នែក​កីឡា និង​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ ៥ បាន​និយាយ​ថា៖ «សកម្មភាព​កីឡា​ប្រដាល់​ទាំង ៤ ថ្ងៃ​នេះ មាន​ការ​ផ្សាយ​ផ្ទាល់​មួយ​ចប់ ហើយ​សមាស​ភាព​កីឡាករ​ប្រដាល់ ខ្ញុំ​មាន​នៅ​ក្នុង​ដៃ ប៉ុន្តែ​ខ្ញុំ​គ្មាន​សិទ្ធិ ឬ​តួនាទី​ប្រាប់​ទៅ​ផ្នែក​សារ​ព័ត៌មាន​ទេ ពិសេស​លក្ខខណ្ឌ​ឬ​បទ​បញ្ជា​ផ្ទៃក្នុង​ការងារ មាន​ខាង​មេៗ​ទទួល​បន្ទុក​ផ្នែក​នេះ»៕