ក្រុង​ម៉ា្រឌីដ៖ ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស ​អេស្ប៉ាញ​ La Liga បាន​និយាយ​ពី​ថ្ងៃ​អាទិត្យ​ថា ក្របខ័ណ្ឌ​​នេះ​បាន​ផ្ដួចផ្ដើម​​នីតិវិធី​ទោស​ព្រហ្មទណ្ឌ​​ប្រឆាំង​ក្រុម​អ្នក​គាំទ្រ​ណា​ដែល​ត្រូវ​បាន​គេ​និយាយ​ថា បាន​បៀតបៀន​ជាតិ​សាសន៍​ចំពោះ​កីឡាករ​ Inaki Williams នៅ​ក្លិប Athletic Bilbao ក្នុង​ការ​ប្រកួត​នៅ​ទឹក​ដី​ក្រុម Espanyol កាល​ពី​ចុង​សប្ដាហ៍​មុន​​។​

កីឡាករ​ Williams បាន​និយាយ​ថា ​រូប​គាត់​គឺ​ជា​ជន​រងគ្រោះ​ដោយសារ​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​ស្មើ​គ្នា​ ១-១ របស់ក្លិប​ Bilbao ​នៅ​កីឡដ្ឋាន​ RCDE កាល​ពី​ថ្ងៃ​សៅរ៍​។​

របាយការណ៍​របស់​ក្របខ័ណ្ឌ​​នេះ​បាន​និយាយ​ថា៖ «​La Liga សូម​ធ្វើ​ការ​ច្រាន​ចោល​ និង​​ថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា​​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​ម្សិលមិញ​»។​

របាយការណ៍​ដដែល​នេះ​បាន​បន្ថែម​ថា៖ «​យើង​ដឹង​ថា​ វិធាន​ការណ៍​ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​មាន​ភាពល្អ​​ប្រសើរ​ ​ប៉ុន្តែ​នៅ​ពេល​ពួក​គេ​បាន​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នូវ​ការ​ប្រមាថ​​ហិង្សា​​ និង​អាកប្បកិរិយា​ទាំង​​នៅ​ក្នុង​ និង​ក្រៅ​កីឡដ្ឋាន​បាល់ទាត់​ ពួក​គេ​នៅ​តែ​រងគ្រោះ​ដោយសារ​ទង្វើ​នេះ​ដដែល​​។ នេះ​បើ​យោង​តាម​ភ័ស្ដុតាង​កាល​ពី​ម្សិលមិញ​»​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា៖ «​La Liga បាន​ផ្តួច​ផ្តើម​នីតិវិធី​មួយ ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​គាំទ្រ​ដែល​បាន​ប្រមាថ​​កីឡាករ​​ Inaki Williams ក្នុង​គោល​បំណង​ផ្តួច​ផ្តើម​នីតិវិធី​ព្រហ្មទណ្ឌ​សម្រាប់​ទោស​​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​»​។

ក្របខ័ណ្ឌ La Liga បាន​និយាយ​ថា ក្របខ័ណ្ឌ​នេះ​ក៏​នឹង​អនុវត្ត​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​​លក់​សំបុត្រ​ និង​រាយការណ៍​ពី​ឥរិយាបថ​បែប​​ហិង្សា​ ប្រកាន់​ពូជសាសន៍ និង​​ស្អប់​ខ្ពើម​​​ប្រាប់​ទៅ ​គណៈកម្មការ​ប្រឆាំង​អំពើ​ហិង្សា ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​ដែល​ពាក់ព័ន្ធ​អាច​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​តាមរយៈ​ការ​​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន​បាល់ទាត់​»​។

ស្ថាប័ន RFEF ក៏​បាន​ថ្កោល​ទោស​​ទៅ​លើ​ការ​ស្រែក​រើសអើង​ជាតិ​សាសន៍​ចំពោះ​កីឡាករ​ Williams នេះ​ផង​ដែរ​។​

ស្ថាប័ន RFEF បាន​និយាយ​ថា៖ «​RFEF ​បាន​ចាត់​ទុក​​ឥវិយាបថ​រើសអើង​ដែល​បង្ក​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​កីឡដ្ឋាន​របស់​ក្លិប​​ RCD Espanyol ដោយ​មនុស្ស​មួយ​ចំនួន​តូច​ដែល​គាំទ្រ​ក្រុម​ RCD Espanyol នោះ​ថា​ គឺ​មិន​ពាក់ព័ន្ធ​នឹង​​អ្នក​ចូល​ទស្សនា​ទាំង​អស់​នោះ​ទេ​ និង​​​ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​យ៉ាង​ខ្លាំង​»។​

ទន្ទឹម​នោះ​ដែរ​ អាជ្ញា​កណ្ដាល ​លោក Jose Sanchez មិន​បាន​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​ជាតិ​សាសន៍​នេះ​ទេ​។​​

ការ​ប្រកួត​ក៏​បាន​បន្ត​ផង​ដែរ ​គឺ​ខុស​ពី​ការ​ប្រកួត​ពី​ខែ​ធ្នូ​​ ​ដែល​ពេល​នោះ​​ការ​ប្រកួត​កម្រិត​ទី ២ ​នៅ​ប្រទេស ​អេស្ប៉ាញ ​​រវាង​ក្រុម​ Rayo Vallecano និង​ក្រុម​ Albacete ត្រូវ​បាន​ផ្អាក​ដោយ​មាន​ការ​ព្រមព្រៀង​ពី​ក្រុម​ទាំង ​២ ​និង​ក្របខ័ណ្ឌ​ La Liga។​

អ្នក​គាំទ្រ​ក្លិប Rayo មួយ​ចំនួន​បាន​ស្រែក​ថា «​Zozulya គឺ​ជា​ណាហ្ស៊ី​»​ នៅ​តង់​ទី ​១ ​ចំពោះ​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន​ Roman Zozulya នៅ​ក្លិប Albacete ដែល​ពី​មុន​ធ្លាប់​លេង​នៅ​ក្រុម Rayo ផង​ដែរ​។​

របាយការណ៍​របស់​ស្ថាប័ន RFEF បាន​បន្ថែម​ថា៖ «​ក្នុង​អំឡុង​ពេល​ប្រកួត​នោះ ​គឺ​គ្មាន​អាជ្ញា​កណ្ដាល​ឬ​ជំនួយ​ការ​ណា​មួយ​​បាន​សង្កេត​ឃើញ​មាន​បញ្ហា​​ពាក់ព័ន្ធ​នឹង​ទង្វើ​នេះ​ទេ​»។​

ស្ថាប័ន​នេះ​បាន​បន្ថែម​​ទៀត​ថា៖ «ដើម្បី​ឲ្យ​ស្រប​តាម​វិធានការ​ណា​មួយ​​នោះ​ ជា​ដំបូង​គឺ​ត្រូវ​ដឹង​ច្បាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ ហើយ​នេះ​គឺ​មិន​មែន​ជា​ករណី​នោះ​ទេ​»៕ AFP/SN