ភ្នំពេញៈ ក្រុមម្ចាស់​ជើង​ឯករង២ជំនាន់ Khmer United ​បាន​បង្កើន​​ការ​ជឿជាក់​កាន់​តែ​ខ្លាំង ក្នុងការ​ជម្នះ​ការ​លំបាក​ ដើម្បីឆ្ពោះ​ទៅ​ដណ្តើម​តំណែង​ជើង​ឯក​ ការ​ប្រកួត​លីក​ខ្មែរ​រៀល​អ៊ីស្ទេត ឆ្នាំ ​២០១៨ បន្ទាប់​ពី​ក្រុម​មួយ​នេះ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ពាន​ឆ្នាំ​២០១៧ Bayon Wanderers ​នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង ដើម្បី​បំពេញ​ការ​សងសឹក​ពីអតីត​កាល កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ។

បើ​ទោះ​បីជា​ការ​ប្រកួត​ នៅ​លើ​ទី​លាន​ដំរី កាល​ពី​ថ្ងៃ​អាទិត្យ​នោះ មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង និង​មាន​ការ​លំបាក ព្រោះ​ត្រូវ​លេង​ក្រោមតំណក់​ទឹក​ភ្លើង ប៉ុន្តែ​​ក្រុម Khmer United ​បាន​យក​ឈ្នះ​ក្រុម Bayon រហូត​ដល់ ៣-០ ហើយ​ដ៏​​លទ្ធផលដ៏​ល្អ​​នេះ ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ពួក​គេ​ បាន​បន្ត​ឈរ​នៅ​លេខ​រៀងទី​ ២ ជាមួយការ​ឈ្នះ​ទាំង​ ៥​ ប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​បាន​ក្លាយ​ជា​ការ​សង​សឹក​មួយ​ទៅ​លើ​ក្រុម Bayon ដែល​ពួក​គេ​ធ្លាប់​ចាញ់ ៣-១ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ ​២០១៧។

លោក គង់ សៀន គ្រូ​បង្វឹក​ក្រុម Khmer United បាន​ចាត់​ទុក​ការ​ឈ្នះ​ក្រុម Bayon ៣-០ លើក​នេះ ជា​ការ​ត្រូសត្រាយ​ផ្លូវ​មួយ​យ៉ាង​សំខាន់ ក្នុងការ​ជួយ​ឲ្យ​ក្រុមរបស់​លោក មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង ក្នុងការ​ឆ្ពោះ​ទៅ​រក​តំណែង​ជើង​ឯក។

លោក​បាន​ប្រាប់​មុន​នេះ​បន្តិច​ថា៖ ​«​​នេះ​ជា​លទ្ធផល​ដ៏​ល្អ ព្រោះ​យើង​បាន​ឈ្នះ​ក្រុម​ម្ចាស់​ជើង​ឯក ហើយ Bayon ជា​ឧបសគ្គ​យ៉ាង​ធំ​មួយ​សម្រាប់​យើង អ៊ីចឹងជ័យ​ជម្នះ​នេះ​ បាន​ធ្វើ​ឲ្យ​​​ខ្ញុំ និង​កីឡាករ​ទាំង​អស់ ​ប្តេជ្ញា​ចិត្ត នឹង​ខំ​ប្រឹង​យក​​ពានមួយនេះ​ឲ្យ​បាន តែ​លទ្ធផល​ទទួល​បានយ៉ាង​ណា​នោះ យើងនៅ​មិនទាន់​ដឹង​ទេ គ្រាន់​តែ​ថា ​ក្តី​សង្ឃឹម និង​ការ​ស្រមើ​ស្រម័យ​របស់​យើង គឺ​ត្រូវ​ដណ្តើម​យក​ពាន​នេះ​ឲ្យ​បាន»។

ជាមួយគ្នា​នេះ​ដែរ លោក គង់ សៀន ​ក៏​បាន​បង្ហើប​ដែរ​ថា ការ​យក​ឈ្នះ​ក្រុម Bayon លើក​នេះ ដោយ​សារ​លោក​បាន​ប្តូរ​ប្រព័ន្ធ​លេង។

