ក្រុងលីវើភូល: លោក Jurgen Klopp អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ទទួល​ស្គាល់​ថា ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅពេល​ប្រកួត​ជាមួយ​នឹង​គូប្រកួត​ចាស់ Bayern Munich កាលពី​ថ្ងៃ​អង្គារ​មិនមែន​ជា​លទ្ធផល​ដែល​លោក​បាន​សុបិន​ទុក​ឡើយ ប៉ុន្តែ​នៅ​តែ​ជឿជាក់​ចំពោះ​ការឈាន​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League​។

Sadio Mane បាន​ខ្ជះខ្ជាយ​ឱកាស​ដ៏ល្អ​បំផុត​មួយ​នៅពេល​ដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេណេហ្គាល់​រូបនេះ​បាន​ស៊ុត​បាល់​ខុស​ទី អំឡុងពេល​នៃ​ការប្រកួត​ដែល​បើកចំហ​រយៈពេល​ ៤៥ ​នាទី​ដំបូង ប៉ុន្តែ​ការមិន​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​តង់​ទី​ ២ បាន​ធ្វើឲ្យ​វគ្គ​នេះ​ត្រូវ​កាត់​សេចក្តី​ក្នុង​ពេល​ក្រុម​ទាំង​ ២ ​ជួប​គ្នា​ម្តងទៀត​នៅ​ទីក្រុង Munich នា​ថ្ងៃ​ទី​ ១៣ ខែ​មីនា​ខាង​មុខ​។

ទោះបី​ជា​យ៉ាង​ណា​ខណៈ​ដែល​បាន​អវត្តមាន​ខ្សែការពារ Virgil van Dijk ដោយសារ​តែ​ការជាប់​ពិន័យ​ព្យួរ​ក៏​ដូចជា​ខ្សែការពារ Joe Gomez និង Dejan Lovren ក្រុម Liverpool យ៉ាង​ហោច​ណាស់​មិន​បាន​របូត​គ្រាប់​បាល់​នៅ​ក្រៅ​ដី​ឡើយ បើ​ទោះបី​បាន​ផ្លាស់ប្តូរ​ខ្សែការពារ​កណ្តាល​តាមរយៈ​ការដាក់​ឲ្យ​កីឡាករ Fabinho លេង​ជា​គូ​ជាមួយ​នឹង Joel Matip ក៏ដោយ​។

លោក Klopp បាន​ឲ្យ​ដឹង​ថា​៖ «​វា​មិនមែន​ជា​លទ្ធផល ឬ​ការប្រកួត​ដែល​យើង​បាន​សុបិន​ទុក​ឡើយ​។ វា​មិនមែន​ជា​ការប្រកួត​ដែល​យើង​នឹង​ចងចាំ​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​ឡើយ​។ វា​ជា​លទ្ធផល​មួយ​ដែល​យើង​មាន ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​នឹង​លទ្ធផល​នោះ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា​៖ «​វា​ជា​ការការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​ដោយ​គ្មាន Van Dijk​។ មនុស្ស​ជាច្រើន​នឹង​មិន​រំពឹងទុក​បែប​នោះឡើយ​។ ការពារ​ពិតជា​រឹងមាំ​។ យើង​បាន​ធ្វើ​រឿង​ល្អៗ​ជាច្រើន ខ្ញុំ​មិន​រីករាយ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​គ្មាន​បញ្ហា​ជាមួយ​លទ្ធផល​ក្នុង​ការប្រកួត​នេះ​ទេ​»​។

Valverde រកឃើញ​ចំណុច​វិជ្ជមាន ខណៈ Barca ស្មើ​ជាមួយ Lyon

លោក Ernesto Valverde គ្រូបង្វឹក​នៃ​ក្រុម Barcelona មិន​បាន​សម្តែង​ពី​ការបារម្ភ​ទៅ​លើ​ការខ្វះ​នូវ​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​នៃ​ក្រុម​របស់​លោក ក្រោយពី​ពួកគេ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដី​ក្រុម Lyon ក្នុងការ​ប្រកួត​ជើង​ទី​ ១ ​នៃ​ក្របខ័ណ្ឌ Champions League វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ​។

ក្រុម​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​បាន​បង្កើត​ឱកាស​ជាច្រើន​នា​កីឡដ្ឋាន Groupama ខណៈ​ដែល​ខ្សែប្រយុទ្ធ Luis Suarez បាន​ស៊ុត​បាល់​ខុស​ទី​នៅ​តង់​ទី​ ២ ប៉ុន្តែ​ក្រុម Lyon បាន​បង្កើត​ឱកាស​ដ៏ល្អ​បំផុត​ក្នុង​ការរក​គ្រាប់​បាល់ ប៉ុន្តែ Martin Terrier បាន​ស៊ុត​បាល់​ប៉ះ​ទៅ​នឹង​របារទី​។ លោក Valverde បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​កីឡា​បាល់ទាត់​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ស៊ុត​បាល់​ឲ្យ​ចំ​គោលដៅ​ផង​ដែរ ហើយ​យើង​ធ្វើ​មិន​បាន​»៕ IS