ក្រុងឡុងដ៍ៈ គ្រូបង្វឹកក្លិប Chelsea លោក Frank Lampard បានទទួលស្គាល់ថា ការហត់នឿយគឺជាកត្តាមួយធ្វើឲ្យ Chelsea ស្មើគ្នា Leicester ១-១ ប៉ុន្តែគាត់បានទាមទារឲ្យកូនក្រុមបង្ហាញពី «ទម្រង់លេង» ថែមទៀត ខណៈការរង់ចាំឈ្នះជាលើកដំបូងនៅតែបន្ត។
នៅក្នុងការប្រកួតនេះ ក្រុមរបស់លោក Lampard បាននាំមុខ ១ គ្រាប់មុន ដែលរកបានដោយកីឡាករ Mason Mount ប៉ុន្តែWilfred Ndidi រកបាន ១ គ្រាប់វិញឲ្យក្លិប Leicester នៅនាទីទី៦៧ ធ្វើឲ្យក្រុមទាំង ២ បានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុ ជាមួយការស្មើគ្នា ១-១។
លោក Lampard បាននិយាយថា លទ្ធផលនេះគឺជាផ្នែកមួយនៃបញ្ហាដែល Chelsea បានបាក់ទឹកចិត្តក្រោយពីចាញ់ការស៊ុតបាល់ប៉េណាល់ទីរបស់ក្រុម Liverpool នៅក្នុងការប្រកួត Super Cup កាលពីថ្ងៃពុធ។
ទន្ទឹមនេះដែរ ក្រុមតោខៀវក៏មានការអស់កម្លាំងក្រោយពីបានធ្វើដំណើរផ្លូវឆ្ងាយត្រឡប់មកពីទីក្រុង Istanbul វិញផងដែរ ហើយលោក Lampard មិនសប្បាយចិត្តចំពោះទម្រង់លេងដែលកូនក្រុមមិនអាចរកបាន ១ គ្រាប់ទៀត ពេលពួកគេមានប្រៀបលើ Leicester។
លោក Lampard បាននិយាយថា៖ «រយៈពេល ២៥ នាទីដំបូង គឺយើងលេងបានល្អ ប៉ុន្តែនៅរយៈពេលផ្សេងទៀតគឺយើងធ្វើមិនបានល្អទេដោយយើងបានទុកកន្លែងឲ្យមានចំហច្រើនពេក ហើយខ្ញុំខកចិត្តបំផុតដែលយើងមិនអាចដណ្ដើមបានជ័យជម្នះនៅក្នុងការប្រកួតដែលយើងមានសក្ដានុពលនេះ»។
គ្រូបង្វឹករូបនេះបន្ថែមថា៖ «ខ្ញុំមិនរំពឹងឲ្យអ្នកត្រូវចាប់ផ្ដើមរក្សា និងគ្រប់បាល់គ្រប់ពេលវេលាសម្រាប់ចម្ងាយ ១០០ ម៉ាយ ក្នុង ១ ម៉ោងនោះទេ ប៉ុន្តែយើងត្រូវទប់បាល់ឲ្យបានល្អនៅយើងគ្រប់គ្រងបាល់បានហើយ»។
លោកបន្តថា៖ «យើងត្រូវមានទម្រង់លេងល្អថែមទៀត ដូចយើងបានឃើញហើយនៅពាក់កណ្ដាលសប្ដាហ៍នេះ ប៉ុន្តែថ្ងៃនេះយើងមិនបានធ្វើបែបនោះទាល់តែសោះ។ ខ្ញុំស្អប់ការយកលេសហត់នឿយ ប៉ុន្តែវាជាការពិត ដូចអ្នកឃើញនៅក្នុងតង់ទី២ ហើយ គឺខ្ញុំមានអារម្មណ៍ថា កូនក្រុមខ្ញុំដូចជាអស់កម្លាំងខ្លាំងណាស់»។
គ្រូបង្វឹកដដែលនេះបានពោលទៀតថា៖ «ប្រសិនបើនោះ គឺជាការពិត យើងអាចព្យាយាមគ្រប់គ្រងបាល់ឲ្យបានល្អដោយមិនចាំបាច់រត់ច្រើនពេកនោះទេ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «មានការគ្រប់គ្រងការប្រកួតជាច្រើន គឺយើងត្រូវគ្រប់គ្រងឲ្យកាន់តែខ្លាំងដែលយើងអាចរៀនសូត្រជាក់ស្ដែងពីការប្រកួតនៅថ្ងៃនេះតែម្ដង»។
លោក Lampard កំពុងសម្លឹងមើលការឈ្នះការប្រកួតជាលើកដំបូងរបស់គាត់នៅពេលក្រុម Chelsea ធ្វើដំណើរទៅប្រកួតជាមួយក្លិប Norwich នៅចុងសប្ដាហ៍នេះ។
ប៉ុន្តែជាមួយបទពិសោធទើបតែបាន ១ ឆ្នាំ ជាគ្រូបង្វឹកនៅក្រុម Derby ពីរដូវកាលមុននោះ លោក Frank Lampard ដឹងថា រូបលោកកំពុងប្រឈមនឹងបទពិសោធលើកដំបូងដ៏ពិបាកយ៉ាងខ្លាំងជាមួយក្រុម Chelsea៕ AFP/SN