ភ្នំពេញៈ ក្រុម Khmer United បានបន្ថែមភាគរយកាន់តែខ្ពស់ ក្នុងការឆ្ពោះទៅប្រជែងយកពាន ក្នុងការប្រកួតលីកខ្មែររៀលអ៊ីស្ទេត លើកទី ៧ ឆ្នាំ ២០១៨ (Khmer Real Estate League 2018) បន្ទាប់ពីក្រុមមួយនេះ រកបាន ៣ ពិន្ទុបន្ថែម ស្របពេលដៃគូប្រជែងដ៏តានតឹងរបស់ខ្លួន Blue Dragon បានជួបការខកចិត្ត ហើយ Avatar បានត្រឹម ១ ពិន្ទុនោះ។
សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី ៩ នេះ ក្រុមជើងឯករង ២ សម័យកាល Khmer United បានលត់ក្រុម Giant FC ៧-២ ដើម្បីបន្តឈរនៅលើកំពូលតារាង ដោយមាន ២៧ ពិន្ទុ ហើយការឈ្នះបាន ៣ ពិន្ទុបន្ថែមនេះ បានជួយឲ្យ Khmer United មានឱកាសកាន់តែច្រើន ក្នុងការឆ្ពោះទៅដណ្តើមយកពាន នៅក្នុងឆ្នាំនេះ ខណៈក្រុម Blue Dragon ដែលជាគូប្រជែងយ៉ាងស្រួចស្រាល់របស់ខ្លួន បានជួបការបរាជ័យ ជាលើកទី ២ នោះ។
ក្រុម Blue Dragon បានចាញ់ក្រុមម្ចាស់ជើងឯក Bayon Wanderers ៤-០ ក្រោមការប្រកួតយ៉ាងស្វិតស្វាញបំផុត។ យ៉ាងណាក៏ដោយ ការចាញ់រហូតដល់ ៤ គ្រាប់នេះ ក៏អាចមកពីការប្រកួតនេះ ត្រូវបានធ្វើនៅក្រោមដំណក់ទឹកភ្លៀងផងដែរ ដែលធ្វើឲ្យសមាជិក Blue Dragon មានការលំបាក ក្នុងការបិទ ក៏ដូចជាទម្លុះសំណាញ់ការពាររបស់ក្រុមចម្រុះដោយបរទេស Bayon ដែលមានមាធធំៗ។
ជាមួយលទ្ធផលចាញ់នេះ បានធ្វើឲ្យ Blue Dragon ធ្លាក់ពីលេខ ២ មកឈរនៅលេខ ៣ ដោយមាន ២១ ពិន្ទុដដែល ឯក្រុម Bayon បានឡើងពីលេខ ៥ ទៅឈរនៅលេខ ៤ ដោយមាន ២១ ពិន្ទុដែរ។ រីឯក្រុម Avatar FC ដែលជាដៃគូប្រជែងយ៉ាងស្រួចស្រាល់របស់ Khmer United ដែរនោះ បានទទួលត្រឹម ១ ពិន្ទុបន្ថែមប៉ុណ្ណោះ។
ក្រុម Avatar បានស្មើក្រុមបាសាក់ ២-២ ហើយការប្រកួតនេះមានភាពស្វិតស្វាញខ្លាំង។ ការរកបានត្រឹម ១ ពិន្ទុនេះ បានជួយឲ្យក្រុម Avatar ឡើងមកឈរនៅលេខរៀងទី ២ ជាបណ្តោះអាសន្ន ដោយមាន ២២ ពិន្ទុ ចំណែកក្រុម Riel PP ដែលមាន ២១ ពិន្ទុដែរនោះ មិនបានបង្ហាញសមត្ថភាពនៅលើទីលាន សម្រាប់ការជួបក្រុមវត្តកោះ នោះទេ ព្រោះជំនួបរវាងក្រុមទាំង ២ នេះ ត្រូវបានលើកពេល។
ជាមួយគ្នានេះ ក្រុមយុវជនកំពង់ចាម បានយកឈ្នះក្រុម HHK ៥-៤ ដើម្បីឡើងមកឈរនៅលេខរៀងទី ៦ ដែលជាទីតាំងចាស់របស់ក្រុមអាណាចក្រទួលគោក ដោយមាន ២០ ពិន្ទុ ព្រោះនៅសប្តាហ៍នេះ អាណាចក្រទួលគោក បានត្រឹមស្មើ ២-២ ជាមួយក្រុមចម្រុះដោយបរទេស Anvaya FC ដែលធ្វើឲ្យពួកគេមាន ១៩ ពិន្ទុ។
ផ្ទុយពីនេះក្រុមយុវជនច្បាប់ បានយកឈ្នះក្រុមតាំងគោក ៥-២ ដើម្បីមាន ១៤ ពិន្ទុ ស្របពេលក្រុមទន្សោងអេហ្វស៊ី បានឈ្នះក្រុមចាស់វស្សា V.Train ៤-១ ដើម្បីមាន១៣ពិន្ទុ ហើយក្រុម RFL បានលត់ក្រុមកូនខ្មែរ ៥-០ ដើម្បីមាន ១២ ពិន្ទុ។
ចំពោះក្រុម Mambo PP បានយកឈ្នះក្រុមឈរនៅបាតតារាង យុវជនស្នោរ ២-១ ដើម្បីមាន ១០ ពិន្ទុ គឺតិចជាងក្រុមបាសាក់ ដែលមាន ១១ ពិន្ទុ តែច្រើនជាងក្រុម Anvaya និង Giant ដែលមាន ៨ ពិន្ទុដូចគ្នា ខណៈក្រុមតាំងគោក HHK និងក្រុមកូនខ្មែរ មាន ៦ ពិន្ទុស្មើគ្នា ហើយ V.Train មាន ៥ ពិន្ទុ ក្រុមវត្តកោះ មាន ៣ ពិន្ទុ ប៉ុន្តែក្រុមយុវជនស្នោរ នៅតែគ្មានពិន្ទុរាប់ដដែល ព្រោះ៩ប្រកួតនេះ ពួកគេស្មើ ១ និងចាញ់ ៨ ប្រកួត៕