ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្តាលអាជីព Keller Williams Cambodia Cup រដូវកាលទី ៩ ឆ្នាំ ២០២០ (KW Cambodia Cup) បានសម្រេចបង្កើនប្រាក់រង្វាន់សម្រា់ក្រុមម្ចាស់ជើងឯកឡើងដល់ ៤០ លានរៀល ស្មើនឹង ១ ម៉ឺនដុល្លារ គឺកើនឡើងទ្វេដង បើធៀបទៅនឹងឆ្នាំមុន ហើយរូបមន្តនៃការប្រកួត ក៏ត្រូវបានកែប្រែ ដើម្បីស្របទៅតាមការចង់បានរបស់ក្រុមចូលរួមផងដែរ។
យ៉ាងណាក៏ដោយលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាស្ថាបនិកបង្កើតពានដ៏ធំមួយនេះ បានអះអាងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា ក្រុមដែលមានបំណងចង់ចូលរួមការប្រកួតរដូវកាលនេះ ត្រូវតែជាក្រុមដែលមានសមត្ថភាពខ្លាំងក្នុងការប្រកួតប្រជែង ដើម្បីឲ្យស័ក្តិសម ទៅនឹងប្រាក់រង្វាន់ ដែលមានការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ។
លោក គីម ហ៊ាង ដែលជាប្រធានក្រុមហ៊ុន Keller Williams Cambodia បានថ្លែងថា៖ «យើងមើលឃើញថា សម្ទុះនៃការចូលរួម គឺមានចំនួនច្រើន អ៊ីចឹងយើងនឹងមានការសម្រិតសម្រាំងយកតែក្រុម ដែលមានគុណភាពលេងល្អឲ្យចូលរួម ប៉ុន្តែក្រុមចាស់ធ្លាប់ចូលរួមលេង និងមានសមត្ថភាពល្អ យើងនឹងផ្តល់អាទិភាពឲ្យ ចំណែកក្រុម Top4 កាលពីរដូវកាលមុន យើងនឹងឲ្យចូលរួមដោយស្វ័យប្រវត្តិ ចំណែកក្រុមថ្មី គឺយើងនឹងឲ្យពួកគេធ្វើការប្រកួតជម្រុះ បើសិនជាចំនួនចូលរួមមានការលើស ព្រោះរដូវកាលនេះ យើងនឹងទទួលយកពី ១៦ ក្រុម ទៅ ២០ ក្រុមប៉ុណ្ណោះ»។
អ្នកនិយមចូលលេងកីឡាបាល់ទាត់លោក គីម ហ៊ាង បានបន្ថែមថា៖ «យើងមិនចង់ឲ្យអ្នកចូលរួមលេងច្រើនពេក តែមានកម្រិតលេងខុសគ្នាដាច់នោះទេ ព្រោះបទពិសោធរបស់យើង ក្រុមដែលចូលរួមប្រកួត ហើយស្ទើរសមត្ថភាព គឺគាត់បោះបង់ចោលការប្រកួតតែម្តង បន្ទាប់ពីគាត់ប្រកួតចាញ់ក្រុមផ្សេងៗច្រើនគ្រាប់ពេក ពី ៣ ទៅ ៤ ប្រកួតនោះ អ៊ីចឹងយើងត្រូវតែពង្រឹងការប្រកួត ព្រោះពានរង្វាន់យើងជាពានពាក់កណ្តាលអាជីព លក្ខណៈឯកជនដ៏ធំ ល្អ និងមានអាយុកាលយូរជាងគេនៅស្រុកខ្មែរ»។
ជាមួយការពង្រឹងបន្ថែមទៅលើគុណភាពលេងនេះ ព្រឹត្តិការណ៍ KW Cambodia Cup 2020 ដែលកាលពីឆ្នាំមុន មានឈ្មោះថា KW Cambodia League 2019 ហើយប្រើរូបមន្តប្រកួតវិលជុំ រួចកំណត់យកក្រុមលេខ ១ ដើម្បីលើកពាននោះ គឺបានកែប្រែយករូបមន្តប្រកួតជាលក្ខណៈជម្រុះតាមពូលវិញ (២ ពូល) រួចយកក្រុម Top 4 ឡើងទៅប្រកួតវគ្គខ្វែង ខណៈទីលាន KMH និងវេស្ទើន នឹងក្លាយជាទីកន្លែងប្រជែងរបស់ក្រុមចូលរួមទាំងអស់ ក្នុងរដូវកាលនេះ ហើយការប្រកួតនឹងត្រូវធ្វើឡើងតែរាល់ថ្ងៃអាទិត្យទេ ចំណែកថ្ងៃបើករដូវកាលថ្មី គ្រោងធ្វើនៅថ្ងៃទី ៩ ខែកុម្ភៈ។
