ក្រុងបាសេឡូណា: នាយករដ្ឋមន្ត្រី​ប្រទេស​អេស្ប៉ាញ លោក Pedro Sanchez បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា ក្របខ័ណ្ឌ La Liga អាច​ចាប់ផ្ដើម​ឡើងវិញ​ពី​ថ្ងៃ​ទី​ ៨ ខែ​មិថុនា តទៅ​។

លោក Sanchez បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា​៖ «​ការចាប់ផ្ដើម​ឡើងវិញ​នៃ​ការប្រកួត​ប្រជែង​កីឡា​អាជីព​សំខាន់ៗ ពិសេស​ក្របខ័ណ្ឌ La Liga នឹង​ទទួលបាន​ការអនុញ្ញាត​ឲ្យ​រៀបចំ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ៨ ខែ​មិថុនា តទៅ​»​។

នៅមុន​ហ្នឹង​ប្រធាន La Liga លោក Javier Tebas បាន​និយាយថា កាលបរិច្ឆេទ​ល្អ​បំផុត​សម្រាប់​ការចាប់ផ្ដើម​ឡើងវិញ​គឺ​ថ្ងៃ​សុក្រ ទី​ ១២ ខែមិថុនា ហើយ​ដល់​ពេល​មាន​ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​បែប​នេះ បានន័យ​ថា គម្រោង​របស់លោក​ប្រធាន​រូបនេះ​ទទួល​បាន​ការអនុញ្ញាត​ពី​សំណាក់​រដ្ឋាភិបាល​ហើយ​។

លោក Tebas បាន​សរសេរ​នៅលើ​គណនី Twitter របស់​លោក​ថា​៖ «​យើង​រីករាយ​ណាស់​ជាមួយ​នឹង​ការសម្រេច​នេះ​។ វា​គឺជា​លទ្ធផល​ដ៏អស្ចារ្យ​ដែល​ក្លិប កីឡាករ គ្រូបង្វឹក ប្រឹងប្រែង​រួមគ្នា​ធ្វើ​។ ប៉ុន្តែ​ទោះបី​ជា​មាន​ការអនុញ្ញាត​នេះ​ក៏ដោយ ក៏​យើង​ត្រូវតែ​ដឹងថា រឿង​សំខាន់​បំផុត​គឺ​ធ្វើតាម​នីតិវិធី​សុខភាព និង​យកចិត្ត​ទុកដាក់​ដើរ​តាម​គោលការណ៍​ណែនាំ​នានា ពីព្រោះ​យើង​មិន​អាច​បន្ធូរបន្ថយ​ការការពារ​ខ្លួន​របស់​យើង​បាន​ជា​ដាច់ខាត​»​។

រយៈពេល​ជាង ២ ​ខែ​ហើយ ក្រោយ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​រដូវកាល​បាល់ទាត់​នៅ​អេស្ប៉ាញ​ត្រូវ​បាន​ផ្អាក ទើបតែ​ពេលនេះ​ឃើញ​កីឡាករ​នៃ​ក្លិប​នីមួយៗ​បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ជា​ក្រុម​តូចៗ​ឡើងវិញ ដើម្បី​ត្រៀមខ្លួន​តាម​ដែល​អាច​សម្រាប់​គម្រោង​ចាប់ផ្ដើម​ការប្រកួតប្រជែង​នៅ​ខែ​ក្រោយ​។

មុនពេល​រដូវកាល​ត្រូវបាន​បញ្ឈប់ ក្រុម​អ្នកមាន​បុណ្យ Barcelona គឺជា​ក្រុម​ដែល​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន ៥៨ ​ពិន្ទុ​ក្រោយ​ការប្រកួត​បញ្ចប់ទៅ ២៧ ​សប្ដាហ៍ ខណៈ​ក្រុម​គូប្រជែង​ស្លាប់​រស់​អធិរាជស Real Madrid នៅ​ចំណាត់ថ្នាក់​ទី​ ២ តាម​ពីក្រោយ​តែ ២ ​ពិន្ទុ​ប៉ុណ្ណោះ ហើយ​គម្រោង​របស់​ថ្នាក់ដឹកនាំ​លីក​ចង់​បញ្ចប់ ១១ ​ប្រកួត​ដែល​នៅសល់​ត្រឹម​ចុងខែ​កក្កដា​។

