ភ្នំពេញ៖ ​ការ​ប្រកួត​ប្រដាល់​ Khmer Fight ​លើក​ទី ​៣ ​ដែល​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​​បាន​សហការ​រៀបចំ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​និង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ​នៅ​លើ​ទីលាន​បាល់​ទាត់​ខេត្ត កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ មាន​មហាជន​ចូលរួម​ទស្សនា​ជិត​មួយ​ម៉ឺន​នាក់ ​ទោះ​ជា​ការ​ប្រកួត​នេះ ធ្វើ​ឡើង​ក្រោម​តំណក់​ទឹក​ភ្លៀង​ជោក​ជាំ​​ក៏​ដោយ ខណៈ​លទ្ធផល​ប្រកួត​ក្នុង​ចំណោម​​កីឡាករ​កម្ពុជា​​ទាំង​ ​៦ ​នាក់ គឺ​យើង​​ឈ្នះ ​៤​ ចាញ់ ​១ និង​​ស្មើ ​១ នាក់​។

កីឡាករ​​​ថៃ ​បារាំង ​អ៊ីរ៉ង់​ និង​អាល់ហ្សេរី ដែល​យក​មក​ប្រកួត​លើក​នេះ សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំងៗ​ និង​ល្អៗ​ ប៉ុន្តែ​​ផ្នែក​បច្ចេកទេស​កាត់​សេចក្តី​ពី​សំណាក់​គណៈកម្មការ​រៀបចំ​ប្រកួត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ទំនង​មាន​ចេតនា​ជួយ​កីឡាករ​ខ្មែរ ​ឲ្យ​មាន​ប្រៀប​ឈ្នះ ​ទោះ​ការ​ប្រកួត​គូ​ខ្លះ​ចាញ់​ប្រៀប​កីឡាករ​បរទេស​ក៏​ដោយ ​ប៉ុន្តែ​ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​បាន​​អះអាង​ថា ​លទ្ធផល​ប្រកួត​នេះ​ល្អ អាច​ទទួល​យក​បាន​ដោយ​គ្មាន​ភាគី​ណា​តវ៉ា​ទេ​។

លោក​ ហ៊​ ង៉ែត​ អ្នក​សម្របសម្រួល​កម្មវិធី ​និង​ជា​អ្នក​អត្ថាធិប្បាយ​និយាយ​ថា​៖ ​«ថ្នាក់​នាំ​ប្រមុខ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ​ព្រម​ទាំង​មហាជន​ប្រមាណ ​១ ម៉ឺន​នាក់ មាន​ការ​​អបអរ​សាទរ​ខ្លាំង​ណាស់​ ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​នេះ​ ហើយ​ឯក​ឧត្តម ​ហ៊ុន​ ម៉ានី​ លោក​អភិបាល​ខេត្ត​កំពង់​ស្ពឺ ​ព្រម​ទាំង​មន្ត្រី​ទូត​​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គ្រប់​ជាន់​ថ្នាក់ ​និង​​មហាជន ​​មាន​វត្តមាន​នៅ​ទីលាន​ប្រកួត​ក្រោម​តំណក់​ទឹក​ភ្លៀង​ទាំង​អស់​គ្នា​ គ្មាន​នរណា​មាន​ដំបូល​ជ្រក​ទេ ​គឺ​នៅ​ទស្សនា​ដល់​ចប់ ​៦ ​គូ​តែ​ម្តង»​។​

ទាក់ទង​ទៅ​នឹង​មតិ​លើក​ឡើង​របស់​អ្នក​ទស្សនា​មួយ​ចំនួន​រិះគន់​ថា​ ​គណៈកម្មការ​ត្រូវ​បាន​គេ​រៀបចំ​ផ្តល់​ពិន្ទុ ​មាន​លក្ខណៈ​យឹត​យោង​កីឡាករ​ខ្មែរ​ច្រើន​ជាង​កីឡាករ​បរទេស​នោះ ​លោក ​ហ៊ ​ង៉ែត​ បញ្ជាក់​​ថា៖​ ​​«​ខ្ញុំ​មិន​អាច​ឆ្លើយ​តប​បាន​ទេ​ ​ព្រោះ​នេះ​ជា​ភារកិច្ច​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ទាំង​ស្រុង​»។