បន្ថែមលើនេះ ការបង្កើនប្រាក់រង្វាន់ដល់ក្រុមលេខ ១ ពី ២០ លានរៀល កាលពីឆ្នាំមុន រហូតដល់ ៤០ លានរៀល (១ ម៉ឺនដុល្លារ) និងការផ្តល់ប្រាក់រង្វាន់ដល់ក្រុមលេខ ២ ចំនួន ២០ លានរៀល លេខ ៣ ចំនួន ១០ លាន ក្រុមលេខ ៤ ចំនួន ៥ លាន ក្រុម Fair play ២ លានរៀល ព្រមទាំងផ្តល់ជូនអ្នកទាត់បាល់បញ្ជូលទីច្រើនជាងគេ និងអ្នកចាំទីល្អជាងគេ ចំនួន ១០ ម៉ឺនរៀលដូចគ្នានោះ វានឹងសម្ទុះនៃការប្រកួតប្រជែងនៅរដូវកាលនេះ កាន់តែមានភាពស្វិតស្វាញខ្លាំង។
យ៉ាងណាក៏ដោយ លោក គីម ហ៊ាន ពិតជាចង់បានក្រុមយុវជនថ្នាលមកពីក្លិបអាជីពចូលរួមពាននេះឲ្យបានច្រើន។ លោកបានថ្លែងថា៖ «ពានយើងជាពានពាក់កណ្ដាលអាជីព អ៊ីចឹងលក្ខខណ្ឌមិនតឹងរ៉ឹងពេកទេ ព្រោះពេលយើងតឹងរ៉ឹងពេក ធ្វើឲ្យការប្រកួតប្រជែងមានកម្រិត អ៊ីចឹងដូចឆ្នាំមុនដែរ គឺកីឡាករបរទេសយើងបើកចំហ ១០០ ភាគរយ មានន័យថា មួយក្រុមមានបរទេសសុទ្ធក៏អាចលេងបាន ហើយចំពោះក្រុមថ្នាលទាំងក្នុងក្របខ័ណ្ឌ U18, U20 ឬ U22 របស់ក្លិបអាជីព ដែលចង់ចូលរួម គឺយើងឲ្យចូលរួម»។
លោកបណ្ឌិតបានបញ្ជាក់ថា៖ «កីឡាករ ដែលយើងហាមមានតែ ១ ករណីគត់ គឺកីឡាករអាជីពលេងនៅលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ និង២០២០ ដោយយើងកំណត់ ១ ក្រុមឲ្យមានតែ ២ នាក់ទេ ក្រៅពីនោះយើងមានការបើកចំហដើម្បីឲ្យមានក្រុមខ្លាំងប្រកួតប្រជែងគ្នាហើយមែនទែនទៅខ្ញុំចង់ឲ្យក្រុមថ្នាលរបស់ក្លិបអាជីព ដូចជាបឹងកេត ណាហ្គាវើល វិសាខា ភ្នំពេញក្រោន និងក្រសួងការពារជាតិជាដើម គឺបើគាត់បញ្ជូនឲ្យមកលេងទាំងក្រុមតែម្តងកាន់តែល្អ»។
ចំណែកលោកបណ្ឌិត ភូ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន KW Cambodia បានថ្លែងថា៖ «បើទោះបីជាក្រុមហ៊ុនរបស់យើង មិនទទួលបានផលចំណេញមកវិញ សម្រាប់ការចំណាយថវិកាច្រើន ក្នុងការឧបត្ថម្ភផ្ដាច់មុខដល់ព្រឹត្តិការណ៍នេះ ប៉ុន្តែ KW Cambodia មានរបៀបចាត់ចែងទៅលើសង្គម គ្រួសារ និងអាជីវកម្មរបស់យើង អ៊ីចឹងពានបាល់ទាត់នេះ ជាការងារសង្គមមួយដែរ ដោយយើងបានជួយជំរុញអ្នកដែលស្រឡាញ់បាល់ទាត់ឲ្យគាត់បំប្លែងខ្លួនបន្តិចម្តងៗ ទៅជាកីឡាករអាជីព ដែលអាចចូលទាត់នៅក្លិបធំៗ ឬក្រុមជម្រើសជាតិបាន ហេតុនេះទើបជាយើងបានពង្រីកការប្រកួតនេះ ឲ្យកាន់តែមានទ្រង់ទ្រាយធំឡើងៗបែបនេះ»។
គួរបញ្ជាក់ថា សម្រាប់ក្រុមដែលចង់ចូលរួមការប្រកួតនៅរដូវកាលនេះ គឺកំណត់ឲ្យបង់ថវិកាវិភាគទានដល់ពាន ១០០ ដុល្លារ បង់វិភាគទានទៅមន្ទីរពេទ្យគន្ធបុប្ផាចំនួន ១០០ ដុល្លារ និងថវិកាតម្កល់ទុកចំនួន ១០០ ដុល្លារទៀត៕