លោក​បាន​និយាយ​ថា៖​ «​កាល​ចាញ់​ក្រុម Bayon ៣-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ​មុន យើង​បាន​​ប្រើ​ប្រព័ន្ធ​លេង ៤-២-៤ ដែលធ្វើ​ឲ្យ​​មាន​ចន្លោះ​ប្រហោង​សម្រាប់​គូ​ប្រកួត ប៉ុន្តែ​លើក​នេះ​យើង​បាន​ប្រើ​ប្រព័ន្ធ​លេង​ ៤-៣-៣ ដែល​​ប្រព័ន្ធ​ថ្មី​នេះ យើង​លេង​បាន​ល្អ ស៊ីចង្វាក់​គ្នា និង​ទទួល​បាន​លទ្ធផល​ល្អ»។

​ក្រុម​អាណាចក្រ​ទួល​គោក (បៃតង​) បាន​យក​ឈ្នះ V.Train ក្នុង​លទ្ធផល ៤-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី​៣ ជាបណ្តោះ​អាសន្ន។ រូប​ភាព ឈន ណន

យ៉ាង​ណា​ក៏​ដោយ​ គ្រូ​បង្វឹក​រូបនេះ គ្រោង​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​លេង​ទៅតាម​ស្ថាន​ភាពជាក់​ស្តែង និង​​តាម​សមត្ថភាព​គូ​ប្រកួត ដែល​ពួក​គេត្រូវ​ជួបជា​បន្ត​ទៀត ខណៈ​ក្រុម Blue Dragon​ អាណាចក្រ​​ទួល​គោក និង Riel PP ត្រូវ​បាន​លោក គង់ សៀន ចាត់​ទុក​ថា ជាក្រុម​ខ្លាំងដែល Khmer United ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​​​ខ្លាំង។

សម្រាប់​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី ​​៥ កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ នោះ​ដែរ ក្រុម Blue Dragon បាន​យក​ឈ្នះ​ក្រុម​យុវជន​តាំង​គោក ៤-២ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង ដោយ​មាន​ ១៥ ​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Khmer United។ រីឯ​ក្រុម​អាណាចក្រ​ទួល​គោក បាន​យក​ឈ្នះ​ក្រុម V.Train ៤-១ ដើម្បី​ហក់​ពី​លេខ ​​៩ មក​ឈរ​នៅ​លេខ​ ៣ ដែល​ជា​ទី​តាំង​ចាស់​របស់​ក្រុមមាន​ ៩ ពិន្ទុ​ Bayon។

ចំណែក​ក្រុម Riel PP បាន​យក​ឈ្នះ​ក្រុម​​ចម្រុះ​ដោយ​បរទេស Anvaya FC ៣-០ ដើម្បី​បន្ត​ឈរ​នៅ​លេខ​រៀងទី ​៤ ដោយ​មាន​ ១២ ​ពិន្ទុ ស្មើ​ជាមួយ​ក្រុមអាណាចក្រ​ទួល​គោក ហើយ Avatar បាន​លត់​ក្រុមយុវជន​វត្ត​កោះ ៦-២ ដើម្បី​ឈរ​នៅ​លេខ​ ៥ ​ដដែល មាន​ ១២ ​ពិន្ទុ​ដែរ ប៉ុន្តែ​ក្រុម​យុវជន​កំពង់​ចាម ​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​ទន្សោង​អេហ្វស៊ី។

ផ្ទុយ​ពីនេះ​​ក្រុម​យុវជន​ច្បាប់ និង RFL រក​បាន​៣ពិន្ទុ​បន្ថែម​ដូច​គ្នា ដោយ​ក្នុងនោះ យុវជន​​ច្បាប់ បាន​ឈ្នះ​ក្រុម Mambo PP ៥-២ ហើយ RFL បាន​លត់​ក្រុម HHK ៥-១ ខណៈ​​ក្រុម​កូនខ្មែរ បានបំបាក់​ក្រុម​យុវជន​ស្នោរ ៤-០ ដើម្បី​​ទទួល​បាន​ ៣ ពិន្ទុ ជា​លើក​ដំបូង ប៉ុន្តែ​ជំនួប​រវាង​ក្រុម​បាសាក់ និង Gaint FT កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ ត្រូវ​បាន​ផ្អាកត្រឹម​តង់​ទី ​១ និងត្រូវ​លើក​ពេល​ប្រកួត ដោយ​សារ​​ភ្លៀង​ខ្លាំង​ពេក មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន៕