សម្រាប់​ការ​ប្រកួត ដែល​មាន​ត្រឹម ​៣ ទឹក​ ​កីឡាករ​កម្ពុជា ​បាង ​កាយ៉ាក​ បាន​ឈ្នះ​អ្នក​ប្រដាល់​អាល់ហ្សេរី ​Laimine Benkerou ​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ​៣ ដោយ​ប្រើ​ជើង​ទាត់​ចំ​កញ្ចឹង​ក ​ប៉ុន្តែ ចាន់ ​សំអាត​ ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Sattranphup ដោយ​ពិន្ទុ​ដាច់ ​ខណៈ​ដែល​ចៅ​ក្រម​មិន​អាច​យឹត​យោង​ជួយ​បាន​ ហើយ ​ម៉ឺន ​សុភា​ ​បាន​ប្រើ​កណ្ដាប់​ដៃ​ផ្ដួល​អ្នក​ប្រដាល់​អ៊ីរ៉ង់​ Abdul Lash ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​២​។

ជាមួយ​គ្នា​នេះ ​វង្ស ​ណយ ​ប្រកួត​ចាញ់​ប្រៀប​អ្នក​ប្រដាល់​អ៊ីរ៉ង់ Amed Soleymony ​ប៉ុន្តែ​ត្រូវ​បាន​យឹតយោង​ឲ្យ​ស្មើ​គ្នា​។ ​វង្ស ​ណយ ​បាន​បែក ​២ ​កន្លែង​ តាំង​ពី​ទឹក​ទី ​១ ​ហើយ​ត្រូវ​បាន​ដៃគូ​វ៉ៃ​ឲ្យ​រាប់​នៅ​ទឹក​ទី ​១​ ​តែ​នៅ​ទឹក​ទី ៣​ វង្ស ណយ វ៉ៃ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​កីឡាករ​អ៊ីរ៉ង់វិញ​។​ រីឯ ​ព្រំ ​សំណាង​ ​ឈ្នះ​ថៃ​ Chhan Chhai ដោយ​ពិន្ទុ​ទាំង​វេទនា​ ខណៈ​ដែល​អ្នក​ទស្សនា​ភាគ​ច្រើន​បាន​​មើល​ឃើញ​ថា ​ព្រំ​ សំណាង​ បាន​ចាញ់​ថៃ​ ហើយ រឿង​ សោភ័ណ្ឌ​ ឈ្នះ​ពិន្ទុ​បារាំង Abdel Karim Baennala ​ដោយ​ពិន្ទុ​ទាំង​លំបាក​លំបិន ​និង​វេទនា​ខ្លួន​។

ជុំវិញ​ការ​កាត់​ក្តី​នេះ ​លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​ ដែល​មាន​វត្តមាន​ផ្ទាល់​នៅ​ទី​​នោះ ​បាន​​ថ្លែង​ថា​៖ «​លទ្ធផល​បាន​ប៉ុណ្ណឹង​ល្អ​ហើយ ​ដោយ​ទទួល​យក​បាន​​គ្រប់​ភាគី​ គឺ​គ្មាន​នរណា​តវ៉ា​នោះ​ឡើយ​។ ​ចំពោះ​​គូ​ វង្ស​ ណយ​ ឲ្យ​ស្មើ​គ្នា​នោះ​ គឺ​សមរម្យ​ ​ព្រោះ​ការ​តស៊ូ​ដូច​គ្នា​ វ៉ៃ​លើស​ខ្វះ​គ្នា​បន្តិច​បន្តួច ​ហើយ​ក៏​ជា​កម្មវិធី​មិត្តភាព​ផង​។ ​​

ចំពោះ​គូ​ ព្រំ​ សំណាង​ គឺ​កីឡាករ​ថៃ​វ៉ៃ​ល្អ​ តែ​ក្នុង​ទឹក​ទី ​១ ​ហើយ ​២ ​ទឹក​ចុង​ក្រោយ ​ថៃ​មិន​សូវ​វ៉ៃ ​ខណៈ ​​ព្រំ ​សំណាង​ ព្យាយាម​បាន​ល្អ​ដោយ​វាយ​សម្រុក​រហូត ​គឺ​អាច​ទទួល​យក​បាន​ ​ព្រោះ​បើ​យើង​ខ្លាំង​ពូកែ ​មិន​ព្រម​វ៉ៃ​ចេញ​ច្រើន​គឺ​ចាញ់​សម​ហើយ»​៕​