The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Klopp សរសើរ Messi ក្រោយ​ចាញ់ Barcelona

Klopp សរសើរ Messi ក្រោយ​ចាញ់ Barcelona

Content image - Phnom Penh Post
Messi (​ស្ដាំ​) ដណ្ដើម​បាល់​ជាមួយ Virgil ក្នុង​ការប្រកួត​ថ្មីៗ​នេះ​។ រូប AFP រូបថត សហការី

Klopp សរសើរ Messi ក្រោយ​ចាញ់ Barcelona

ក្រុងបាសេឡូណាៈ លោក Jurgen Klopp គ្រូបង្វឹក​ក្រុម Liverpool បាន​ទទួល​ស្គាល់​ថា ខ្សែប្រយុទ្ធ Lionel Messi គឺ​គ្មាន​កីឡាករ​ណា​អាច​រារាំង​គាត់​បាន​ទេ កាលពី​ថ្ងៃ​ពុធ​ក្រោយ​ពី​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ធ្វើឲ្យ​ក្រុម Liverpool បាត់បង់​ក្ដីសង្ឃឹម​ក្នុង​ការ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ក្របខ័ណ្ឌ Champions League​។

ក្នុង​ការប្រកួត​នេះ​ខ្សែប្រយុទ្ធ Luis Suarez បាន​បើក​ឆាក​រកបាន​​ ១ ​គ្រាប់​មុន​គេ​នៅ​នាទី​ទី​ ២៦ ហើយ​ ២ ​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Messi នៅ​នាទី​ទី​ ៧៥ ​និង​នាទី​ទី​ ៨២ ​ធ្វើឲ្យ​ឈ្នះ​ក្រុម Liverpool ៣-០ ក្នុង​ជើង​ទី​ ១ ​នេះ​មុន​ពេល​បន្ត​ការប្រកួត​នៅ​ជើង​ទី​ ២ ​ក្នុង​ទឹកដី ក្រុម Liverpool វិញ​ម្ដង​នៅ​កីឡដ្ឋាន Anfield នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​។

លោក Klopp បាន​និយាយ​ក្រោយពី​ការប្រកួត​នេះ​ថា​៖ «​គាត់​ (Messi) ​គឺ​គ្មាន​អ្នក​ណា​អាច​រារាំង​គាត់​បាន​ទេ​។ ជា​ការពិត​យើង​មិន​អាច​រារាំង​ការទាត់បាល់ Free-kick របស់​គាត់​បាន​ទេ​គឺ​ពិតជា​ល្អ​មែន​ ប៉ុន្តែ​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​ព្រោះ​ខ្ញុំ​បាន​ដឹង​រួច​ទៅ​ហើយ​ថា វា​នឹង​បែប​នេះ​ឯង ហើយ​គាត់​គឺជា​កីឡាករ​លំដាប់​ថ្នាក់​ពិភពលោក​ ១ ​រូប​»​។

លោក Jurgen Klopp អាច​ត្រឹម​តែ​ញញឹម​ប៉ុណ្ណោះ​ក្រោយពី​កីឡាករ Messi បាន​ស៊ុត​បាល់​កោង​ចូល​សំណាញ់​ទី​យ៉ាង​ល្អ​បំផុត​នៅ​កែង​របារ​ទី​ខាង​លើ ប៉ុន្តែ​លទ្ធផល​នេះ​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​លើ​ក្រុម​របស់​គាត់​។

ក្នុង​ការប្រកួត​នេះ​ក្រុម​ទាំង​ ២ ​មាន​ឱកាស​គ្រប់គ្រង​បាល់​ស្មើគ្នា​នៅ​តង់​ទី​ ១ ​ប៉ុន្តែ​ក្រុម Liverpool ហាក់​ដាក់​សម្ពាធ​ខ្លាំង​លើ​គូប្រជែង​នៅ​ដើមតង់​ទី​ ២ ​ប៉ុន្តែ​តែ​ដូចជា​គ្មាន​ឱកាស​ស៊ុត​ទាល់​តែ​សោះ​គឺ​មាន​តែម្ដង​គត់​ធ្វើ​ដោយ​ខ្សែប្រយុទ្ធ Mohamed Salah ប៉ុន្តែ​បាល់​បាន​ទៅ​បុក​បង្គោល​ទី​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​និយាយ​នឹង​កូនក្រុម​ខ្ញុំ​ថា ខ្ញុំ​ពេញចិត្ត​ទម្រង់​លេង​របស់​យើង​ជាមួយ​ក្រុម​ខ្លាំង​មួយ​បែប​នេះ​។ ប្រសិនបើ​អ្នកចាញ់​នៅ​ក្រៅ​ទឹកដី នោះ​វា​មិនមែន​ជា​បញ្ហា​ធំ​ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​តែ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ខាង​តែ​បាន​នោះ​ទេ​។ នោះ​ជា​បញ្ហា​របស់​យើង​នៅ​រាត្រី​នេះ ហើយ​វា​ធ្វើឲ្យ​ជីវិត​យើង​មិន​ងាយស្រួល​នោះទេ​»​។

ខ្សែប្រយុទ្ធ Messi និង Suarez តែងតែ​រក​គ្រាប់​បាល់​បាន​នៅ​គ្រប់​រដូវកាល​ទាំងអស់ ខណៈ​ពេល​នេះ​ខ្សែប្រយុទ្ធ Messi រកបាន​ ៤៧ ​គ្រាប់ ហើយ Suarez រក​បាន​ ២៧ ​គ្រាប់​នៅក្នុង​ការប្រកួត​សរុប​ទាំងអស់​»​។

ការតាម​យក​ឈ្នះ​វិញ​គឺ​កាន់តែ​លំបាក​ហើយ​សម្រាប់​ក្រុម​ហង្សក្រហម​ដោយ​ហេតុ​ថា​ក្រុម Barcelona ដែល​ទើប​លើក​ពាន​អេស្ប៉ាញ La Liga ថ្មីៗ​នេះ​នឹង​ឲ្យ​កីឡាករ​ល្អៗ​មួយ​ចំនួន​សម្រាក​ក្នុង​ការប្រកួត​ជាមួយ​ក្រុម Celta Vigo នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម Liverpool ត្រូវ​បន្ថែម​កម្លាំង​ដើម្បី​យក​ឈ្នះ​ក្រុម Newcastle នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដើម្បី​ដណ្ដើម​ឈរ​នៅ​លើ​កំពូល​តារាង​ជាមួយ​ក្រុម Man City នៃ​ក្របខ័ណ្ឌ Premier League​។

លោក Ernesto Valverde គ្រូបង្វឹក​ក្រុម Barcelona បាន​និយាយ​ថា​៖ «​ពួកគេ​នៅតែ​អាច​ធ្វើឲ្យ​យើង​រងគ្រោះ​នៅ​ឡើយ​។ ជា​ការពិត​លទ្ធផល​លើក​នេះ​ល្អ​ហើយ​​ ប៉ុន្តែ​ការលើក​ពាន​នៅ​បើកចំហ​នៅ​ឡើយ​ទេ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