ភ្នំពេញ៖ ​ស្ថាបនិក​បង្កើត​ពាន​បាល់​ទាត់​ពាក់​កណ្តាល​អាជីព Keller Williams Cambodia League (KW Cambodia League) លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង​ ​បាន​បង្ហើប​ថា KW Cambodia League រដូវកាល ឆ្នាំ ​២០២១ នឹង​មាន​ការ​ប្រកួត​កាន់​តែ​ធំ និង​ពិសេស​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ ហើយ​រង្វាន់​អាច​នឹង​កើន​លើស​ពី ​១ ម៉ឺន​ដុល្លារ។

នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ពាន KW Cambodia League 2020 នៅ​កីឡដ្ឋាន KMH កាល​ពី​ព្រលប់​ថ្ងៃ​អាទិត្យ លោក​បណ្ឌិត​បាន​ចាត់​ទុក​ការ​ជម្នះ​​ការ​លំបាក​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ ដើម្បី​បញ្ចប់​ការ​ប្រកួត​នៅ​​រដូវកាល​នេះ​ថា ជា​ការ​បង្ហាញ​ផ្លូវ​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​ទ្រព្យ​ឱ្យ​ងាក​មក​ចូល​រួម​ជួយ​វិស័យ​បាល់​ទាត់​នៅ​ស្រុក​ខ្មែរ។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW​ Cambodia លោក​បណ្ឌិត គីម ហ៊ាង បាន​ថ្លែង​ថា៖ ​«ឆ្នាំ ​២០២០ នេះ​ជា​រដូវកាល​ទី​៩ ដែល​យើង​បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ពាន​រង្វាន់​​នេះ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ពិបាក​បំផុត ព្រោះ​មាន​វិបត្តិ​ជំងឺ​កូវីដ ​១៩ ដោយ​​យើង​ត្រូវ​ពន្យារ​ការ​ប្រកួត​ជិត​​ ​៤ ​ខែ ប៉ុន្តែ​​យើង​បាន​តស៊ូ​រហូត​ដល់​ចប់ គឺ​​យើង​បាន​បំពេញ​កាតព្វកិច្ច និង​ការងារ​ដោយ​ជោគជ័យ ហើយ​​​ជា​មោទនភាព​មួយ ដែល​យើង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​នៅ​ស្រុក​ខ្មែរ​បាន​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការ​បង្កើត​ពាន​បាល់​ទាត់​ក្នុង​រយៈពេល ​៩ ឆ្នាំ​មក​នេះ»។

លោក​បាន​បន្ត​ថា៖​ «​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ KW Cambodia ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា អ្វី​ដែល​យើង​បាន​ធ្វើ​នេះ គឺ​ជា​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ ហើយ​វា​អាច​ជា​ការ​បង្ហាញ​ផ្លូវ​មួយ​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ទៀត ដែល​មាន​សមត្ថភាព​ឱ្យ​ងាក​មក​ជួយ​វិស័យ​បាល់​ទាត់​ដែរ ព្រោះ​នៅ​ស្រុក​យើង​មិន​ខ្វះ​អ្នក​មាន​សមត្ថភាព និង​មិន​ខ្វះ​ក្រុមហ៊ុន​ធំៗ​នោះ​ទេ អ៊ីចឹង​ពួក​គាត់​អាច​ចូល​រួម​អភិវឌ្ឍ​បាល់ទាត់​តាម​ស្ថានភាព​ជាក់​ស្តែង»។

តាមរយៈ​ការ​​ប្រកួត​ប្រជែង​ពាន​រង្វាន់ KW Cambodia League 2020 នេះ ក្រុម​ចំណូល​ថ្មី TN Kandal FC បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក (ពាន​ធំ) អម​ជាមួយ​ប្រាក់​រង្វាន់​ចំនួន ​១ ម៉ឺន​ដុល្លារ ឬ ​៤០ លាន​រៀល។ រីឯ​ក្រុម Khmer United បាន​យក​ឈ្នះ​ក្រុម Avatar ២-១ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ដើម្បី​ឈ្នះ​ពាន​តូច KW Cambodia Cup 2020 អម​ដោយ​​ប្រាក់​រង្វាន់​ ​២០ លាន​រៀល ហើយ Avatar បាន​ប្រាក់ ​១០ ​លាន​រៀល។

