ក្រុងឡុងដ៍ៈ គ្រូបង្វឹក​ក្លិប​តោខៀវ Chelsea គឺ​លោក Frank Lampard និយាយ​ថា លោក​អាច​នាំ​ជ័យជម្នះ​ឲ្យ​កីឡដ្ឋាន Stanford Bridge នៃ​ក្លិប​តោខៀវ​នៅ​រដូវកាល​នេះ ទោះ​ជាប់​បម្រាម​ដោះដូរ​កីឡាករ​ក៏ដោយ​។

ក្លិប​តោខៀវ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចុះ​ឈ្មោះ​កីឡាករ​ថ្មី​សម្រាប់​ឱកាស​ដោះដូរ​កីឡាករ​ ២ ​លើក​ក្រោយពី​សហព័ន្ធ FIFA បាន​រកឃើញ​ពួកគេ​មាន​កំហុស​នៃ​ការបំពាន​បទបញ្ជា​ដែល​ពាក់ព័ន្ធ​នឹង​ការចុះ​កុងត្រា​កីឡាករ​ក្រោម​អាយុ​​ ១៨ ​ឆ្នាំ​។

ក្លិប Chelsea បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​បម្រាម​នេះ​ទៅ​តុលាការ​មជ្ឈត្តិកម្ម​សម្រាប់​កីឡា (CAS) ដោយ​បដិសេធ​ពី​កំហុស​របស់​ខ្លួន​។

លោក Lampard ដែល​បាន​កាន់តំណែង​ជំនួស​លោក Maurizio Sarri នៅ​ចុង​រដូវកាល​ឆ្នាំ​ ២០១៨-១៩​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ពុះពារ​ដើម្បី​កេរ្តិ៍ឈ្មោះ​នៅក្នុង​អាណត្តិ​ដំបូង​របស់​គាត់ ប៉ុន្តែ​កំពុង​ប្រឈមមុខ​នឹង​គុណវិបត្តិ​ភ្លាមៗ ខណៈ​កីឡាករ Eden Hazard បាន​ចាកចេញ​ទៅ​ចូលរួម​នឹង​ក្លិប Real Madrid និង​ការ​គ្មាន​សិទ្ធិ​ទិញ​កីឡាករ​ថ្មី​។

ទោះ​ជា​យ៉ាងណា អតីត​ខ្សែប្រយុទ្ធ​រូបនេះ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ចំពោះ​កូនក្រុម​របស់​គាត់​ដែល​មាន​សមត្ថភាព​រួច​ទៅ​ហើយ​នោះ​។

លោក Lampard បាន​និយាយ​នៅ​មុន​ពេល​ក្លិប​របស់​លោក​នឹង​ធ្វើការ​ប្រកួត​មុន​រដូវកាល​ជាមួយ​ក្លិប Kawasaki Frontale ក្នុង​ទីក្រុង Yokohama ប្រទេស​ជប៉ុន​ថា​៖ «​ខ្ញុំ​បាន​ឃើញ​ក្លិប Chelsea មាន​ឱកាស​ច្រើន​កាលពី​ឆ្នាំ​មុន​ក្រោម​ការដឹកនាំ​របស់​លោក Maurizio Sarri»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​ពាក់ព័ន្ធ​នឹង​រដូវកាល​ដែល​ទើប​បញ្ចប់​ទៅនេះ​គឺថា​ការឈ្នះ​ពាន Europa League និង​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League គឺជា​រដូវកាល​ជោគជ័យ​មួយ ប៉ុន្តែ​ចំពោះ​ខ្ញុំ​នេះ​មិន​ត្រូវ​មើល​ទៅ​ក្រោយ​នោះ​ទេ​»​។

លោក Lampard បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​ស្គាល់​ក្លិប​នេះ​ច្បាស់​ណាស់ និង​ស្គាល់​កីឡាករ​ច្បាស់​ណាស់​។ ខ្ញុំ​មាន​វិធី​របស់​ខ្ញុំ​ដែល​ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​កីឡាករ​ទាំង​នេះ ហើយ​ខ្ញុំ​ត្រូវ​និយាយ​ក្នុង ១ ​សប្ដាហ៍​ដែល​យើង​បាន​និង​កំពុង​ហ្វឹកហាត់​។ ខ្ញុំ​សប្បាយចិត្ត​បំផុត​ជាមួយ​ទម្រង់​លេង និង​សមត្ថភាព​របស់​ពួកគេ​។ ការងារ​របស់​ខ្ញុំ​ឥឡូវនេះ​គឺ​ត្រូវ​ខំប្រឹង​ធ្វើការ​នៅមុន​រដូវកាល​ជាមួយ​ពួកគាត់​ទាំងអស់​នេះ​»​។

