ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ជា​ច្រើន​រូប​ត្រូវ​បាន​ផ្គូរផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​​ប្រយុទ្ធ​មក​ពី ​៤ ​ប្រទេស មាន​ថៃ អ៊ីរ៉ង់​ អាល់ហ្សេរី​ និង​បារាំង នៅ​ក្នុង​ព្រឹត្តិការណ៍ Khmer Fight ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​អុំទូក​ ខេត្ត​កំពង់ស្ពឺ​ នា​ថ្ងៃទី​ ២ ដល់​ទី ​៣ ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៩ ហើយ​​អ្នក​ប្រដាល់​មាន​ឈ្មោះ​បោះ​សំឡេង​របស់​កម្ពុជា​មួយ​ចំនួន ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​គ្នា ដណ្តើម​ពាន​ផង​ដែរ គឺ ២ ថ្ងៃ​នោះ​មាន​ការ​ប្រកួត​រហូត​ដល់ ​១២ គូ។

លោក ​សេង ​កដិកា​ នាយក​គ្រប់គ្រង​កម្មវិធី​បាន​ឲ្យ​ដឹង​ថា​៖ «​នៅ​​ថ្ងៃ​ដំបូង​ មាន​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ជើងឯក​ខេត្ត​កំពង់ស្ពឺ ​៣ ​គូ​ ក្នុង​នោះ​កីឡាករ ​លាភ ​រដ្ឋា ​ប៉ះ ​ម៉ន ​សាម៉េត​, គង់​ សំបូរ​ ជួប ឡុង​ សំណាង​, យុគ​ យក្ស​ផ្លែ ​ប្រកួត​នឹង ​អេលីត​ សាន់​ ព្រម​ទាំង​​អម​ដោយ​គូ​មិត្តភាព​ខ្មែរ ​និង​ខ្មែរ​ ៣ ​គូ​ទៀត ហើយ​អ្វី​ដែល​កាន់​តែអស្ចារ្យ និង​កក្រើក​សង្វៀន​ខេត្ត​កំពង់ស្ពឺ​នោះ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ជើង​ខ្លាំង​ទាំង​ ៦ នាក់ របស់​កម្ពុជា​យើង ជាមួយ​អ្នក​ប្រដាល់ ​ថៃ អ៊ីរ៉ង់ អាល់ហ្សេរី និង​បារាំង សម្រាប់ការ​ប្រកួត​ថ្ងៃទី ​២»។​

ជាមួយ​គ្នា​នេះ ការ​វិល​មក​ជួបគ្នា​រវាង ​លាភ រដ្ឋា និង ​ម៉ន សា​ម៉េត ​បាន​ក្លាយ​ជា​ការ​ប្រកួត​សង​សឹក​ ព្រោះ រដ្ឋា ទើប​តែ​បាន​ចាញ់ សាម៉េត ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ​​ក្នុង​លក្ខណៈ​តឹងតែង​កាល​ពី​ពេលថ្មីៗ​​។​ ​ម៉ន​ សាម៉េត ​ដែល​ទើប​តែ​ចាញ់​​ក្បាច់​កែង​ និង​ជង្គង់​របស់​ អេលីត​ ចំរើន ​កាល​ពី​សប្តាហ៍​មុន​​នេះ បាន​និយាយ​ថា​៖ «​លាភ ​រដ្ឋា ​ជា​កីឡាករ​វាយ​​កំពូល​សម្រុក​ដែរ​ អ៊ីចឹង​ខ្ញុំ​​មាន​ការ​លំបាក​ណាស់ ​ក្នុង​ការ​យក​ឈ្នះ»​។ ​ចំណែក ​លាភ ​រដ្ឋា ដែល​ទើប​ចាញ់​ ​ព្រឿង​ សុជាតិ​ទាំង​វេទនា​ភ្នែក​នោះ​ និយាយ​ថា​៖ «​​ការ​ជួប ​ម៉ន ​សាម៉េត​ ម្តង​នេះ ​គឺ​ពិត​ជា​ចង់​ឈ្នះ​ ប៉ុន្តែ​មិន​ដឹង​ថា ​ធ្វើ​បាន​ល្អ​ឬ​យ៉ាង​ណា​ទេ»​។

