លីវើរភូល៖ លោក Jurgen Klopp និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា គាត់​រំភើប​យ៉ាង​ខ្លាំង​នឹង​ស្ដង់ដា (មាត្រដ្ឋាន) លេង​របស់​ក្រុម Liverpool សម្រាប់​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ការពារ​តំណែង​ជើងឯក​ក្របខ័ណ្ឌ Premier League ​របស់​ខ្លួន​ជា​ពិសេស​ការ​ដណ្ដើម​​បាន ៣ ​ពិន្ទុ​ទៀត​ នៅ​សប្ដាហ៍​​ទី​៣ នេះ ដោយ​ការ​យក​ឈ្នះ​​ក្រុម​ភ្ញៀវ​ Arsenal ៣-១ ទោះ​ត្រូវ​នាំ​មុខ​មុន​ក៏​ដោយ​។

គ្រាប់​បាល់​ពី​ខ្សែ​ប្រយុទ្ធ​ Sadio Mane ខ្សែ​ការពារ Andy Robertson និង​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Diogo Jota គ្រប់គ្រាន់​ឱ្យ​ក្រុម​ហង្ស​ក្រហម​បញ្ចប់​​ដំណើរ​ក្រុម​កាំភ្លើង​ធំ ដែល​បាន​ឈ្នះ​នៅ​ ២ ​ប្រកួត​បើក​ឆាក​នៃ​រដូវ​កាល​នេះ​។​​

ខណៈ​ក្រុម​មេឃខៀវ Manchester City តោខៀវ Chelsea បិសាច​ក្រហម Manchester United មាន់​ខ្នាយ​មាស Tottenham Hotspur ​ឥឡូវ​នេះ ក្រុម Arsenal សុទ្ធ​តែ​ជួប​បរាជ័យ​ដូច​គ្នា​អស់​ហើយ នៅ ៣ ប្រកួត​ដំបូង​សម្រាប់​រដូវកាល​ថ្មី ឯ​ Liverpool យក​បាន ៩ ​ពិន្ទុ​ពេញ ដែល​អាច​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​នៅ​តែ​ជា​ក្រុម​មាន​សិទ្ធិ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​ Premier League ​ទៀត​។

គ្រូបង្វឹក​របស់ Liverpool លោក Klopp ​និយាយ​ថា​៖ «ជាក់​ស្ដែង វា​ទើប​តែ​ដើម​រដូវកាល​ទេ តែ​​ទម្រង់​លេង​របស់​ក្រុម​ពេល​នេះ ប្រាកដ​ណាស់​អត់​សរសើរ​មិន​បាន។ តាំង​ពី​វិនាទី​ដំបូង យើង​បាន​គ្រប​សង្កត់​​ក្រុម​មួយ ដែល​កំពុង​ឡើង​ជើង។ យើង​ត្រូវ​តែ​​ប្រយ័ត្ន​ប្រយែង​​ចំពោះ​ខ្សែ​ប្រយុទ្ធ​ដ៏​គួរ​ឱ្យ​​ខ្លាច​របស់​ពួក​គេ​។ ការ​លេង​របស់​ក្រុម​យើង គឺ​ល្អ​​ណាស់​​។ និយាយ​ពី​ការ​ប្រកួត​យប់​នេះ អត់​មាន​ចំណុច​អាក្រក់​អ្វី​ដែល​​ត្រូវ​រិះគន់​ឡើយ​»​។

Arsenal លេង​តាម​​ផែនការ​នៃ​​ការ​ប្រកួត ដែល​ធ្វើ​ឱ្យ​​ពួក​គេ​មាន​ជ័យជម្នះ​ដល់​ទៅ​​ ២ ​លើក​លើ​ Liverpool កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ តែ​ការ​ប្រកួត​នេះ ពួក​គេ​ហាក់​គ្មាន​ទំនុក​ចិត្ត​សោះ​ ពេល​ត្រូវ​មាន​ការ​តាម​គាប​សង្កត់​ពី​កីឡាករ​នៃ​ក្រុម​ម្ចាស់​ផ្ទះ អំឡុង​ពេល​គ្រប់គ្រង​បាល់​ម្ដងៗ​។

វា​មិន​ដូច​ការ​ប្រកួត​ ដែល​ពួក​គេ​បាន​ជួប​គ្នា​នៅ​ចុង​រដូវកាល​នៃ​ក្របខ័ណ្ឌ Premier League ពេល​ក្រុម Liverpool ឈ្នះ​ពាន​រួច​ហើយ ឬ​ការ​ជួប​គ្នា​នៅ Community Shield កាល​ពី​ខែ​សីហា ​ឡើយ ដោយ​ពេល​នេះ ក្រុម​របស់​លោក​ Klopp មាន​ភាព​មុត​ស្រួច​ជាង​ឆ្ងាយ ដែល​ល្មម​អាច​ធ្វើ​​ឱ្យ​ក្រុម​របស់​លោក Mikel Arteta ​បាត់​ម្ចាស់​ការ​បាន​។

ដោយ​ឡែក​គ្រូ​បង្វឹក​របស់​ Arsenal លោក Arteta បាន​និយាយ​ថា​៖ «​ការ​លេង​នៅ​​ទឹក​ដី Anfield មិន​ស្រួល​ឡើយ​។ ជា​កន្លែង​ដ៏​តឹង​តែ​បំផុត​សម្រាប់​គ្រប់​ក្រុម ដែល​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ ព្រោះ​ពួក​គេ​បាន​រៀបចំ​នូវ​ស្ដង់ដា​នៃ​ការ​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​។ ពួក​គេ​មាន​អាវុធ​គ្រប់​ទាំង​អស់​។ ពួក​គេ​សហការ​គ្នា​បាន​យ៉ាង​ល្អ ៥ ​ឆ្នាំ​ហើយ​ តែ​ពួក​យើង​ទើប​ធ្វើ​បាន​ប៉ុន្មាន​ខែ​នេះ​ទេ​។​ នេះ​គឺ​ជា​ស្ដង់ដា​មួយ ដែល​ពួក​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​»​។​

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺ​លោក Klopp បាន​ផ្ដល់​ឱកាស​ឱ្យ Jota បញ្ចេញ​​សមត្ថភាព​នៅ ១០ ​នាទី​ចុង​ក្រោយ​ ហើយ​កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់​ភ្លាម​ៗ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ចំណាយ ៤១ ​លាន​ផោន ($​៥២ ​លាន​) ក្នុង​ការ​ទិញ​រូប​គេ​ពី​ក្រុម​រួម​លីក Wolves ប្រហែល​មិន​អសារ​បង់​ឡើយ​ ដោយ​ការ​ស៊ុត​បាល់​គ្រាប់​ជ័យជម្នះ​ចុង​ក្រោយ​ឲ្យ​ក្រុម​នៅ ២ ​នាទី មុន​ចប់​ការ​ប្រកួត​។

ក្រោយ​ចប់​ការ​ប្រកួត​ទី​ ៣ របស់​ខ្លួន ក្រុម Liverpool ឈរ​នៅ​លេខ ២ ដោយ​មាន ៩ ​ពិន្ទុ ស្មើ​ក្រុម​កំពូល​តារាង Leicester City តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​៕ AFP/VN