ក្រុង​ឡុងដ៍៖ គ្រូ​បង្វឹក​ក្លិប Liverpool លោក Jurgen Klopp បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង ​ចំពោះ​សំណើ​សុំ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ដំណាក់​កាល​ប្រកួត​ក្នុង​ពូល​ក្របខ័ណ្ឌ Champions League ត្រូវ​​ប្រែ​ក្លាយ​ជា​ផ្នែក​មួយ​មាន ​៣២ ​ក្រុម​។​

ក្លិប​ជា​ម្ចាស់​ជើងឯក​អឺរ៉ុប​នេះ​មាន​កម្មវិធី​ប្រកួត​ជា​កញ្ចប់​រួច​​ទៅ​ហើយ ​ដោយ​​ក្លិប​Liverpool ​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស ​កាតា ​សម្រាប់​ការ​ប្រកួត​ Club World Cup ក្នុង​ពេល​​មិន​ដល់ ​២៤ ​ម៉ោង ​​ក្រោយ​ពី​បាន​​ឈ្នះ​ក្រុម Watford ២-០ នៅ​កីឡដ្ឋាន​ Anfield ​ពី​ថ្ងៃ​សៅរ៍​។​​

ជា​ការ​ពិត​នៅ​សប្ដាហ៍​នេះ​ក្រុម Liverpool មាន​ផែន​ការ​ប្រកួត​ចំនួន ​២ ជាប់​គ្នា​ ​ដោយ​លោក Klopp គ្រោង​នឹង​ដឹកនាំ​ក្រុម​យុវជន​ចូលរួម​ប្រកួត​នៅ​​វគ្គ ​៨ ក្រុម​ចុង​ក្រោយ​ ​ជាមួយ​ក្រុម​ Aston Villa ក្នុង​ក្របខ័ណ្ឌ​​ League Cup របស់​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​មុន​ពេល​ក្រុម​កីឡាករ​ជើង​ចាស់​ធ្វើ​ការ​​ប្រកួត​នៅ​ទីក្រុង​ដូហា ​ប្រទេស ​កាតា ​នៅ​ថ្ងៃ​ពុធ​។​

លោក Klopp មិន​សប្បាយ​ចិត្ត​នឹង​ផែនការ​ជជែក​ពី​ការ​បង្កើន​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Champions League នោះ​ទេ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ក្រុម​របស់​គាត់​មាន​​ផែនការ​ប្រកួត​កាន់​តែ​ច្រើន​ថែម​ទៀត​។​

លោក Klopp បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​ប្រកួត​ជាមួយ​ក្រុម​ Watford ថា ​៖ ​«​ថ្ងៃ​នេះ​ខ្ញុំ​បាន​អាន​កាសែត​​ឃើញ​ក្លិប​ធំៗ​មួយ​ចំនួន​ចង់​ឲ្យ​គេ​បង្កើន​ការ​ប្រកួត​​នៅ​ក្របខ័ណ្ឌ Champions League ហើយ​ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​ផែនការ​នេះ​ ប៉ុន្តែ​នោះ​គឺ​ពិត​ជា​រឿង​មិន​ល្អ​ទេ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ការ​ប្រកួត ​គឺ​បែប​នេះ​ឯង។ ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​ឃើញ​យើង​រង​គ្រោះ​​ តើ​មែន​ទេ​?»។​

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មើល​ទៅ​ដូច​ជា​មាន​ការ​​ព្រួយ​បារម្ភ ​ប៉ុន្តែ​តាម​ពិត​គឺ​គ្មាន​អ្នក​ណា​មួយ​បែប​នោះ​ទេ​ ពី​ព្រោះ​យើង​និយាយ​ពី​រឿង​នេះ​​ ហើយ​គ្មាន​អ្នក​ផ្សេង​ទៀត​ហ៊ាន​និយាយ​បែប​នេះ​ទេ​​»។​​​

លោក Klopp ​បាន​និយាយ​ទៀត​ថា៖ «​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ដែល​យើង​ចង់​ធ្វើ​​ និង​មាន​លក្ខណ​វិជ្ជមាន​»។​

ក្នុង​ការ​ប្រកួត​ពី​ថ្ងៃ​សៅរ៍​នោះ កីឡាករ Salah រក​បាន ​២ ​គ្រាប់​តែ​ម្នាក់​ឯង ​ដើម្បី​ជួយ​ឲ្យ​ក្រុម​ Liverpool នាំ​មុខ​គេ​ដាច់ ​១០ ​ពិន្ទុ ​ជាមួយ​ជ័យជម្នះ​ទៅ​លើ​​ក្រុម Watford ២-០​ ក្រោយ​ពី​ក្រុម Leicester ​ឈរ​នៅ​លេខ ​២ ​នៃ​ក្របខ័ណ្ឌ Premier League បាន​ត្រឹម​​ស្មើ​គ្នា​ ១-១ ជាមួយ​ក្រុម Norwich នៅ​ថ្ងៃ​នោះ​ដែរ​។​

លោក Klopp បាន​និយាយ​ថា៖ «​នៅ​ខែ​ធ្នូ​ និង​ជា​ពិសេស​នៅ​ខែ​មករា​នោះ​ អ្នក​​ត្រូវ​តែ​បង្ហាញ​ពី​ភាព​មាន​ថាមពល​ឡើង​វិញ ​ដែល​ជា​រឿង​សំខាន់​បំផុត​​ ហើយ​យើង​បាន​ធ្វើ​បែប​នោះ​មែន​។ យើង​ត្រូវ​តែ​ប្រយុទ្ធ​តាម​ទម្លាប់​ធម្មតា​ដែល​យើង​បាន​ឈ្នះ​កន្លង​មក​នេះ​»។​

គ្រូបង្វឹក​រូប​នេះ​ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ក្រុម Liverpool បន្ត​រីករាយ​នឹង​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​នេះ ​ក្រោយ​ពី​គាត់​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម​ហង្ស​ក្រហម​នេះ​រហូត​ដល់​ឆ្នាំ ​២០២៤​៕