ក្រុង​ម៉ាឌ្រីដ: ក្រប​ខ័ណ្ឌ La Liga របស់​ប្រទេស​អេស្ប៉ាញបាន​ឲ្យ​ដឹង​ថា​​ ខ្លួន​នឹង​ឈាន​ដល់​នីតិ​វិធី​ផ្លូវ​ច្បាប់ពី​​បទឧក្រិដ្ឋ​​ចំពោះ​អ្នក​រត់​ចូល​ទី​លាន អំឡុង​ការ​ប្រកួត​រវាង​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona (Barca) ទល់​នឹង Real Mallorca កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ ដែល​ទង្វើ​នោះ​គួរ​តែ​ត្រូវ​ជាប់​ពន្ធនាគារ។​

ហេតុ​ការណ៍​នោះ បាន​កើតមាន​នៅ​​នាទី​ទី​ ៥២ ក្នុង​ការ​ប្រកួត ​ដែល​ក្រុម Barca មាន​ជ័យ​ជម្នះ ៤-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Mallorca នៅឯ​កីឡដ្ឋាន Son Moix បុរស​ម្នាក់​ពាក់​អាវ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន ដោយ​មាន​ឈ្មោះ​កីឡាករ Lionel Messi នៅ​ខាង​ក្រោយ បាន​រត់​ចូល​ទី​លាន ហើយ​បង្ហាញ​រូប​ថត​មួយ​សន្លឹក​នៅ​លើ​ទូរ​ស័ព្ទ​ររបស់​ខ្លួន​ឈរ​ក្បែរ​ខ្សែ​ការ​ពារ​ Jordi Alba​។ ​អ្នកគាំ​ទ្រ​រូប​នោះ មិន​ពាក់​ទាំង​ម៉ាស់ និង​ស្រោម​ដៃ ហើយ​ត្រូវ​បាន​ដេញ​តាម មុន​នឹង​ត្រូវ​ចាប់​ ហើយ​នាំ​ចេញ​ទៅ​ ដោយ​សន្តិសុខ​។​

ក្រប​ខ័ណ្ឌ La Liga បាន​ដាក់​ចេញ​យ៉ាង​តឹង​រ៉ឹង​នូវ​គោល​ការណ៍​វេជ្ជសាស្រ្ត​សម្រាប់​ការ​ប្រកួត ដែល​បាន​ចាប់​ផ្តើម​ឡើង​វិញ​ ក្នុង​លីក​កំពូល កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ជា​មួយ​នឹង​ជ័យ​ជម្នះ​ ២-០ របស់​ក្រុម​ម្ចាស់​ផ្ទះ​ Sevilla លើ​ក្រុម Real Betis ដោយ​មាន​មនុស្ស​មិន​ដល់​ ៣០០ នាក់​នោះ​ទេ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន ហើយ​ការ​​ប្រកួត​ ត្រូវ​លេង​ដោយ​បិទទ្វា​រ។

សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ខាង​លីកបាន​ឲ្យ​ដឹង​ថា៖ «La Liga នឹង​ធ្វើ​ការ​ប្ដឹង​ពី​បទ​​ឧក្រិដ្ឋ​​ចំពោះ​អ្នក ដែល​បាន​រត់​ចូល​ទី​លាន​ដោយ​គ្មាន​ការ​អនុញ្ញាត និងបាន​បំពាន​គោល​ការណ៍ ដែលបាន​បង្កើត​ឡើង​ក្នុង​​ច្បាប់​សុខ​ភាព​បច្ចុប្បន្ន​នេះ និងព្រម​ទាំង​​មិន​គោរព​តាម​បទ​បញ្ជា​របស់​បុគ្គលិកសន្តិ​សុខ​ឯក​ជន​​។ ទង្វើ​របស់​គេ បង្កើត​នូវ​ទោស​ឧក្រិដ្ឋ​»​។

សេចក្ដី​ប្រកាស​នោះ បាន​បន្ថែម​ថា​៖ «La Liga ចង់​បង្ហាញ​ការ​ថ្កោល​ទោស​ដាច់​ខាត​របស់​ខ្លួន​​ចំពោះ​អាកប្ប​កិរិយា​បែប​នេះ ដែល​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ដទៃ និង​ភាព​ស្អាត​ស្អំ​​នៃ​ការ​ប្រកួត​»​៕ AFP/VN