ចំណែក​អតីត​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ISI DSC FC បាន​ត្រឹម​លេខ ​៣ ក្រោយ​ពេល​ពួក​គេ​​ឈ្នះ​ក្រុម Riel Phnom Penh ៤-១​ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ ISI បាន​ប្រាក់ ៥ លាន​រៀល​រៀល ខណៈ​ក្រុម Riel បាន ​៣ លាន​រៀល ឯ​​ក្រុម​តាំងគោក បាន​ជាប់​ជា​ក្រុម​មាន​វិន័យ​ល្អ ដោយ​បាន​ ២ លាន​រៀល ហើយ​អ្នក​ចាំទី​ យឿង សុផានិត របស់​ Khmer United បាន​ជាប់​ឈ្មោះ​ជា​អ្នក​ចាំទី​ល្អ ហើយ​ខ្សែ​ប្រយុទ្ធ រ៉ាហ្វីអ៊ែល ក្វាតូ បាន​ឈ្នះ​ពាន​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ ដោយ​អ្នក​ទាំង ​២ ​នេះ ទទួល​បាន​ប្រាក់​រង្វាន់ ​១ លាន​រៀល​ដូច​គ្នា។

ចំពោះ​គម្រោង​​ការ​ប្រកួត​នៅ​រដូវកាល​ក្រោយ លោក​បណ្ឌិត គីម ហ៊ាង បាន​និយាយ​ថា៖​ «​រដូវកាល​ ឆ្នាំ ​២០២១ គឺ​ជា​​គម្រប់ ​១០ ​ឆ្នាំ ដែល​យើង​បាន​បង្កើត​ឱ្យ​មាន​ពាន​រង្វាន់​នេះ​ឡើង អ៊ីចឹង​យើង​នឹង​ធ្វើ​អ្វី​ដែល​ពិសេស ដែល​យើង​មិន​ធ្លាប់​បាន​ធ្វើ​សម្រាប់​រយៈពេល ​៩ ​ឆ្នាំ​កន្លង​មក​នេះ ហើយ​អ្វី​ដែល​ពិសេស​នេះ ខ្ញុំ​សូម​រក្សា​ទុក​សិន គឺ​ចាំ​ដល់​ពេល​យើង​ប្រកាស​ពី​ការ​ចាប់​ផ្តើម​រដូវកាល ឆ្នាំ ២០២១ នៅ​ក្នុង​ខែ​កុម្ភៈ នោះ​បងប្អូន​នឹង​បាន​ដឹង​ថា ពី​ភាព​ពិសេស​របស់​ពាន​រង្វាន់ KW Cambodia League ប្រចាំ​នៅ​ស្រុក​ខ្មែរ»។

ទោះ​ជា​យ៉ាង​ណា​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត លោក ​គីម ហ៊ាង បាន​បង្ហើប​ថា សម្រាប់​ការ​ប្រកួត​រដូវកាល ឆ្នាំ ​២០២១ នឹង​សម្រិត​សម្រាំង​យក​តែ​ក្រុម​ខ្លាំងៗ កម្រិត​ពាក់​កណ្តាល​អាជីព​ឱ្យ​ចូលរួម ហើយ​ប្រាក់​រង្វាន់​អាច​នឹង​កើន​លើស​ពី ​១ ម៉ឺន​ដុល្លារ ឯ​ការ​ចំណាយ​ក៏​នឹង​មាន​ការ​កើន​ឡើង​ដែរ ខណៈ​ឆ្នាំ​នេះ​ក្រុមហ៊ុន KW Cambodia បាន​ចំណាយ​ចូល ​៣៧ ០០០ ដុល្លារ សម្រាប់​ការ​រៀបចំ​ពាន​ពាក់​កណ្តាល​អាជីព​មួយ​នេះ៕