បើតាម​ព័ត៌មាន​រហៀងៗ ការប្រកួត​ក្នុង​ជំនួប​ក្រុម​នៅ​តំបន់ Andalusian ជាមួយគ្នា គឺ Real Betis និង Sevilla ទំនង​ជា​គូ​ដំបូង​គេ​ពេល​ចាប់ផ្ដើម​រដូវកាល​ឡើងវិញ​នេះ ហើយ​ជាមួយ​គ្នា​នេះ​ក្រុម​ទាំងអស់​នឹង​ប្រឈម​ជាមួយនឹង​ពេលវេលា​ប្រកួត​ញឹក​ជាង​ធម្មតា​ពោល​គឺ ២ ​ដង​ក្នុង​ ១ ​សប្ដាហ៍ ពាក់កណ្ដាល​សប្ដាហ៍​ម្ដង និង​ចុង​សប្ដាហ៍​ម្ដង ខណៈ​មនុស្ស​តែ​ជាង ១៩៧ ​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ប្រកួត​បិទទ្វារ​នេះ​។

បើ​យោងតាម​នីតិវិធី​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ La Liga កីឡាករ​ទាំងអស់​ក៏​នឹងត្រូវ​ធ្វើតេស្ត​រកមើល​វីរុស​កូរ៉ូណា ១ ​ថ្ងៃ​មុន​ការប្រកួត ហើយនឹង​ត្រូវ​ធ្វើការ​វាស់​កម្ដៅ​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​កីឡដ្ឋាន​។

ពាក់ព័ន្ធ​នឹង​ការ​ដំណើរ​ឡើងវិញ​នេះ​ប្រធាន​ក្រុម Barcelona គឺ​ខ្សែប្រយុទ្ធ Lionel Messi បាន​និយាយ​ទៅ​កាសែត Mundo Deportivo កាលពី​ដើមខែ​នេះ​ថា​៖ «​នៅពេល​អ្នក​ចាកចេញ​ពី​ផ្ទះ ហានិភ័យ​ក៏​មាន​រួចទៅហើយ​។ ដូច្នេះ​ខ្ញុំ​គិតថា អ្នក​មិនអាច​គិតពី​វា​ច្រើនពេក​ទេ ព្រោះ​បើ​មិន​អ៊ីចឹង​ទេ អ្នកនឹង​មិន​ចង់​ចេញ​ទៅណា​ទាំងអស់​»​។

មុន​មាន​សេចក្ដី​ប្រកាស​ពី​សំណាក់​នាយករដ្ឋមន្ត្រី​នេះ ក្របខ័ណ្ឌ La Liga បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ហ្វឹកហាត់​ដែល​តម្រូវ​ឲ្យ​កីឡាករ​ចាប់ផ្ដើម​ហាត់​ក្នុង​លក្ខណៈ​ឯកត្តជន​នៅ​ថ្ងៃទី​ ៤ ខែ​ឧសភា ហើយ​បន្ទាប់មក​អាចអនុវត្ត​ជា​ក្រុម ដោយមាន​គ្នា​រហូតដល់ ១០ ​នាក់​បាន​កាលពី​សប្ដាហ៍​កន្លងទៅ​។

ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​អេស្ប៉ាញ​ត្រូវ​បាន​ប្រកាស​ផ្អាក​កាលពី​ថ្ងៃទី​ ១២ ខែមីនា ពោលគឺ​ក្នុង​ថ្ងៃ​តែមួយ​នឹង​ក្រុម Real Madrid ដែល​ត្រូវ​បានដាក់​ឲ្យ​នៅ​ដោយឡែក ក្រោយ​មាន​កីឡាករ​បាល់បោះ​អាជីព​ម្នាក់​របស់​ក្លិប​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​វីរុស​នេះ​៕ VN