គ្រូបង្វឹក​វ័យ​ ៤១ ​ឆ្នាំ​រូបនេះ​បាន​បន្ត​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ឲ្យ​កូនក្រុម​ខ្ញុំ​លេង​ឲ្យ​អស់​កម្លាំងកាយ​ចិត្ត​នៅក្នុង​ការប្រកួត​ព្រោះ​ខ្ញុំ​ចង់​នាំយក​ជ័យជម្នះ​មក​វិញ​ឲ្យ​បាន​ឆាប់​តាមតែ​យើង​អាច​ធ្វើ​បាន​។ នៅពេល​យើង​បាន​បាល់ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​លេង​បាល់​ឲ្យ​បាន​លឿន​ និង​បង្កើត​ឱកាស​ដើម្បី​ឈ្នះ​ការប្រកួត ហើយ​មាន​អារម្មណ៍​ដូចជា​យើង​កំពុង​លេង​បាល់ទាត់​ដែល​យើង​ចូលចិត្ត​អ៊ីចឹង​»​។

គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​គិតថា ខ្ញុំ​បាន​ទទួល​កេរដំណែល​កីឡាករ​ល្អៗ​ជាច្រើន ខណៈ​ខ្ញុំ​ដឹង​ហើយ​ថា យើង​មិន​អាច​នាំយក​កីឡាករ​ថ្មីៗ​បាន​ទេ​នៅ​ឆ្នាំនេះ ប៉ុន្តែ​ខ្ញុំ​មិន​ចាំបាច់​មាន​កីឡាករ​ថ្មី​ទៀត​ក៏បាន​ដែរ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​នៅ​ជាមួយ​ក្លិប​នេះ និង​ប្ដេជ្ញាចិត្ត​ចំពោះ​យើង​ថា​នឹង​នាំ​យក​ជោគជ័យ​ឲ្យ​បាន​»​។

លោក Lampard បាន​បញ្ជាក់​ពី​ថ្ងៃ​អង្គារ​ថា​កីឡាករ Ethan Ampadu មិន​បាន​រួមដំណើរ​ជាមួយ​ក្លិប​តោខៀវ​ទៅ​ប្រទេស​ជប៉ុន​ទេ​ព្រោះ​រូបគេ​គ្រោង​នឹង​ចូលរួម​ជាមួយ​ក្លិប​ផ្សេង​ទៀត​សម្រាប់​រដូវកាល​ថ្មី​នៅពេល​ខាង​មុខ​នេះ​។

ទោះ​យ៉ាង​ណា​គ្រូបង្វឹក​វ័យ​ ៤១ ឆ្នាំ​រូបនេះ​ត្រៀម​ខ្លួន​នឹង​ត្រឡប់​ទៅ​រក​កីឡាករ​កំពុង​សិក្សា​មួយ​ចំនួន និង​ផ្ដល់​ឱកាស​ពួកគេ​សម្រាប់​ជម្រើស​ក្រុម​ទី​​ ១ ​របស់​ក្លិប Chelsea​។

គ្រូបង្វឹក​លោក Lampard បាន​បញ្ជាក់​ថា​៖ «​គ្រប់​គ្នា​ដឹងថា ខ្ញុំ​មាន​ភ្នែក​មុត​ចំពោះ​កីឡាករ​វ័យក្មេង​ដែល​កំពុង​សិក្សា​នៅ​ក្លិប​របស់​យើង​។ យើង​មាន​សិស្ស ១ ​ក្រុម​ដែល​ត្រៀមខ្លួន​ចូលរួម​នឹង​ជម្រើស​ដំបូង ហើយ​ឥឡូវ​ពួកគេ​ត្រូវ​តែ​កែប្រែ​ស្ថានការណ៍​នេះ​ព្រោះ​ពួកគេ​គឺជា​អ្នកលេង​បាន​ល្អ​ល្មម​នឹង​ចូលរួម​ក្នុង​ជម្រើស​ក្រុម​ទី ​១»៕ SN