ភ្នំពេញៈ វត្ត​មាន​របស់​សេះ ដែល​ទើប​មាន​អាយុ​បាន ​២​ ឆ្នាំ ឈ្មោះ KK បាន​ញ៉ាំង​ឲ្យ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រណាំងសេះ​ ដណ្ដើម​ពានរង្វាន់ Smart Land Home Champion 2018 ប្រចាំ​ខែមីនា នៅ​លើ​ទឹក​ដី​វិហារសួគ៌ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ ​បាន​ដំណើរ​ទៅ ​​ជាមួយ​អ្នក​គាំ​ទ្រ​ខ្លួន កាន់​តែ​ច្រើន។

ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ទស្សនា​ផ្ទាល់​នេះ ដោយ​សារ​តែមាន​អ្នក​ភូមិជាង ​១០០​ នាក់ ដែល​ជា​អ្នក​គាំ​ទ្រ​ផ្ទាល់​ទៅ​លើ​សេះ​ឈ្មោះ KK សុទ្ធ​តែ​បាន​មក​​ទស្សនា​ដោយ​ផ្ទាល់ ចំពោះ​ការ​ប្រណាំង​សេះ ប្រចាំ​ខែ​នេះ ព្រោះ​ពួក​គាត់ ចង់​ឃើញ​ពី​ល្បឿន​នៃ​ការ​ត់​របស់ KK ម្តង​ទៀត ខណៈ​ការ​ចូល​រួម​លើក​មុន KK ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ ​៣។

ប៉ុន្តែ KK ដែល​មាន​កម្ពស់ ១,៤៧ ម៉ែត្រ និងមាន​បទ​ពិសោធ​នូវ​ខ្ចីនោះ បាន​​ត្រឹម​ទទួល​ចំណាត់​ថ្នាក់​លេខ ​៤ ក្នុង​ចំណោម​សេះ​ចូល​រួម​សរុប​ ១៨ ​ក្បាល ក្នុងការ​ប្រកួតពូល ​​C ប្រចាំ​ខែមីនានេះ ខណៈ​សេះ​ឈ្មោះ Man Do Za ទទួល​បាន​​លេខ ​១ ឯ​លេខ​ ២ ​បាន​ទៅ​សេះ​ឈ្មោះ Pal SO និង​លេខ ​៣ បាន​ទៅ​សេះ​ឈ្មោះ អា​ចាន់​សម័យ។

យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​ផ្ទាល់​របស់ KK នៅ​តែ​ចង់​ឃើញ​ពី​ការ​បង្ហាញ​សមត្ថ​ភាព​របស់​សេះ​មួយ​ក្បាល​នេះ សម្រាប់​ការ​ប្រកួត​ប្រចាំ​ខែ​ក្រោយៗ​​ទៀត ហើយ​ម្ចាស់​​របស់​សេះ​មួយ​ក្បាល​នេះ ក៏​មាន​មហិច្ឆតា​ធំ​ផងដែរ ដោយ​ចង់​ដាក់​ឲ្យ KK ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​សេះ​កម្រិត​ស្តង់ដារ​អន្តរជាតិ ក្នុង​ពូល​ A នា​ពេល​អនាគត។

ជាមួយ​នឹង​ដំណឹង​នេះ លោក អឿន សុផល អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សេះ​របស់ 7NG បាន​បញ្ជាក់​ថា វា​អាច​ទៅ​រួច ក្នុងការ​ដាក់​សេះ​ឈ្មោះ KK ឲ្យ​ចូល​រួម​ការ​ប្រកួត​នៅ​ពូល​A នាពេល​អនាគត ព្រោះ​សេះ​នេះ នៅ​មាន​អាយុ​ក្មេង​ខ្ចី​នៅ​ឡើយ អ៊ីចឹងបើ​សិនសេះ និង​ម្ចាស់​សេះ KK មានការ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត គឺ​សមត្ថ​ភាព​របស់​សេះ​មួយនេះ នឹង​មាន​ការ​រីក​ចម្រើន​ជាង​​នេះ។

សម្រាប់​ការ​ប្រកួត នៅ​លើ​ទី​លាន SCT Sport Complex របស់ 7NG ​ប្រចាំ​ខែ​មីនា កាល​ពី​ថ្ងៃអាទិត្យ នោះ​ ក៏​មាន​ការ​ប្រកួត​ប្រជែង​រវាង​សេះ​ឈរ​នៅ​ពូល​ D ចំនួន​ ១៨​ ក្បាល​ទៀត ផងដែរ ហើយ​ជា​លទ្ធផល ​សេះ​ឈ្មោះ អាផ្កាយ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១ សេះឈ្មោះ អារ៉េ បាន​លេខ​ ២ និង​សេះ​ឈ្មោះ អាសប្បាយ ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ ​៣។

ប៉ុន្តែ ចំពោះ​សេះ​កម្រិត​ស្តង់​ដារ​អន្តរជាតិ ឈរ​នៅ​ពូល​ A នៅ​តែ​មិន​ទាន់​​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង ​នៅ​ក្នុង​ខែ​មីនា​នេះដដែល។

យ៉ាង​ណា​ក៏​ដោយ ​អ្នក​រៀបចំ​ការ​ប្រកួតនេះ បាន​ឲ្យ​ដឹង​ថា សេះ​​ឈរ​នៅ​ពូល​ A ត្រូវ​បាន​ឲ្យ​ឈប់​សម្រាក ដើម្បី​ត្រៀម​កម្លាំងចូល​រួម​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ យក​ពាន​ធំ Smart Land Home Champion និង​ប្រាក់​រង្វាន់ ​២៥០០០ ​ដុល្លារ ជា​មួយ​សេះ​មក​ពី​ក្រៅ​ប្រទេស ដែល​​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ​៧ ខែមេសា ឆ្នាំ​ ២០១៨ ខាងមុខ​នេះ៕