ដោយ​ឡែក​សម្រាប់​​​ការ​​ផ្គូរផ្គង ការ​ប្រកួត​ថ្ងៃទី ​២ ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី ​៣ ខែ​វិច្ឆិកា ​គឺ​រឿង សោភ័ណ្ឌ​ ត្រូវ​ប៉ះ​បារាំង​ ABD Karim Bennala ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម​ ឯ ​ម៉ឺន ​សុភា​ ជួប​កីឡាករ​អ៊ីរ៉ង់ ​​Abdolash Anizh​ ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម​ ចំណែក ​វង្ស ​ណយ​ ត្រូវ​ប៉ះ​អ៊ីរ៉ង់ Hamed Soleimani​ ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម​ដែរ ហើយ​ ព្រំ​ សំណាង​ ជួប​ថៃ Chhan Chhai ក្នុង​ទម្ងន់ ​៧៦ ​គីឡូក្រាម​ ខណៈ​កីឡាករ ​ចាន់ ​សំអាត​ ប្រកួត​នឹង​ថៃ​ Sattanpop ក្នុង​ទម្ងន់ ​៦០ ​គ.ក្រ និង ​បឹង​ កាយ៉ាក ​ប៉ះ​កីឡាករ​មក​ពី​អាល់ហ្សេរី​ Laimine Benkerou​ ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​។​

សម្រាប់​ការ​ជួប ABD Karim Bennala ​លើក​នេះ រឿង សោភ័ណ្ឌ បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​ធ្លាប់​ដឹង​ពី​សមត្ថភាព​របស់​ដៃ​គូ​ទេ ​ប៉ុន្តែ​ពួក​អឺរ៉ុប​ភាគ​ច្រើន​ មិន​អាច​ឆ្លង​ផុត​ដល់ ​៥ ​ទឹក​ទេ គឺ​អាច​នឹង​សន្លប់​ត្រឹម​ទឹក​ទី ​៣ ​យ៉ាង​យូរ ​ប៉ុន្តែ​​បើសិន​​ខ្ញុំ​ផ្តួល​គេ​មិន​បាន គឺ​​ឈាន​ចូល​ទឹក​ទី ​៤ ​និង​ទឹក​ទី ​៥​ ខ្ញុំ​ក៏​លំបាក​ផ្នែក​កម្លាំង​ដែរ»​។

តាម​ប្រវត្តិ​អ្នក​ប្រដាល់​បារាំង ​ ABD Karim Bennala ​ធ្លាប់​ប្រកួត​ទើប​បាន ​៤៥ ​ដង ឈ្នះ ​៣៨ ​លើក និង​ចាញ់ ​៧ ​ដង ខណៈ​ដែល ​រឿង​ សោភ័ណ្ឌ​ មាន​ប្រវត្តិ​ប្រកួត​ចំនួន ​១៦០ ​ដង ឈ្នះ ​១៤០ ​លើក ចាញ់ ​១៥​ ​និង​ស្មើ ​៥ ​ដង ហើយ​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន ​៦៥ ​ដង។

យ៉ាង​ណា​ក៏​ដោយ មហាជន​នៅ​តែ​រង់ចាំ​មើល​ថា តើ ​រឿង សោភ័ណ្ឌ ​និង ABD Karim Bennala នរណា​អ្នក​ឈ្នះ?​ ព្រោះ​ការ​ប្រកួត​របស់ រឿង សោភ័ណ្ឌ ប៉ុន្មាន​លើក​ចុង​ក្រោយ ហាក់​មាន​ការ​ធ្លាក់​ចុះ​បន្តិច។ ចំណែក​ការ​ប្រកួត​​របស់ ​វង្ស ​ណយ​, ម៉ឺន​ សុភា,​ ព្រំ​ សំណាង​, បឹង ​កាយ៉ាក និង ចាន់ សំអាត សុទ្ធ​តែ​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ​ប្រភព​ពី​អ្នក​តាម​ដាន​កម្មវិធី​​ Khmer Fight ​​តែងតែ​មាន​ជំនឿ​ថា​ កីឡាករ​មក​ពី​បរទេស​ភាគ​ច្រើន ​មក​ប្រកួត​​គម្រប់​កិច្ច ​ហើយ​ការ​ឈ្នះ​ចាញ់ គឺ​​អ្នក​រៀបចំ​ដឹង​មុន​បាត់​ ​ព្រោះ​គេ​មិន​យក​កីឡាករ​ខ្លាំងៗ​មក​ឲ្យ​ឈ្នះ​កីឡាករ​ខ្មែរ​នោះ​ទេ​៕​