ក្រុង​ឡុងដ៍៖ គ្រូ​បង្វឹក​ក្លិប Liverpool លោក JurgenKlopp និយាយ​ថា កីឡាករ​ Virgil van Dijk គួរ​តែ​ឈ្នះ​កីឡាករ​ Lionel Messi សម្រាប់​ពាន​រង្វាន់​ស្បែក​ជើង​មាស​ Ballon d''Or នៅ​ខែ​ក្រោយ​នេះ​​។​

ខ្សែ​ការពារ​ហូឡង់​ Van Dijk មាន​ឆ្នាំ​ដ៏​អស្ចារ្យ​ជាមួយ​ក្លិប​ Liverpool ដោយ​ជួយ​ឲ្យ​​ក្រុម​ហង្ស​ក្រហម​នេះ​​ឈ្នះ​ពាន​រង្វាន់​ Champions League កាល​ពី​ខែ​មិថុនា។​​

ក្រុម​ហង្ស​ក្រហម​ក៏​ជិត​នឹង​ទទួល​បាន​ពាន​រង្វាន់​​ Premier League កាល​ពី​រដូវ​កាល​ផង​ដែរ​ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​កំពុង​ដេញ​តាម​យក​ពាន​រង្វាន់​អង់គ្លេស​នៅ​រដូវកាល​នេះ ​ក្រោយ​ពី​មាន​ការ​ចាប់​ផ្ដើម​មិន​ធ្លាប់​ចាញ់​មក​ដល់​ពេល​នេះ​។​

លោក Klopp អាច​ឃើញ​ពី​មូលហេតុ​ដែល​កំពូល​កីឡាករ Messi នៅ​ក្លិប Barcelona គឺ​​​ជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់​ពាន​រង្វាន់​បុគ្គល​មួយ​នេះ ​ដោយសារ​រូប​គេ​មាន​អាជីព​ល្អ​។​​​

ប៉ុន្តែ​ជា​ជាង​ការ​​ផ្ដល់​​ពាន​រង្វាន់ ​Ballon d'' Or ទី ៦ ដល់​កីឡាករ ​Messi​ នោះ ​លោក ​Klopp​ ជឿជាក់​ថា ​មាន​ករណី​ដ៏​រឹងមាំ​មួយ​សម្រាប់​ខ្សែ​ការពារ​របស់​ក្លិប ​Liverpool ​ក្នុង​ការ​ដើរ​ចេញ​ជាមួយ​នឹង​ពាន​រង្វាន់​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​នៅ​ក្រុង​ប៉ារីស ​ប្រទេស ​បារាំង ​នៅ​​ថ្ងៃ​​ទី ​២​ ខែ​ធ្នូ​ក្រោយ​នេះ​។

គួរ​រំឭក​ថា កីឡាករ​ក្រូអាត​ Luka Modric នៅ​ក្លិប Real Madrid គឺ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​មុន ​ខណៈ​ពាន​រង្វាន់​នេះ​​ត្រូវ​បាន​ផ្ដល់​ជូន​រាល់​ឆ្នាំ​ដោយ​ទស្សនា​វដ្ដី​ប្រទេស ​បារាំង​​ France Football។

លោក Klopp បាន​និយាយ​ថា៖ «​ប្រសិន​បើ​អ្នក​ផ្ដល់​ពាន​រង្វាន់ Ballon d''Or ដល់​កីឡាករ​ឆ្នើម​ប្រចាំ​ជំនាន់​នេះ​ ពេល​នោះ​អ្នក​អាច​​​ផ្ដល់​ពាន​រង្វាន់​​នេះ​ដល់​កីឡាករ​ Loinel Messi​​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ផ្ដល់​ពាន​រង្វាន់​នេះ​ដល់​កីឡាករ​ឆ្នើម​ប្រចាំ​រដូវកាល​មុន​ ពេល​នោះ​វា​សម​តែ​ផ្ដល់​ឲ្យ​កីឡាករ​ Virgil van Dijk»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ដូច្នេះ​ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា តើ​គេ​នឹង​សម្រេច​​បែប​ម៉េច​​នោះ​ទេ ​ប៉ុន្តែ​​​នោះ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​​តែ​ប៉ុណ្ណោះ​»។​

លោក Klopp បាន​បញ្ជាក់​​​ទៀត​ថា៖ ​«​ប្រសិន​បើ​វា​សម្រាប់​កីឡាករ​ឆ្នើម​នៃ​រដូវកាល​ទាំង​អស់​​នោះ គឺ​វា​សម​សម្រាប់​ កីឡាករ​ Messi ប៉ុន្តែ​ប្រសិន​បើ​សម្រាប់​រដូវ​កាល​មុន​នោះ ​គឺ​សម​តែ​កីឡាករ​ Van Dijk។ យើង​នឹង​ឃើញ​ជាក់​ស្ដែង​»។​​​

សូម​រំឭក​ថា កីឡាករ​ Van Dijk ក៏​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​ហូឡង់​បាន​មាន​ឱកាស​លេង​នៅ​ព្រឹត្តិការណ៍ Euro 2020 នៅ​ឆ្នាំ​នេះ​ផង​ដែរ​ ចំណែក​កីឡាករ Messi វិញ​បាន​ជួយ​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ចំណាត់​ថ្នាក់​លេខ​ ​៣ ​នៅ​​ក្នុង​ព្រឹត្តិការណ៍​អាមេរិក​ឡាទីន Copa America នៅ​ឆ្នាំ​នេះ​៕ APF/SN